ម៉ាឡេស៊ី៖ នៅស្រុកគេ សិស្សក្បាលខូចពិតជាស្រួលគេចសាលាណាស់ ជាពិសេសនៅក្នុងសាកលវិទ្យាល័យ ឱ្យតែមាននរណាម្នាក់ពូកែបន្លំចុះហត្ថលេខានោះ ពួកគេអាចគេចសាលាបានទាំងមានវត្តមាននៅក្នុងថ្នាក់យ៉ាងស្រួល។

ប៉ុន្តែ ព្រោះតែហេតុផលមួយនេះហើយ បានធ្វើឱ្យអ្នកគ្រូម្នាក់បែកគំនិត ក៏បង្កើតកម្មវិធីចាប់មុខដើម្បីកំណត់វត្តមានសិស្សដោយស្វ័យប្រវត្តិយកតែម្តង។

រូបតំណាង

យោងតាមប្រភពបានឱ្យដឹងថា អ្នកគ្រូ Noradila Nordin នៅក្នុងសាកលវិទ្យាល័យ Universiti Utara Malaysia (UUM) បានបង្កើតកម្មវិធីពិសេសមួយ ដែលអាចមានសមត្ថភាព ចាប់យក តាមដាន កំណត់វត្តមានរបស់សិស្ស នៅពេលពួកគេដើរចូលក្នុងថ្នាក់រៀន ហើយការធ្វើបែបនេះពិតជាចំណេញទាំងពេលវេលា ចំណេញទាំងក្រដាស ហើយក៏ការពារអ្នកបន្លំចុះហត្ថលេខាឱ្យគ្នាផងដែរ។

អ្នកគ្រូ Noradila បាននិយាយថា ប្រព័ន្ធ Smart Attendance System មិនត្រឹមតែអាចការពារសិស្សក្បាលខូចគេចសាលាបាននោះទេ ប៉ុន្តែវាថែមទាំងអាចជួយសន្សំក្រដាសបានថែមទៀត។

បច្ចុប្បន្ននេះ កម្មវិធីពិសេសនេះកំពុងតែស្ថិតនៅក្នុងដំណាក់កាលសាកល្បង ប៉ុន្តែអ្នកគ្រូ Noradila ជឿជាក់ថា អ្នកគ្រូអាចអភិវឌ្ឍន៍កម្មវិធីនេះបានពេញលេញជាមួយការជួយរបស់សិស្សគាត់។

គួរឱ្យដឹងផងដែរថា អ្នកគ្រូ Noradila និងសិស្សរបស់គាត់ Nurul Husna Mohd Fauzi បានទទួលមេដាយប្រាក់នៅក្នុងកម្មវិធីស្រាវជ្រាវច្នៃប្រឌិតថ្មីឆ្នាំ២០១៩ ព្រោះពួកគេបានបង្កើតប្រ័ពន្ធ Smart Attendance System នេះ៕

អ្នកគ្រូ Noradila និងសិស្សរបស់គាត់ Nurul Husna Mohd Fauzi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]