រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង និង​មនុស្ស​៣​នាក់​ផ្សេង​ទៀត​ត្រូវ​រង​របួស​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ​បើក​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ចង្កូត​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ឥណ្ឌា រួច​ជ្រុល​បុក​ធ្លាយ​ចូល​ក្នុង​សាលា​យក​បាត្រ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុងភូមិ​ព្រែក​ធំ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ បង្ក​ការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​១៧​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែ​មិថុន​នេះ ។

ក្មេង​ប្រុស​រង​គ្រោះ​មានឈ្មោះ ស្រេង បញ្ញា អាយុ​០៩​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ភូមិ​ព្រែក​ធំ​២ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ ។ ចំណែក​តៃកុង​រថយន្ត​បង្ក​មានឈ្មោះ វ៉ា វ៉ា​ន់​នី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ភូមិ​កំពង់​ភ្នំ ឃុំ​កំពង់ ស្រុក​លើក​ដែក ខេត្តកណ្តាល ។

យោង​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ស​ង្គេ​ត​ឃើញ​រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​ទំនិញ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3D-1691 បើកបរ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​ជ្រុល​ល្បឿន​ទៅ​បុក​ពី​ចំហៀង​រ៉ឺ​ម៉ក​កង់​បី​ឥណ្ឌា​មួយ​គ្រឿង​ដែល​កំពុង​ជិះ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្តាល​អោយ​ដួល​ក្រឡាប់​រង​របួស​ស្ត្រី​២​នាក់ ដែល​កំពុង​ជិះ​លើ​រ៉ឺ​ម៉ក​នោះ ។

ភ្លាម​ៗ​នោះ​រថយន្ត​នៅ​មិន​ទាន់​អស់​ល្បឿន​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ក្មេង​ប្រុស​តូច​ៗ២​នាក់​ទៀត​ដែល​កំពុង​ជិះ​កង់​ដោយ​មិនដឹង​ខ្លួន បណ្តាល​អោយ​ក្មេង​ប្រុស​ម្នាក់​ត្រូវ​ស្លាប់ និង​ម្នាក់​ទៀត​រង​របួស ហើយ​រថយន្ត​ក៏​ជ្រុល​បុក​ធ្លាយ​ចូល​ទៅ​ក្នុង​សាលា​យក​បាត្រ បណ្តាល​អោយ​គៀប​ជាប់​នឹង​ជ​ញ្ចាំ​ង​សាលា​មិន​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត​បាន​តែ​ម្តង​ទៅ ។

ក្រោក​ពី​កើតហេតុ​កម្លាំង​នគរបាល​មូលដ្ឋាន​សហការ​ជាមួយ​ជំនាញ​ចុះ​អន្តរាគមន៍​វាស់វែង​អូស​យក​ទាំង​រថយន្ត​បង្ក និង​ម៉ូតូ​រ៉ឺ​ម៉ក និង​កង​របស់​ក្មេង​ប្រុស​រង​គ្រោះ​ទាំង​២​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ។ ក្នុង​នោះ​តៃកុង​រថយន្ត​បង្ក​ត្រូវ​បាន​ឃាត់ខ្លួន​ទៅ​ជាមួយ​ផង​ដែរ ។ ចំណែក​សព​ក្មេង​ប្រុស​រង​គ្រោះ​ត្រូវ​ប្រគល់​ជូន​ក្រុម​គ្រួសារ​សាច់ញាតិ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ។

សូម​បញ្ជាក់​ថា ជុំវិញ​ករណី​គ្រោះ​ខាងលើ​នេះ​ដោយ​មើលឃើញ​នូវ​ការ​លំបាក និង​ការ​ខ្វះខាត​របស់​ក្រុម​គ្រួសារ​នៃ​សព​កុមា​រា ដែល​ស្លាប់​ខាងលើ​លោក ចេ​ង មុនី​រ៉ា អភិបាល​ខណ្ឌ​ច្បារ​អំពៅ​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ក្នុង​ការ​រៀបចំ​នូវ​ពិធី​បុណ្យសព​ទាំងស្រុង​ជូន​តែ​ម្តង ដោយ​បាន​ចាត់តាំង​ក្រុមការងារ​ជា​ច្រើន​នាក់​ដឹកនាំ​ដោយ​លោក​រស់ សុភ​ក្ត អភិបាលរង​ខណ្ឌ​ចុះ​ទៅ​ដល់​ផ្ទះ​សព​ទាំង​យប់​តែ​ម្តង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]