កូរ៉េខាងត្បូង៖ មហាជននៅមានភាពក្តុកក្តួលនៅឡើយ ជាមួយនឹងដំណឹងប្រកាសចេញ កាលព្រឹកមិញនេះ ពាក់ព័ន្ធទៅនឹងព័ត៌មានប្រកាសប្តឹងលែងលះ បញ្ចប់ជីវិតជាប្តីប្រពន្ធជាផ្លូវការ រវាងកំពូលតារាសម្តែងប្រុសស្រីលោក Song Joong Ki ជាមួយនឹងអ្នកនាង Song Hye Kyo ក្រោយរៀបការទើបតែបាន២០ខែ។

តួយ៉ាង ទន្ទឺមនឹងដំណឹងលែងលះដ៏ក្តៅគគុក របស់កំពូលតារាទទួលបានការស្រលាញ់ពីមហាជនទាំងពីររូបនេះផងដែរ ក៏ធ្វើឲ្យមានការផ្ទុះឡើងនូវការពិភាក្សាជជែកវែកញែក នៅលើបណ្តាញសង្គម ដោយមានអ្នកនិយមលេងអ៊ីនធឺណែតមួយចំនួន បានដាក់ការសង្ស័យទៅលើមូលហេតុ នៃការលែងលះរបស់ Song Joong Ki និង Song Hye Kyo នេះ អាចបណ្តាលមកពីមានជនទី៣ចូលមកពាក់ព័ន្ធ ធ្វើឲ្យស្នេហារបស់អ្នកទាំងពីរប្រះឆាផងដែរ។

Song Joong Ki និង Song Hye Kyo

ជាក់ស្តែង ក្នុងនោះក៏មានមនុស្សមួយចំនួន បានលើកឡើងថា មូលហេតុដែលគូស្នេហ៍ត្រកូល Song នេះលែងលះគ្នា គឺបណ្តាលមកពីតារាប្រុស Song Joong ki បានលួចលាក់បង្កើតភ្លើងស្នេហ៍ជាមួយនឹងជនទី៣ ដែលគេស្គាល់ឈ្មោះថានាង Kim Ok Bin ដែលជាកូនស្រីរបស់អ្នកផលិតខ្សែភាពយន្តមានចំណងជើងថា «Asadal Chronicle» និងជាខ្សែភាពយន្ត ដែលលោក Song Joong ki កំពុងតែសម្តែងជាតួឯកផងដែរ។

លើសពីនេះ គេក៏ធ្លាប់ឃើញអ្នកទាំងពីរ នៅលើឡានជាមួយគ្នាក្នុងទីក្រុង សេអ៊ូល និងថែមទាំងបាន ជិះឡាននោះទៅផ្ទះរបស់ Song Joong ki នៅឯ Itaewon ជាមួយគ្នា ថែមទៀតផង។ មិនថាយ៉ាងណា ពាក់ព័ន្ធទៅនឹងពាក្យចចាមអារាមមួយនេះ ខាងសាមីខ្លួននៅមិនទាន់បានចេញមុខបកស្រាយនៅឡើយនោះទេថា ជារឿងពិតឬមិនមែន។

Song Joong ki
Kim Ok Bin

មិនតែប៉ុណ្ណោះ ក្រោយផ្ទុះចចាមអារាមនេះមិនបានប៉ុន្មាន ក៏ស្រាប់តែផ្ទុះនូវរឿងរ៉ាវចចាមអារាមថ្មីមួយទៀត ដែលធ្លាក់មកលើតារាស្រី Song Hye Kyo វិញម្តង ដែលមានមនុស្សមួយចំនួនផ្សេងទៀត បានសង្ស័យថាមូលហេតុដែលលែងលះគ្នា ក៏ព្រោះតែ Song Hye Kyo កំពុងលួចមានទំនាក់ទំនងស្នេហ៍ស៊ីជម្រៅ ជាមួយនឹងតារាសម្តែងវ័យរូបសង្ហា Park Bo Gum ដោយសារតែអ្នកទាំងពីរធ្លាប់បានថតរឿងស្នេហាផ្អែមល្ហែមជាមួយគ្នា ចំណងជើងថា «Encouter: Boyfriend» កាលពីចុងឆ្នាំ២០១៨កន្លងទៅនេះ។

ប៉ុន្តែទោះជាយ៉ាងណា ក្រោយឮបែបនេះ ខាងផលិតកម្ម Blossom Entertainment ដែលជាទ្រនំរបស់ Song Jong Ki និង Park Bo Gum ក៏បានចេញមុខច្រានចោលទាំងស្រុង ពាក់ព័ន្ធទៅនឹងពាក្យចចាមអារាមមួយនេះ និងថែមទាំងព្រមានប្តឹង ចំពោះអ្នកទាំងបង្កើតព័ត៌មាន និងពាក្យចចាមអារាមមិនពិត ដែលថា Park Bo Gum ជាជនទី៣ មានចំណែកពាក់ព័ន្ធនៅក្នុងការលែងលះរបស់ Song Hye Kyo និង Song Joong Ki ថែមទៀតផងដែរ៕   

Song Hye Kyo និង Park Bo Gum
Song Hye Kyo និង Park Bo Gum
Song Hye Kyo និង Park Bo Gum
Song Hye Kyo និង Park Bo Gum
Song Hye Kyo និង Park Bo Gum
រូបរួមគ្នារវាង Song Hye Kyo Song Joong Ki និង Park Bo Gum

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]