កូរ៉េខាងត្បូង៖ តារាម៉ូដែល Fitness ដ៏ស្រស់ស្អាតម្នាក់ ត្រូវបានឃាត់ខ្លួន បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានវាយប្រហារបុរស ២នាក់ ខណៈពេលខ្លួនកំពុងតែស្រវឹងស្រាជោគជាំកាលពីសប្តាហ៍មុន។

យោងតាមប្រភពបានឱ្យដឹងថា អ្នកនាង Ryu Se-bi អាយុ៣០ឆ្នាំ ត្រូវបានចោទប្រកាន់ថាបានខាំ.កបុរសម្នាក់ និងថែមទាំងបានទាត់គេថែមទៀត ខណៈពេលនាងបានទះកំផ្លៀងបុរសម្នាក់ទៀតដែលព្យាយាមចង់ធ្វើអន្តរាគមន៍បំបែកពួកគេ។

យោងតាមសម្តីរបស់សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅខាងក្រៅក្លិបរាត្រីមួយកន្លែងក្នុងតំបន់ Gangnam ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃសុក្រកន្លងទៅនេះ។

មុនពេលឈានទៅដល់ការឈ្លោះប្រកែកគ្នាខ្លាំងបែបនេះ អ្នកនាង Ryu កំពុងតែស្ថិតនៅក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ហើយក៏បានសុំបារីមួយដើមពីបុរសម្នាក់នោះ ប៉ុន្តែមិនដឹងជាមូលហេតុអ្វីក៏ទាស់សម្តីគ្នា រហូតឈានទៅដល់ការប្រើអំពើហិង្សានៅតាមផ្លូវសាធារណៈបែបនេះ។

យ៉ាងណាមិញ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកនាង Ryu និងបានឃុំខ្លួននាងនៅក្នុងប៉ុស្តិ៍ប៉ូលិស។ មិនយូរប៉ុន្មានក៏មានមិត្តភក្តិរបស់នាង បានធានានាងចេញពីប៉ុស្តិ៍ប៉ូលិស។

បន្ថែមពីនេះទៀត នាងក៏បានផ្តល់សំណងដល់ជនរងគ្រោះទាំងពីរជាការបញ្ចប់រឿងផងដែរ។

គួរឱ្យដឹងផងដែរថា អ្នកនាង Ryu គឺជាតារាម៉ូដែល Fitness ដ៏ល្បីម្នាក់ ហើយនាងបានចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ធំៗជាច្រើន រួមមានព្រឹត្តិការណ៍ Musclemania ក្នុងទីក្រុងឡាសវេហ្គាសឆ្នាំ២០១៨ ផងដែរ។

ម្យ៉ាងវិញទៀត ក្រោយពីនាងល្បីឈ្មោះមក នាងក៏បានដើរតួសម្តែងនៅក្នុងរឿងមួយចំនួនផងដែរ ក្នុងនោះរួមមានរឿង Quiz From God 4 (២០១៤) និងរឿង Triangle (២០១៤) ផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

អ្នកនាង Ryu Se-bi
អ្នកនាង Ryu Se-bi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]