ខេត្តស្វាយរៀង ៖ វេលា​ម៉ោង​៣​និង​៤៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ​មិនដឹងមូលហេតុអ្វី ស្រាប់​តែ​ជនជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា​ចំនួន​៥​នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើករថយន្ត​មួយ​គ្រឿង ព​ណ៌​ស គ្មាន​ស្លាក​លេខ ចូល​ទៅ​ក្នុង​ផ្សារ​ស្ថិត​ក្នុង​បរិវេណ​កាស៊ីណូ​ម៉ុ​កបាយ ស្ថិត​នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ហើយ​ក្រុម​ជនជាតិ​ចិន​ទាំង​៥​នាក់​នោះ​បាន​ធ្វើ​សកម្មភាព​យក​ឈើ​ជ្រុង​ដើរទៅ​វាយ​ជនជាតិ​ចិន​ម្នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​ឈរ​នៅ​ទីនោះ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​របួស​ភ្នែក​ខាងស្តាំ​ធ្ងន់ធ្ងរ​។

បន្ទាប់​មក​កម្លាំង​ក្រុម​ប្រតិបត្តិការ​ផ្ទៃក្នុង​ក្រសួងមហាផ្ទៃ​បាន​ចុះ​ទៅ​បង្ក្រាប​និង​ចាប់​បញ្ជូន​ជនសង្ស័យ​ទាំង​៥​នាក់​ទៅ​អោយ​ខាង​ជំនាញ​ផែន​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ចាត់ការ​បន្ត​។

ក្រោយ​ពី​មន្ត្រី​ជំនាញ​បាន​ធ្វើការ​សាកសួរ​ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​៥​នាក់​រួច​មក ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង នៅ​វេលា​ម៉ោង​៣ រសៀល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

បើ​តាម​មន្ត្រី​នគរបាល​ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ដោយ​មានការ​សម្របសម្រួល និង​ធ្វើការ​ផ្សះផ្សា​គ្នា​រួច​មក ជន​រង​គ្រោះ​បាន​មក​ដក​ពាក្យបណ្តឹង​វិញ​ហើយ ចំណែក​ក្រុម​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ទាំង​៥​នាក់​នោះ​ក៏​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព ហើយ​ត្រឡប់​ទៅ​វិញ​នៅ​វេលា​ម៉ោង​៦​យប់​ថ្ងៃ​២៤ មិថុនា ផង​ដែរ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]