ជប៉ុន៖ ជាការពិតណាស់ សម្ផស្សគឺជារឿងមួយដ៏សំខាន់បំផុត ដែលមិនថាតែមិត្តៗសុភាពនារី ឬសុភាពបុរសនោះទេ តែងតែគិតគូរយកចិត្តទុកដាក់ រកគ្រប់វិធីសាស្រ្តកែខៃខ្លួនឯង ដើម្បីទទួលបាននូវភាពស្រស់ស្អាត និងភាពទាក់ទាញក្នុងក្រសែភ្នែកអ្នកដទៃ ពិសេសក៏ដើម្បីបំពេញនូវអ្វីដែលខ្លួនចង់បានផងដែរ។

ជាក់ស្តែង កាលពីថ្មីៗនេះ អតីតតារាម៉ូដែលស្រីជនជាតិជប៉ុនវ័យ ៣៩ឆ្នាំម្នាក់ ក៏បានបើកទម្លាយពីខ្លួនឯង ជុំវិញនឹងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ក្រោយធ្លាប់ឆ្លងកាត់ការវះកាត់កែសម្ផស្សមិនចេះតិចដង ដោយសារតែ អន់ចិត្តភាពមិនស្អាតពីកំណើតរបស់ខ្លួន និងជាពិសេសនោះ រងការស្តីបន្ទោសយ៉ាងខ្លាំងពីម្តាយខ្លួន។

រូបភាព៖ នាង Tsubaki Tomomi ពីមុន និងបច្ចុប្បន្ន

តាមរយៈការឆ្លើយឆ្លងកិច្ចសម្ភាសន៍ ជាមួយនឹងប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយ តារាម៉ូដែលស្រី នាង Tsubaki Tomomi បានរៀបរាប់ឲ្យដឹងថា ក្នុងរយៈពេល ២១ឆ្នាំចុងក្រោយមកនេះ នាងបានឆ្លងកាត់ការវះកាត់កែសម្ផស្សដល់ទៅជាង ៣០០ដងឯណោះ ខណៈបើគិតជាសាច់ប្រាក់ចំណាយអស់ខ្ទង់ ៣០លានយ៉េន ឬប្រហែល ២៨០,០០០ដុល្លារអាមេរិក។

Tsubaki បានចាប់ផ្តើមកែសម្ផស្សលើកដំបូង គឺនៅអាយុ១៨ឆ្នាំ បន្ទាប់ពីនាងបានបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ។ ឈានចូលដល់វ័យ ២០ឆ្នាំ នាងបានកែធ្មេញ ទម្រង់ភ្នែក និងការវះកាត់ពង្រីកដើមទ្រូង។ ក្រោយមក ក៏មានការវះកាត់កែសម្ផស្សទៅលើផ្នែកផ្សេងៗទៀត ផ្ទៃមុខ និងរូបរាងកាយជាបន្តបន្ទាប់ផងដែរ។

Tsubaki បានអះអាងថា កត្តាដែលជំរុញឲ្យនាងកែសម្ផស្សបែបនេះ ក៏ដោយសារតែនាងអន់ចិត្តនឹងភាពមិនស្អាតរបស់ខ្លួនឯង ហើយលើសពីនេះ នាងក៏តែងតែត្រូវបានម្តាយនាងត្អូញត្អែរពីរូបរាងដ៏អាក្រក់របស់នាងជារឿយៗ និងថែមទាំងបានហៅនាងថា «ស្រីមុខអាក្រក់» នៅមុខគេឯងដែលធ្វើឲ្យនាងហាក់អាម៉ាស់មុខយ៉ាងខ្លាំង។

