ភ្នំពេញៈ មន្ត្រីកងរាជអាវុធលើផ្ទៃប្រទេសម្នាក់ យាមនៅកន្លែងបញ្ជរបង់ប្រាក់រថយន្តផ្លូវ២០០៤ ត្រូវបានលោក ប៊ន សំអាត អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ចុះដឹកនាំកម្លាំងទៅបង្រ្កាបទាំងយប់ ដោយសារតែមន្ត្រីកងរាជអាវុធហត្ថរូបនោះ ខឹងនឹងនារីម៉ាស្សា កោសជប់ នៅក្បែរបញ្ជរបង់ប្រាក់ ទៅសុំដូរលុយនៅ កន្លែង បញ្ជរបង់ប្រាក់នោះ ហើយមន្ត្រីកងរាជអាវុធហត្ថរូបនោះ បានដេញទៅឲ្យឆ្ងាយ ប៉ុន្តែជនរងគ្រោះថា គ្រាន់តែសុំដូរលុយទេ ពីអ្នកបញ្ជរ រំពេចនោះខ្មាន់កាំភ្លើង ក៏ដកកាំភ្លើងបាញ់គំរាមពីរគ្រាប់តែម្តងទៅ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង ០០និង៣០នាទីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅកន្លែងបញ្ជរបង់ប្រាក់ ផ្លូវ២០០៤ ខាងកើតព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ប៊ន សំអាត បានឲ្យដឹងថា ខ្មាន់កាំភ្លើង ដែលជាមន្ត្រីកងរាជអាវុធហត្ថរូបនោះ មានឈ្មោះ ម៉ម វាសនា ភេទ ប្រុសអាយុ ៣៤ឆ្នាំ ជាអ្នកយាមកាមប្រចាំនៅ កន្លែងបញ្ជរបង់ប្រាក់រថយន្តផ្លូវ២០០៤ ស្នាក់នៅក្នុងភូមិ សង្កាត់កើតហេតុ ប្រើប្រាស់កាំភ្លើងខ្លីមួយដើម ម៉ាកប៉េអាម៉ាប់ (ដកហូត)ចំណែកឯជនរងគ្រោះវិញ មានឈ្មោះ សម្បត្តិ អាលីន តា ភេទស្រីអាយុ២២ឆ្នាំ មានមុខរបរជាបុគ្គលិកកោសជប់ និងម៉ាស្សា នៅក្បែរកន្លែងបញ្ជរបង់ប្រាក់២០០៤នោះ ស្នាក់នៅកន្លែងធ្វើការ (មិនមានរងរបួសអ្វីនោះទេ)។

លោកបានបន្តទៀតថា មុនពេលកើតហេតុនារីរងគ្រោះ ត្រូវភ្ញៀវឲ្យលុយថ្លៃឈ្នួលកោសជប់ ក្រដាស២ម៉ឺនរៀល គ្មានលុយអាប់ ក៏ដើរទៅដូរលុយពីកន្លែង បញ្ជរ បង់ប្រាក់នោះ ខណៈដែលនារីរងគ្រោះ កំពុងឈរដូរលុយនោះ ស្រាប់តែមន្ត្រីកងរាជអាវុធហត្ថ ដែលជាខ្មាន់កាំភ្លើងនេះ សែ្រកប្រដេញចេញឲ្យឆ្ងាយ ប៉ុន្តែ នារីរងគ្រោះថា គ្រាន់តែសុំដូរយកលុយរាយបន្តិច ពេលនោះខ្មាន់កាំភ្លើងបានដកកាំភ្លើងបាញ់ពីរគ្រាប់គំរាម ធ្វើឲ្យមានការភ្ញាក់ផ្អើល ជាពិសេសនោះនារីរងគ្រោះ ព្រលឹងនៅចុងសក់ ។ ភ្លាមៗនោះ រូបលោកក៏បានដឹកនាំកម្លាំង ក្រោមឧិវាទ ចុះទៅទាំងយប់ធ្វើការឃាត់ខ្លួនជនបាញ់បោះសេរី ដើម្បីនាំខ្លួនយកមកធ្វើការសាកសួរ រួចហើយក៏ប្រគល់ ទៅកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់។

លោកបានបន្ថែមទៀតថា ដើម្បីអនុវត្តន៍ទៅតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចុះឲ្យនោះគឺភូមិ ឃុំមានសុវត្ថភាព ដូច្នេះទោះបីប្រជាពលរដ្ឋ ឬសមត្ថកិច្ចក៏ដោយ ឲ្យតែបង្កភាពអសន្តិសុខ ធ្វើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ធ្វើឲ្យមានការព្រួយបារម្មណ៍ គឺលោកត្រូវតែចុះទៅអន្តរាគមន៍ ឬក៏បង្ក្រាប់ជាបន្ទាន់ ដើម្បី ឲ្យប្រជាពលរដ្ឋ ទទួលបានភាពកក់ក្តៅ ហើយជាពិសេសនោះ គឺអនុវត្តន៍ទៅតាមបទបញ្ជារបស់ថ្នាក់លើ ដែលបានដាក់ចុះឲ្យដល់ថ្នាក់ក្រោម៕

www.dap-news.com

www.dap-news.com

ដោយ ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]