ខេត្តបាត់ដំបង ៖ ត្រាក់ទ័រម៉ាកហ្វ័ត១គ្រឿង បានដាច់ជា២កំណាត់ រីឯអ្នកបើកបរគ្រាន់តែរងរបួសស្រាល ដោយសារបើកភ្ជួរដី ចម្ការកិនចំគ្រាប់មីនតោន កាលពីវេលាថ្ងៃត្រង់ថ្ងៃទី១៣ កុម្ភៈ ២០១៣ នៅក្នុងភូមិសាស្ត្រភូមិអូរត្រាវជួ ឃុំសេរីមានជ័យ ស្រុកសំពៅលូន ដែលគេសន្និដ្ឋានថា ជាគ្រាប់កប់ក្នុងដីសេសសល់តាំងពីអំឡុងសម័យសង្គ្រាម ។

លោកឈិត សេង នាយផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាន ស្រុកសំពៅលូនបានប្រាប់ថា ត្រាក់ទ័រដែលភ្ជួរដីចម្ការជាន់មីនតោននោះម៉ាកហ្វ័ត បើកបរដោយបុរសម្នាក់ឈ្មោះលីន អាយុ២៨ឆ្នាំ ។ លោកបញ្ជាក់ថា ត្រាក់ទ័រនោះ បានដាច់២កំណាត់ ខណៈអ្នកបើកបរខ្ទាតចេញពីត្រាក់ទ័រដោយសារកម្លាំងខ្យល់ ប៉ុន្តែគ្រាន់តែរងរបួសស្រាល ពេលបើកកិនគ្រាប់មីនចំកង់ខាងក្រោយ ។ លោកឈិត សេង បានបន្ថែមថា តាមការពិនិត្យលើភូមិសាស្ត្រតំបន់នោះ គឺជាដីវាលរហោឋានគ្មានព្រៃទេ តែពោរពេញដោយដំណាំកសិកម្មរបស់ប្រជាកសិករ ។ លោកថា កន្លែងដែលផ្ទុះគ្រាប់មីននោះ គឺជាដីដែលម្ចាស់ធ្លាប់ភ្ជួរដាំដុះរាល់ឆ្នាំ តែកាលពីមុនក៏ធ្លាប់មានផ្ទុះ ហើយក្រុមកម្ចាត់មីន «ស៊ីម៉ាក់» ក៏ធ្លាប់ចូលទៅដោះបានគ្រាប់មីននៅទីនោះដែរ តែមិនដឹងយ៉ាងម៉េចស្រាប់តែនៅមានគ្រាប់មីនផ្ទុះទៀត ដែលទំនងគ្រាប់មីននេះត្រូវគេកប់ជ្រៅ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]