កណ្ដាលៈ រថយន្តតាក់ស៊ី ប្រភេទ១៥កៅអី បានបើកបុករ៉ឺម៉កដឹក កម្មករ កម្មការិនី រោងចក្រ កាត់ដេរបណ្តាល ឲ្យធ្លាក់ផ្លូវ ហើយរងរបួសធ្ងន់ និងស្រាលជាង២០នាក់ កាលពីវេលា ម៉ោង៥និង៣០នាទី ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ដែលថ្ងៃនៃក្ដីស្រឡាញ់ ស្ថិតនៅតាម បណ្ដោយផ្លូវជាតិលេខ១ ចំណុចមុខផ្សារ ស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ច នគរបាលចរាចរ ស្រុកកៀនស្វាយ បានឲ្យដឹងថា រថយន្តបង្ក ជាប្រភេទរថយន្ត១៥កៅអី ពណ៌លឿង ដែលម្ចាស់ទើបនឹង ទិញបាន១ខែ ពាក់ស្លាក លេខ បណ្ដោះអាសន្ន បើកបរដោយឈ្មោះ ហូយ សុភណ្ឌ ភេទ ប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅ សង្កាត់ព្រែកអង្គាញ់ ក្រុងបាវិត ខេត្តស្វាយរៀង ។

ចំណែក អ្នកបើករ៉ឺម៉ក ដឹកកម្មករ ឈ្មោះ សុខ កុសល អាយុ២៩ឆ្នាំ មានទីលំនៅ នៅភូមិ ឃុំកើតហេតុ ហើយរ៉ឺម៉ក បានក្រឡាប់ ធ្លាក់ចេញពីផ្លូវ បណ្ដាលឲ្យ កម្មករ កម្មការិនី ប្រមាណជា ២៤នាក់ ក្នុងចំណោម កម្មករ ជាង៣០នាក់ រងរបួសធ្ងន់ ស្រាល ដោយក្នុងនោះ មាន៧នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរ ពេទ្យក្នុងរាជធានីភ្នំពេញ ហើយ១៧នាក់ទៀត រងរបួសស្រាល ព្យាបាលនៅគ្លីនិកឯកជនក្នុងស្រុកកៀនស្វាយ។

សាក្សីនៅកន្លែង កើតហេតុ បានឲ្យដឹងថា រ៉ឺម៉ក ដឹកកម្មករ បើកបរក្នុងទិសដៅ ពីកើតទៅលិច ស្របទិសគ្នា ជាមួយ រថយន្តបង្ក លុះមកដល់ចំណុច កើតហេតុ ដោយសារ រថយន្តបើកប្រដេញគ្នា ជាមួយរថយន្ត ៤ គ្រឿង ដែលជាប្រភេទ រថយន្តតាក់ស៊ី ផ្តាច់ព្រលឹងនោះ ជាន់ហ្វ្រាំងមិនទាន់ ក៏បុករ៉ឺម៉កពីក្រោយ ក្រឡាប់ធ្លាក់ផ្លូវតែម្ដង។

ប្រជាពលរដ្ឋ រស់នៅផ្លូវជាតិលេខ១ មានការខឹងសម្បានឹងប្រភេទរថយន្តតាក់ស៊ីផ្តាច់ព្រលឹងទាំងនេះណាស់ ដែលមានប្រមាណ ៥-៦គ្រឿង រកស៊ីដឹកអ្នកដំណើរពីក្រុងបាវិត មកភ្នំពេញ ដឹកម៉ូយនៅផ្សារអូឡាំពិក ។

លោក ប៉ា សំអិត អធិការនគរបាល ស្រុកកៀនស្វាយ បានឲ្យដឹងថា កន្លងមកក្រុមចម្រុះធ្លាប់បាន ហៅទៅព្រមាន និងឲ្យធ្វើកិច្ចសន្យា ម្ដងហើយ ទៅតាមពាក្យបណ្ដឹង របស់ប្រជាពល រដ្ឋ ដោយពួកគាត់មាន ការភ័យខ្លាច ក្នុងពេលធ្វើដំណើរ ប៉ុន្តែពួកគេទាំងនេះមិនរាងចាលនោះឡើយ ហើយប្រជាពលរដ្ឋ សំណូមពរឲ្យ សមត្ថកិច្ច ត្រូវមានវិធានការ រឹតបន្តឹងទៅលើរថយន្តតាក់ស៊ីផ្តាច់ព្រលឹងទាំងនេះផង។

នគរបាលចរាចរ ស្រុកកៀនស្វាយ បានឲ្យដឹងទៀតថា ក្រុមរថយន្តតាក់ស៊ី ផ្តាច់ព្រលឹងធុននេះ កន្លងមកធ្លាប់បុក មនុស្សស្លាប់ម្នាក់ នៅឃុំបន្ទាយដែក និងនេះជា លើកទី២ហើយដែល ក្រុមរថយន្តផ្តាច់ព្រលឹងបង្កគ្រោះថ្នាក់ ចរាចរ ដែលបណ្តាលឲ្យ កម្មករកម្មការិនី បណ្ដាលរងរបួសធ្ងន់ និងស្រាល ជាង២០នាក់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

អ្នកបើករថយន្ត បង្កហេតុ

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]