រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានឲ្យដឹងថា ថវិកាជាង២លានដុល្លារអាមេរិកនឹងផ្តល់ជូនដល់ក្រុមគ្រួសារដែលរងគ្រោះនៃការបាក់អគារ៧ជាន់ នៅព្រះសីហនុ ។ យោងតាមសង្គមហ្វេសប៊ុកសម្តេចតេជោ បានឲ្យដឹងនៅមុននេះយ៉ាងដូច្នេះថា ៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ក្នុងហេតុការណ៍បាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុដែលធ្វើឲ្យប្រជាជនជាទីស្រឡាញ់របស់យើងស្លាប់២៨នាក់ របួស២៦នាក់ ក្រៅពីព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែជាទីគោរពសក្ការ និងជំនួយឧបត្ថម្ភរបស់ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហមកម្ពជា» ។
សម្តេចបានសរសេរទៀតថា ខ្លួនខ្ញុំបានអំពាវនាវសុំសប្បុរសជនជួយឧបត្ថម្ភបន្ថែមដែលមកដល់ម៉ោង១២ថ្ងៃទី២៥មិថុនានេះ ទទួលទឹកប្រាក់គិតជាដុល្លារចំនួន 2,198,400 ដុល្លារអាមេរិក ។
ថវិកានេះត្រូវបានឧបត្ថម្ភជូនអ្នករបួសក្នុងម្នាក់១ម៉ឺនដុល្លារសម្រាប់២៤នាក់ ឯ២នាក់ទៀត ដែលស្ថិតក្រោមគំនរបាក់បែកប្រមាណជិត៦០ម៉ោងដែលនៅរស់រានមានជីវិតដោយសារការជួយសង្គ្រោះត្រូវបានឧបត្ថម្ភក្នុងម្នាក់ចំនួន៣ម៉ឺនដុល្លារ ។ សរុបអ្នករបួសចំណាយអស់៣០ម៉ឺនដុល្លារ ។
ថវិកានៅសល់ 1,898,400 ដុល្លារត្រូវបែងចែកស្មើៗគ្នាសម្រាប់អ្នកស្លាប់ចំនួន២៨នាក់ដែលក្នុងមួយនាក់ទទួលចំនួន 67,800 ដុល្លារនេះមិនគិតពីថវិការាជរដ្ឋាភិបាល១ម៉ឺនដុល្លារដែលជូនដល់គ្រួសារអ្នកស្លាប់មួយចំនួនក្រោយ១ថ្ងៃនៃថ្ងៃកើតហេតុផងទេ ។
សម្តេចក៏បានឲ្យដឹងទៀតថា លោកសេង ទៀង នាយករងខុទ្ទកាល័យរបស់សម្តេចនឹងរៀបចំជូនក្រុមគ្រួសារសពតាមរយៈធនាគារ ដើម្បីធានាសុវត្ថិភាពសម្រាប់ក្រុមគ្រួសារសព ។ ជាមួយគ្នានោះដែរសម្តេចអរគុណចំពោះសប្បុសជនទាំងអស់ដែលបានជួយជាថវិកាសម្រាប់ជនរងគ្រោះទាំងអ្នកស្លាប់ទាំងអ្នករបួស ដោយមិនគិតពីនិន្នាការនយោបាយ ។
ជាថ្មីម្តងទៀតសូមអរគុណ និងកោតសរសើរចំពោះកម្លាំងដែលបានចូលរួមជួយរុករក និងជួយសង្គ្រោះដែលបានបង្ហាញនូវការទទួលខុសត្រូវផ្តល់នូវក្តីអាណិតស្រឡាញ់ចំពោះជនរងគ្រោះក្នុងឋានៈជាជនរួមឈាមដូចគ្នា ។
សម្តេចក៏សូមអរគុណផងដែរដល់កម្មករ និងអ្នកបច្ចេកទេសចិនដែលបានចូលរួមក្នុងកិច្ចការនេះតាំងពីការចាប់ផ្តើមរហូតដល់ការងារត្រូវបានបញ្ចប់ ។ សម្តេចក៏បានពាក្យស្លោកយ៉ាងដូច្នេះថា« ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក» ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]