ឥណ្ឌូនេស៊ី៖ ទារកម្នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ីបានល្បីឈ្មោះពេញអ៊ីនធើណេត ព្រោះតែរូបគេមានឈ្មោះចម្លែកមួយ ដែលឪពុកម្តាយគេដាក់ឱ្យ ដោយគ្មានត្រកូលអ្វីទាល់តែសោះ ពោលគឺមានឈ្មោះតែមួយម៉ាត់គឺ «Google»

យោងតាមសម្តីរបស់លោក Andi Cahya Saputra ដែលជាឪពុករបស់ទារកនេះបានប្រាប់ក្រុមសារព័ត៌មានឥណ្ឌូនេស៊ីថា ដំបូងឡើយគាត់ក៏មានបំណងចង់ដាក់ឈ្មោះកូនថា Albar Dirgantara Putra ខណៈពេលប្រពន្ធលោកពពោះ៧ខែ។ ប៉ុន្តែចុងក្រោយគាត់ក៏បានផ្លាស់ប្តូរគំនិតដោយដាក់ឈ្មោះកូនដូចទៅនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមមាន Windows, iPhone, Microsoft, iOS ហើយចុងក្រោយគាត់ក៏សម្រេចចិត្តដាក់ឈ្មោះកូនថា Google យកតែម្តង។

Google

យ៉ាងណាមិញ ដំបូងឡើយប្រពន្ធរបស់លោកមិនពេញចិត្តឈ្មោះបែបនេះទេ ប៉ុន្តែចុងក្រោយនាងក៏យល់ព្រមដាក់ឈ្មោះកូនថា Google តាមប្តីរបស់នាង។

បន្ថែមពីនេះទៀត អ្នកស្រី Ella Karin ដែលជាម្តាយ Google បានប្រាប់ក្រុមសារព័ត៌មានថា នៅក្នុងរយៈពេល៣ខែដំបូង គាត់ពិតជាខ្មាសគេខ្លាំងណាស់។ ដូច្នេះគាត់មិនហ៊ានហៅឈ្មោះកូននោះទេ ពោលគឺគាត់ហៅតែ baby boy (កូនសម្លាញ់)តែប៉ុណ្ណោះ ប៉ុន្តែយូរៗទៅគាត់ក៏ចូលចិត្តឈ្មោះ Google នេះ ហើយគាត់ក៏សង្ឃឹមថា កូនរបស់គាត់ពេលធំឡើងនឹងក្លាយទៅជាអ្នកដឹកនាំមនុស្សជាច្រើន ប្រៀបដូចជាក្រុមហ៊ុនយក្ស Google អីចឹង។

នៅពេលមានគេសួរលោក Andi ថាហេតុអ្វីក៏មិនដាក់ត្រកូលឱ្យកូនអីចឹង។ គាត់ក៏ឆ្លើយតបវិញថា បើដាក់ទៅវាមិនពិសេសនោះទេ។

ម្តាយ Google
សំបុត្រកំណើត Google

លើសពីនេះទៀត លោក Andi បាននិយាយថា មូលហេតុដែលគាត់ដាក់ឈ្មោះកូនថា Google ព្រោះតែឈ្មោះនេះមានអត្ថន័យខ្លាំង ដោយ Google បានជួយមនុស្សជាច្រើន និងមានប្រយោជន៍ដល់មនុស្សជាច្រើនលើលោក។ បន្ថែមពីនេះទៀត Google ក៏ជាគេហទំព័រលេខមួយដែលមនុស្សម្នាឧស្សាហ៍ប្រើប្រាស់ជាងគេលើលោកផងដែរ។ ដូច្នេះលោកសង្ឃឹមថា នៅពេលកូនរបស់លោកធំឡើង គេនឹងអាចមានប្រយោជន៍ ចេះជួយគេច្រើនដូចទៅនឹង Google ដែរ។

ដោយឡែក អ្នកស្រី Ella ក៏បាននិយាយថា ក៏មានមនុស្សមួយចំនួននិយាយលេងសើចពាក់ព័ន្ធទៅនឹងការដាក់ឈ្មោះកូនប្រុសរបស់គាត់ផងដែរ ដោយពួកគេនិយាយថាចុះប្រសិនបើមានកូនម្នាក់ទៀត តើត្រូវដាក់ឈ្មោះ «WhatsApp» មែន?

ប៉ុន្តែអ្នកស្រីបានប្រាប់ពួកគេថា ឈ្មោះនេះមានអត្ថន័យពិសេស គ្រាន់តែពួកគេមិនយល់តែប៉ុណ្ណោះ៕

ម្តាយ Google
ឪពុក Google
គ្រួសារ Google
គ្រួសារ Google
គ្រួសារ Google
គ្រួសារ Google

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]