ភ្នំពេញ៖ ជាការពិត រយៈពេលជាង ១៥ឆ្នាំទៅហើយ ចាប់តាំងពីពេលដែលអតីតតារាចម្រៀងប្រុស លោកសែម សង្វាត បានបាត់មុខចេញឆ្ងាយពីវិស័យសិល្បៈ ធ្វើឲ្យក្រុមអ្នកគាំទ្រ ក៏ដូចជាមហាជនមានសេចក្ដីនឹករលឹក ដល់រូបលោកជាខ្លាំង។

យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ យើងឃើញថានៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក ចាប់ផ្ដើមមានការចាប់អារម្មណ៍ខ្លាំង ទៅលើរូបលោកជាថ្មីម្ដងទៀត បន្ទាប់ពីវីដេអូចម្រៀងចាស់ៗរបស់លោក ត្រូវបានគេបង្ហោះឡើងវិញ ជាហេតុធ្វើឲ្យអ្នកគាំទ្រ កើតចិត្តនឹករំពៃទៅដល់ម្ចាស់សម្លេង ទាំងមិនដឹងថា អតីតតារាប្រុសសម្លេងពីរោះផ្អែមមួយរូបនេះ រសាត់ខ្លួនទៅដល់ទីណាទៅហើយក្ដី។ 

រូបភាព សែម សង្វាត ទៅថតដល់គេហដ្ឋានលោកផ្ទាល់
រូបភាព សែម សង្វាត ទៅថតដល់គេហដ្ឋានលោកផ្ទាល់

ដោយសារតែមានការទទូចស្នើសុំ ឲ្យមានការគាស់កកាយ និងតាមដានប្រវត្តិជីវិតរបស់ តារាចម្រៀងជើងចាស់មួយរូបនេះ ពីសំណាក់ក្រុមអ្នកគាំទ្រជាច្រើន ទើបក្រុមការងារខ្មែរឡូត បានខិតខំប្រឹងប្រែងស្វែងរក រហូតបានទៅដល់ទីតាំងកន្លែងស្នាក់នៅផ្ទាល់របស់លោក។

មិនត្រឹមតែប៉ុណ្ណឹងទេ ក្រុមការងារយើងក៏បាន សុំអនុញ្ញាតធ្វើបទសម្ភាសន៍ សាកសួរ​ពីប្រវត្តិជីវិតរបស់លោក ក្រោយចាកចេញពីវិថីសិល្បៈ ដើម្បីមកចែកជូនដល់ ប្រិយមិត្តទាំងអស់បានដឹង។

ចង់ដឹងថា តើប្រវត្តិជីវិតរបស់តារាចម្រៀង លោកសែម សង្វាត មានភាពរីករាយ ឬជួបបញ្ហាលំបាកយ៉ាងណាខ្លះនោះ? 

តោះមកធ្វើការតាមដានជាមួយខ្មែរឡូតទាំងអស់គ្នា ៖ 

១. ប្រវត្តិជីវិតរបស់លោកនៅក្នុងវិស័យសិល្បៈ

តារាចម្រៀងប្រុសរូបរាងស្គមស្ដើង លោកសែម សង្វាត ចាប់ផ្ដើមឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ ចាប់តាំងពីដើមឆ្នាំ ១៩៩៩ មកម្ល៉េះ។ លោកក៏បានចូលរួមជា សមាជិកម្នាក់នៅក្រុមចម្រៀងមានឈ្មោះថា EV Band ជាមួយនឹងតារាល្បីៗជាច្រើនទៀតដូចជា តារាស្រី យក់ ឋិតរដ្ឋា លោក បូរ វិចិត្រ តារាស្រី ឱក សុគន្ធកញ្ញា និងលោក ឃុំ ប៉ុណ្ណាដែត។

កាលនោះដែរបទចម្រៀងដំបូងរបស់លោក នៅក្នុងក្រុម EV Band គឺបទ «យើងជាយុវវ័យ» ដែលជាបទចម្រៀង ទទួលបានការគាំទ្រយ៉ាងខ្លាំង នៅសម័យនោះ។

រយៈពេល ៦ឆ្នាំដែលលោកបានចូលខ្លួន បម្រើដួងចិត្តប្រិយមិត្តជាមួយនឹងសម្លេងដ៏ពីរោះរណ្ដំ ក្នុងបទចម្រៀងច្រើនជាង ៤០បទ ដែលបានធ្វើការចេញផ្សាយ ជាបន្តបន្ទាប់ បានធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោក ចាប់ផ្ដើមល្បីសុះសាយ និងមានមនុស្សស្គាល់កាន់តែច្រើន។

