អ្នកម្តាយដែលមានកូនខ្ចី ឬទារកទើបនឹងកើតរហូតដល់ជាង១ឆ្នាំ ប្រហែលជាធ្លាប់ជួបអាការៈភ្ញាក់កន្រ្ទាក់របស់កូនតូចជាញឹកញាប់ ក្នុងខណៈដែលកូនតូចកំពុងគេងលក់ខ្លះមិនខាន បើធ្លាប់ឆ្លងកាត់បទពិសោធន៍ធ្វើជាអ្នកម្តាយរួចមកហើយនោះ ក៏ប្រហែលជាមានវិធីកែខៃខ្លះហើយ តែបើសម្រាប់អ្នកម្តាយថ្មោងថ្មីវិញ អាចនឹងកើតក្តីវិតក្កកង្វល់ថា តើមានរឿងអ្វីកើតឡើងចំពោះកូនតូច និងតើអាចបង្កជាគ្រោះថ្នាក់ដល់កូនសម្លាញ់ដែរ ឬទេ?

អាការៈភ្ញាក់កន្រ្ទាក់ៗ គឺជាប្រតិកម្មតបស្នងមកវិញដោយស្វ័យប្រវត្តិ (Reflex) របស់ទារក ជារឿងប្រក្រតីធម្មតាទេ ហើយអាការៈនេះនឹងបាត់ទៅវិញ នៅពេលក្មេងធំឡើងជារឿយៗ ចំណែកមូលហេតុខាងក្រៅផ្សេងទៀត ដែលធ្វើឱ្យទារកភ្ញាក់កន្រ្ទាក់ ឬភ្ញាក់ភ័យនោះមានបច្ច័យ ២ យ៉ាងគឺ៖

១ – ភាពរហ័សចំពោះសម្លេង

ដោយសារតែទារកមានរន្ធត្រចៀកតូចជាងមនុស្សធំនោះ ធ្វើឱ្យរហ័សចំពោះសម្លេងខ្លាំងជាង ដោយសម្លេងដែលទារកបានឮនោះគឺ -១០ ទៅដល់ ១៤០ ដេស៊ីបេល ដែលខុសប្លែកពីមនុស្សទូទៅ ដែលបានឮសម្លេងក្នុងចន្លោះ ០ – ១២០ ដេស៊ីបេល ធ្វើឱ្យទារកភ្ញាក់កន្រ្ទាក់បានយ៉ាងងាយ ទោះជាមានសម្លេងត្រឹមតែស្រាលៗក៏ដោយ។

វិធីកែបញ្ហានេះ គឺបើកបទភ្លេងឱ្យឮរហ៊ឹមៗតិចៗ ជាពិសេសបទភ្លេងដែលធ្លាប់បានឮខណៈនៅក្នុងគភ៌ ឬបង្ហើបទ្វាបន្ទប់បន្តិចដើម្បីឱ្យបានឮសម្លេងឪពុកម្តាយជជែកគ្នា សម្លេងធ្វើកិច្ចការងារប្រចាំថ្ងៃរបស់ក្រុមគ្រួសារ និងសម្លេងបរិស្ថានជុំវិញផ្ទះ តែមិនគួរឮខ្លាំងពេកទេ ព្រោះនឹងមានគ្រោះថ្នាក់ដល់ប្រព័ន្ធការចម្រើនធំធាត់របស់ត្រចៀក និងខួរក្បាលរបស់កូនតូច។

២ – ភ្ញាក់កន្រ្ទាក់ដោយសារការយល់សប្តិ

អ្នកម្តាយនឹងសង្កេតឃើញថា ត្របកភ្នែករបស់ទារកនឹងញ័រខណៈពេលគេងលក់ នោះក៏ព្រោះតែទារកកំពុងតបស្នងនឹងអ្វីដែលកំពុងយល់សប្តិ តែក្មេងតូចនឹងគ្មានការយល់សប្តិអាក្រក់នោះទេ នឹងមានត្រឹមតែឃើញរូបភាពគាំងៗប៉ុណ្ណោះ ដោយនឹងយល់សប្តិច្រើនបំផុតក្នុង ២ សប្តាហ៍ដំបូង ហើយនឹងថយចុះជាបណ្តើរៗនៅពេលធំឡើងរហូតក្រោយអាយុ ៣ ឆ្នាំទើបយល់សប្តិដូចមនុស្សធំ។ ខណៈពេលដែលទារកយល់សប្តិខួរក្បាលរបស់គេនឹងធ្វើការ កោសិកាខួរក្បាលមានការតភ្ជាប់គ្នាជាប់ជានិច្ច និងមានចំណែកសំខាន់ណាស់សម្រាប់វិវឌ្ឍនាការផ្នែកការគិត។

វិធីកែខៃនៅពេលទារកភ្ញាក់កន្រ្ទាក់ ឬភ្ញាក់ភ័យ៖

– យកក្រណាត់រុំខ្លួន ព្រោះនឹងធ្វើឱ្យទារកមានអារម្មណ៍ថាកក់ក្តៅដូចនៅក្នុងគភ៌ម្តាយ តែគួរជ្រើសរើសក្រណាត់ឱ្យស័ក្តិសមនឹងសភាពធាតុអាកាសដែលជាប្រទេសក្តៅរបស់ស្រុកយើងផង បើនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ចូរប្រើក្រណាត់រុំខ្លួនបែបធម្មតាទូទៅ ឬកន្សែងពោះគោក៏បាន។
– ដាក់ក្មេងឱ្យគេងផ្កាប់ វិធីនេះប្រើបានផលល្អស្ទើរតែ ១០០% តែស័ក្តិសមជាមួយទារកដែល ក ចាប់ផ្តើមរឹង ឬមានទម្ងន់ខ្លួនប្រមាណ ៣,៥០០ – ៤,០០០ ក្រាមប៉ុណ្ណោះ ដែលអាយុម្នាក់ៗអាចនឹងខុសប្លែកពីគ្នា ហើយពូកគេងគួរតែរាបស្មើ តែទន់ល្មម មិនគួរជាពូកដែលទន់ខ្លាំងរហូតលេចខ្លួនដែលអាចធ្វើឱ្យក្មេងពិបាកដកដង្ហើមនោះទេ។
– យកក្រណាត់រាងក្រាស់បន្តិចមកបត់ច្រើនជាន់ឱ្យប៉ុនបាតជើងមនុស្សធំ រួចយកទៅដាក់លើដើមទ្រូងរបស់ទារកខណៈពេលគេងលក់ អាចនឹងជួយកាត់បន្ថយអាការភ្ញាក់កន្រ្ទាក់បាន។
– ដាក់ឱ្យគេងផ្អៀង ស័ក្តិសមជាមួយទារកទើបនឹងកើត ឬទារកដែលមានទម្ងន់ខ្លួនតិចជាង ៣,៥០០ ក្រាម អាស្រ័យលើភាពរឹងប៉ឹងមាំមួនរបស់ទារកម្នាក់ៗ និងគួរដាក់ខ្នើយទប់ខ្នងរបស់ក្មេងផង។

លោកឪពុកអ្នកម្តាយទាំងឡាយសាកល្បងពិចារណាមើលទៅថា តើវិធីណាស័ក្តិសម និងមានសុវត្ថិភាពបំផុតសម្រាប់កូនតូចរបស់លោកអ្នក៕

អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]