ភ្នំពេញ ៖ ក្រុមចោរ៣នាក់ជំនាញខាងកាច់កម៉ូតូ ដ៏សកម្ម នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយ ចំនួនទៀត ត្រូវបាននគរបាល ខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន និង ធ្វើសន្និសីទសារព័ត៌មានបង្ហាញ មុខជាសាធារណៈ នៅព្រឹកថ្ងៃ២១ ខែមីនា ឆ្នាំ២០១២ នៅអធិការដ្ឋាននគរបាលពោធិ៍សែនជ័យ ។

បន្ទាប់ពីមានសកម្មភាពឆក់ ប្លន់ និងកាច់សោកម៉ូតូដ៏កក្រើកក្នុងរាជធានីភ្នំពេញមួយរយៈពេលចុង ក្រោយធ្វើឱ្យប្រជាពលរដ្ឋមានក្ដីព្រួយបារម្ភយ៉ាងខ្លាំង នូវភាពអសន្ដិសុខនេះ ជាហេតុជំរុញឲ្យកម្លាំង នគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ចេញកម្លាំងបង្កើនការពង្រឹងសន្តិសុខ និងឈានដល់ការចាប់បាន ជនសង្ស័យ៣នាក់ ដែលជាក្រុមចោរដ៏សកម្មធ្វើសកម្មភាពកាច់សោកម៉ូតូអស់ជាច្រើនគ្រឿងមក ហើយ។

លោក ប៊ន សំអាត អធិការនគរបាខណ្ឌពោធិ៍សែនជ័យបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១- ឈ្មោះ អេង ងួន ហៅថា ភេទប្រុស អាយុ ៣០ឆ្នាំ មានមុខរបរមិនពិតប្រាកដ ទី២- ឈ្មោះ ម៉ក សៅ ហៅសៅ ភេទប្រុស អាយុ ៣២ឆ្នាំ មានមុខរបរមិនពិតប្រាកដ ជនសង្ស័យទាំង២រស់នៅផ្ទះជួលក្នុង ភូមិជម្ពូវន្ដ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី៣-ឈ្មោះ ចាន់ ផល្លា ភេទស្រី អាយុ ២៥ឆ្នាំ មានមុខរបរជាកម្មការិនីរោងចក្រកាត់ដេររស់នៅភូមិសាមគ្គី៣ សង្កាត់ត្រញំង ក្រសាំង ខណ្ឌពោធិ៍សែន ជ័យ ។

លោកអធិការរូបនេះបានបន្ដទៀតថា ដោយសារមានការណែនាំពីលោកស្នងការនគរបាលរាជធានី ភ្នំពេញ ទូច ណារ៉ុវ លោកស្នងការងទទួលផែនព្រហ្មទណ្ឌ បានឱ្យកម្លាំងនគរបាលទូទាំងរាជធានី ភ្នំពេញ ត្រូវចុះត្រួតពិនិត្យនៅតាមផ្ទះជួល ហើយលោកក៏បានបញ្ជាឱ្យលោក មេប៉ុស្ដិ៍ទូទាំងខណ្ឌពោធិ៍ សែនជ័យទាំងមូលត្រូវចុះធ្វើរដ្ឋបាលនៅតាមផ្ទះជួល ហើយនៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ លោកមេប៉ុស្ដិ៍ក៏បានដឹកនាំកម្លាំងចុះធ្វើរដ្ឋបាល ត្រួតពិនិត្យនៅតាមផ្ទះជួលក្នុងភូមិជម្ពូវន្ដ ក៏ប្រទះឃើញ ម៉ូតូមួយគ្រឿងគ្មានស្លាកលេខ និងឧបករណ៍កាច់សោកម៉ូតូចំនួន៦ និងស្លាកលេខចំនួន៣ ហើយក៏បាន ឃាត់ខ្លួនជនសង្ស័យទាំងបីយកមកសាកសួរទើបដឹងថា ជនទាំងនេះ គឺជាមុខសញ្ញាដ៏សកម្មបំផុត ដែល ធ្វើសកម្មភាពកាច់សោកម៉ូតូនាពេលកន្លងមក ។

លោក ប៊ន សំអាត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានផ្ទះជួលសូមសហការជាមួយនគរបាល មូលដ្ឋាន ប្រសិនបើមានអ្នកទៅជួលផ្ទះស្នាក់នៅ ហើយគេធ្វើសកម្មភាពមិនល្អត្រូវរាយការណ៍ ជូនមក នគរបាលមូលដ្ឋានជាបន្ទាន់ ដើម្បីរក្សាសន្ដិសុខនៅក្នុងមូលដ្ឋាន ក៏ដូចជាសេចក្ដីសុខរបស់បងប្អូនផង ដែរ ពីព្រោះការចូលរួមសហការរបស់បងប្អូន គឺជាកត្ដាសំខាន់បំផុត ដែលមិនអាចខ្វះបាន ដូច្នេះយើង ទាំងអស់គ្នាត្រូវរួមគ្នាក្នុងការទប់ស្កាត់បទល្មើស៕

ដោយ ៖ ហេង សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]