ពិសេសគឺបទ «ខ្សឹបៗប្រាប់ថាស្នេហ៍» បទ« ស្នេហ៍តែអូន» បទ «សំបុត្រស្នេហ៍ក្នុងសៀវភៅអូន» និងបទ «នៅតែនឹកអូន» ជាដើម សុទ្ធតែជាកម្រងចម្រៀងស្នេហាដែលល្បីខ្លាំង កាលពីកំពុងពេលដែលលោកនៅចាប់អាជីពជាតារា។

ប៉ុន្តែគួរឲ្យសោកស្ដាយ រហូតដល់ឆ្នាំ ២០០៤ ម្ចាស់បទ «នៅតែនឹកអូន» ម្នាក់នេះ ក៏សម្រេចចិត្តចាកចេញពីវិថីសិល្បៈ ទៅសាងគ្រួសារ និងបង្កើតមុខរបររកស៊ីចិញ្ចឹមជីវិតទៅវិញ។ 

រូបភាព សែម សង្វាត និងក្រុម EV Band

២. ប្រវត្តិជីវិតរបស់លោក ក្រោយចាកចេញពីសិល្បៈ

ក្រោយពីបញ្ចប់ជីវិតជាតារាចម្រៀង នៅឆ្នាំ ២០០៤ លោកសែម សង្វាត បានចាប់ផ្ដើមជីវិតគ្រួសារដោយរៀបការជាមួយនារីម្នាក់ បន្ទាប់មកអ្នកទាំងពីរក៏សម្រេចចិត្ត ចាប់ដៃគ្នាបង្កើតមុខរបររកស៊ី ដោយចាកចេញពីទីក្រុងភ្នំពេញ ទៅរស់នៅ និងប្រកបរបរចិញ្ចឹមជីវិត នៅឯក្រុងប៉ោយប៉ែត ក្បែរទល់ដែនប្រទេសថៃ។

ប៉ុន្តែការរកស៊ីរបស់លោក ហាក់ដូចជាមិនរលូនទៅមុខសោះ ចេះតែខាតបង់ប្រាក់ជារឿយៗ ម៉្យាងខ្លួនលោកផ្ទាល់ក៏មានជំងឺប្រចាំកាយ ត្រូវចំណាយលើការព្យាបាលផង ទីបំផុតមុខរបររកស៊ីទាំងប៉ុន្មានរបស់លោក និងភរិយាក៏ទទួលបានភាពបរាជ័យអស់រលីង។ 

រូបភាព សែម សង្វាត
រូបភាព សែម សង្វាត

៣. ជីវិតបច្ចុប្បន្ន

កាលពីកំឡុងឆ្នាំ ២០១៥ លោកបានសម្រេចចិត្ត មករស់នៅក្នុងទីក្រុងភ្នំពេញវិញ ក្រោយពីបែកបាក់ជាមួយគ្រួសារ បន្សល់ទុកតែកូនប្រុស ៣នាក់ ម្ដាយចាស់ជរាម្នាក់ និងបងស្រីជីដូនមួយម្នាក់ ស្ថិតនៅក្នុងបន្ទុក ដែលលោកត្រូវចិញ្ចឹមបីបាច់ មើលថែតែម្នាក់ឯង។

ប៉ុន្តែគួរឲ្យសរសើរដែរ ទោះបីឆ្លងកាត់ការលំបាក ព្រោះតែវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ កើតមានរយៈពេលជាង ៥ឆ្នាំទៅហើយក្ដី លោកក៏នៅតែបន្តយឹតយោងគ្រួសារ ក្នុងនាមជាមេគ្រួសារដ៏ល្អម្នាក់ ជាគោលជំហរ និងជាគំរូដល់កូនប្រុសទាំង៣ អតីតតារាចម្រៀងប្រុស សែម សង្វាត នៅតែខិតខំប្រឹងប្រែងរកការងាររហូត ដោយមិនគិតខ្វល់ពីសុខភាពខ្លួនឯងឡើយ រហូតដល់អាចមានលទ្ធភាព ជួលបានផ្ទះដ៏សមល្មមមួយ សម្រាប់ជាជម្រកដល់កូនៗ ម្ដាយ និងបងស្រី។