នាង Tsubaki Tomomi

ជាក់ស្តែង នៅរាល់ពេលមានពិធីបុណ្យប្រពៃណីប្រចាំឆ្នាំម្តងៗ គឺតែងតែមានបងប្អូនសាច់ញាតិ និងមិត្តភក្តិមកលេង ហើយពួកគេតែងនិយាយថា នាងឥឡូវកាន់តែធំច្រើនហើយ ខណៈដែលម្តាយរបស់នាងក៏បានឡងមកវិញថា នាងនៅតែជាក្មេងមុខអាក្រក់ដដែលហ្នឹង គ្មានស្អាតទៅណារួចទេ។

Tsubaki នាងក៏តែងតែព្យាយាមប្រាប់ម្តាយរបស់ខ្លួន ឲ្យបញ្ឈប់ការហៅនាងអាក្រក់ៗបែបនេះនៅមុខគេឯងផងដែរ។ តែផ្ទុយទៅវិញ ម្តាយរបស់នាងនៅតែបន្ត ថាឲ្យនាងនួវពាក្យមិនល្អៗជាច្រើន ទាំងមិនយល់ពីអារម្មណ៍ពិបាកចិត្តរបស់នាងទាល់តែសោះ។

ប៉ុន្តែមិនថាយ៉ាងណា បន្ទាប់ពីនាងព្យាយាមជះលុយយ៉ាងច្រើន ទៅលើការកែសម្ផស្ស រហូតទទួលបានសម្រស់មួយយ៉ាងស្រស់ស្អាតនេះ វាក៏បានទាញចិត្តម្តាយរបស់នាង ក៏ដូចជាមនុស្សជាច្រើនផ្សេងទៀត ឲ្យមានការចាប់អារម្មណ៍មកលើរូបនាងយ៉ាងខ្លាំង រហូតនាងថែមទាំងទទួលបានឱកាសបានក្លាយខ្លួនជាតារាម៉ូដែលមួយរូបថែមទៀតផង។

តារាស្រីរូបនេះបានបន្ថែមថា កន្លងមកនាងក៏ធ្លាប់ទទួលរងនូវពាក្យរិះគន់មួយចំនួន ពីមនុស្សនៅជុំវិញខ្លួន ចំពោះការកែសម្ផស្សរបស់នាងដែរ។ ប៉ុន្តែទោះយ៉ាងណា នាងមិនខ្វល់ ឬអើពើនឹងពាក្យសម្ដីទាំងនោះឡើយ។ សំខាន់គឺនាងចង់ផ្លាស់ប្តូរខ្លួនឯង ឲ្យមានភាពស្រស់ស្អាតដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន។

នាង Tsubaki Tomomi

គួរឲ្យដឹងផងដែរថា ថ្វីបើអាយុរាងជ្រេបន្តិចក្តី ប៉ុន្តែបច្ចុប្បន្ន Tsubaki Tomomi នាងក៏នៅតែឆ្លៀតធ្វើការងារជាតារាម៉ូដែលរបស់នាងខ្លះៗ ដ៏មានឥទ្ធិពលម្នាក់ផងដែរ។ ជារឿយៗតារាស្រីរូបនេះ ក៏តែងតែសកម្មខ្លាំងនៅលើបណ្តាញសង្គមទាំង Instagram, Twitter, និង Facebook ជុំវិញនឹងការបង្ហោះចែកចាយរូបភាព ក៏ដូចជាធ្វើការងារពាក់ព័ន្ធជាច្រើនផ្សេងទៀតរបស់នាងផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនារូបភាពខាងក្រោម៖  

នាង Tsubaki Tomomi
នាង Tsubaki Tomomi
នាង Tsubaki Tomomi
នាង Tsubaki Tomomi
នាង Tsubaki Tomomi
នាង Tsubaki Tomomi
នាង Tsubaki Tomomi
នាង Tsubaki Tomomi
នាង Tsubaki Tomomi
នាង Tsubaki Tomomi
នាង Tsubaki Tomomi កាលពីឆ្នាំ២០១៨
នាង Tsubaki Tomomi កាលពីឆ្នាំ២០១៨

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]