អ៊ីតាលី៖ កីឡាករ Kalidou Koulibaly បានទម្លាយប្រាប់រឿងដ៏ហួសចិត្តមួយសម្រាប់លោក កាលដែលលោក Maurizio Sarri នៅដឹកនាំ Napoli ដែលកាលណោះលោក Sarri បានកោះហៅរូបគេមកចូលរួមក្នុងបញ្ជីឈ្មោះកីឡាករត្រៀមប្រកួត ទាំងដែលប្រពន្ធរបស់គេទើបតែសម្រាលកូន ប៉ុន្តែបែរជាដាក់ឱ្យគេស្ថិតនៅកៅអីបម្រុងទៅវិញ។

កីឡាករ Kalidou Koulibaly
លោក Maurizio Sarri

Koulibaly បានរម្លឹករៀបរាប់អំពីរឿងហេតុនាពេលនោះថា កាលពីខែមករា ឆ្នាំ ២០១៦ កំឡុងពេលហ្វឹកហាត់ និងវិភាគវីដេអូប្រកួតដែលពន្យល់ដោយលោក Sarri មុននឹងការប្រកួតទល់នឹង Sassuolo គ្រានោះដែរ ប្រពន្ធរបស់ខ្លួនគឺនាង Charline បានទូរស័ព្ទមកប្រាប់ថា នាងកំពុងត្រៀមនឹងសម្រាលកូនហើយ។ ពេលនោះដែរ Koulibaly មានការខ្លាចរអារចំពោះលោក Sarri និងមិនហ៊ានលើកទូរស័ព្ទនិយាយឡើយ។ Koulibaly ក៏បានបន្ថែមថា ពេលនោះប្រពន្ធរបស់គេ បានទូរស័ព្ទមក ៥ ទៅ ៦ ដងឯណោះ តែដោយសារខ្លាចលោក Sarri ធ្វើឱ្យគេមិនចង់ទទួលទូរស័ព្ទឡើយ។

ខ្សែការពារសញ្ជាតិសេណេហ្កាល់រូបនេះបន្តប្រាប់ថា៖ “ដោយទ្រាំមិនបាន ខ្ញុំក៏រត់ចេញមកក្រៅដើម្បីទទួលទូរស័ព្ទ ហើយប្រពន្ធរបស់ខ្ញុំនាងបានប្រាប់ឱ្យខ្ញុំត្រូវតែទៅជួបនាង ដោយសារតែកូនប្រុសរបស់ខ្ញុំជិតកើតហើយ”។ Koulibaly បានបន្តថា៖ “ពេលនោះខ្ញុំបានចូលទៅជួបលោក Sarri និងបាននិយាយប្រាប់ថា ខ្ញុំពិតជាត្រូវទៅមែន ប៉ុន្តែដំបូងឡើយលោក Sarri បានបដិសេធដោយគាត់ប្រាប់ថា គាត់ពិតជាត្រូវការខ្ញុំខ្លាំងណាស់សម្រាប់ការប្រកួតនេះ (ទល់នឹង Sassuolo)។ ប៉ុន្តែខ្ញុំបានប្រាប់គាត់ថា ខ្ញុំមិនអាចនៅបានទេ មិនខ្វល់ថាលោកចង់ពិន័យ ចង់ព្យួរ ឬធ្វើយ៉ាងម៉េចឡើយ។ Sarri បានជក់បារីជាច្រើន ហើយចុងក្រោយគាត់ក៏បានយល់ព្រម ប៉ុន្តែបានតម្រូវឱ្យខ្ញុំត្រឡប់មកវិញសម្រាប់ការប្រកួតនាយប់នោះ”។ យ៉ាងណាមិញ Koulibaly ក៏បានត្រឡប់មកមន្ទីរពេទ្យទាន់ពេលដែលភរិយាគេសម្រាលបានកូនប្រុសម្នាក់ ដែលពេលនោះដែរ ខ្សែការពាររូបនេះបានចាត់ទុកថា នោះជាថ្ងៃដែលរីករាយបំផុតក្នុងជីវិត។ 

កីឡាករ Kalidou Koulibaly និងកូនប្រុស រួមទាំងលោក Sarri
កូនប្រុសរបស់ Koulibaly

យ៉ាងណាក្តី Koulibaly បានបន្តថា៖ “នៅថ្ងៃដដែលនោះ លោក Sarri បានទូរស័ព្ទមកខ្ញុំនៅម៉ោង ៤ ហើយបាននិយាយអង្វរខ្ញុំថា គាត់ពិតជាត្រូវការខ្ញុំខ្លាំងណាស់សម្រាប់ប្រកួតនោះ។ ប៉ុន្តែរឿងហួសចិត្តបំផុតនោះគឺ ពេលដែលខ្ញុំទៅដល់កីឡដ្ឋាន និងបានត្រៀមលក្ខណៈសម្រាប់ការប្រកួតរួចរាល់ ខ្ញុំបែរជាមិនឃើញមានឈ្មោះរបស់ខ្ញុំក្នុងបញ្ជី ១១នាក់ដំបូងទៅវិញ។ ពិតណាស់! Sarri គាត់ដាក់ខ្ញុំក្នុងបញ្ជីបម្រុង ហើយគាត់ប្រាប់ថានេះជាសិទ្ធិរបស់គាត់”។ យ៉ាងណាក្តី Koulibaly ក៏បានបង្ហាញខ្លួន ២២នាទីចុងក្រោយផងដែរ ខណៈដែលការប្រកួតនោះ Napoli បានយកឈ្នះ Sassuolo ៣-១៕

ចុះចំណែកប្រិយមិត្តវិញ! យល់យ៉ាងណាដែរចំពោះរឿងនេះ?? 

កីឡាករ Kalidou Koulibaly និងលោក Maurizio Sarri
លោក Maurizio Sarri

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]