ពេលវេលាកាន់តែកន្លងផុតទៅ វ័យក៏កាន់តែជ្រេទៅមុខ នឹងនៅរឹងមាំដូចជាកាលពីក្មេងម្ដេចនឹងបាន? បើលោកក៏មានជំងឺប្រចាំកាយជាច្រើនរ៉ាំរ៉ៃ ណាធ្លាប់កាត់សាច់ច្រមុះ ជាយូរមកហើយ មកដល់ពេលនេះ វានៅតែធ្វើទុក្ខជាប្រចាំ។ ចំណែកក្រពះ និងពោះវៀន ក៏រលាកខ្លាំងធ្ងន់ធ្ងរ ថែមទាំងមានជំងឺថ្លើម ចូលដល់ដំណាក់កាលក្រិន និងមានទឹកដក់ក្នុងពោះទៀតផង ជាហេតុធ្វើឲ្យរូបលោក កាន់តែស្គមរីងរៃ គ្មានសាច់គ្មានឈាមនឹងគេសោះ។ 

ម៉្យាងការចំណាយក៏ត្រូវការ កាន់តែច្រើនជាងមុន ព្រោះកូនៗស្ថិតក្នុងវ័យត្រូវរៀនសូត្រទាំង ៣នាក់ផង។ កូនប្រុសច្បងរបស់លោក ឆ្នាំនេះចូលរៀនថ្នាក់សាកលវិទ្យាល័យហើយ ចំណែកកូនទី ២ និងទី៣ ក៏សុទ្ធតែស្ថិតក្នុងវ័យ ត្រូវបណ្ដុះបណ្ដាលទាំងចំណេះដឹងទូទៅ និងភាសាបរទេស។ ដូច្នេះការចំណាយ ក៏ត្រូវបន្ថែមលើសមុនមួយកម្រិតទៀត។ 

រូបភាព សែម សង្វាត
រូបភាព ផ្ទះដែលលោកស្នាក់នៅបច្ចុប្បន្ន

កត្តាទាំងនេះ ជម្រុញឲ្យរូបលោក កាន់តែជួបប្រទះនូវភាពលំបាក កាន់តែច្រើនឡើងក្នុងការរស់នៅ រហូតមកដល់បច្ចុប្បន្ននេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ លោកនៅតែខិតខំប្រឹងប្រែងទាំងត្រដរ គ្រប់យ៉ាងគឺដើម្បីតែកូនប្រុស ដែលជាទីពឹងដល់លោក នៅថ្ងៃអនាគត។

លោកសែម សង្វាត ក៏បានផ្ដាំផ្ញើសេចក្ដីនឹករលឹក និងការសួរសុខទុក្ខទៅកាន់មិត្តៗ អ្នកគាំទ្រ តាមរយៈក្រុមការងារខ្មែរឡូតផងដែរ។ លោកបានបង្ហើបថា ប្រសិនបើមានឱកាស លោកនៅតែចង់បម្រើអារម្មណ៍ ទស្សនិកជនដូចដើម ថែមទាំងមានសេចក្ដីសោមនស្សរីករាយជាពន់ពេក ដែលកន្លងទៅជាច្រើនឆ្នាំទៅហើយ ប្រិយមិត្តអ្នកគាំទ្រ នៅតែនឹករលឹក ចង់ដឹងពីសុខទុក្ខលោក ថែមទាំងផ្ដល់ជាជំនួយដល់រូបលោក និងគ្រួសារផងដែរ ពេលដឹងថាលោកកំពុងជួបសេចក្ដីទុក្ខលំបាកបែបនេះ។

យ៉ាងណាមិញ ប្រសិនបើប្រិយមិត្ត មិត្តៗអ្នកគាំទ្រក៏ដូចជាសប្បុរសជននានា ដែលមានទឹកចិត្ត មានក្ដីមេត្តាចង់ជួបឧបត្ថម្ភ ដល់រូបលោកនិងក្រុមគ្រួសារ អាចទំនាក់ទំនងទៅកាន់លោកផ្ទាល់ តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Sangvath Sem៕

តោះកុំឲ្យខាតពេលយូរ សូមប្រិយមិត្តមកទស្សនា វីដេអូខ្លី នៃបទសម្ភាសន៍របស់លោក សែម សង្វាត ជាមួយនឹងក្រុមការងារខ្មែរឡូត ខាងក្រោមនេះ ៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សែម សង្វាត