រាជធានីភ្នំពេញ៖ កុមារកម្ពុជា២៤នាក់ ត្រូវបានជ្រើសរើសដោយក្លឹបបាល់ទាត់ Tottenham Hotspur Football Club (“Spurs”) នៃក្របខណ្ឌ English Premier League ដើម្បីទទួលបានអាហារូបករណ៍ហ្វឹកហាត់បាល់ទាត់លំដាប់ថ្នាក់ពិភពលោក AIA Elite Football Camp នៅភូកេត ប្រទេសថៃ ដែលរៀបចំដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”)។ ការហ្វឹកហាត់រយៈពេល៦ថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅរមណីដ្ឋានសុខភាព និងពហុកីឡា Thanyapura មានគោលដៅជួយឲ្យក្មេងៗអាចអភិវឌ្ឍទម្លាប់នៃការរស់នៅដែលមានសុខភាពល្អ ព្រមទាំងផ្តល់ឱកាសដល់ពួកគេទទួលបាននូវការលេងបាល់ទាត់ និងការហ្វឹកហាត់ជាមួយគ្រូបង្វឹក និងទីតាំងលំដាប់អន្តរជាតិ។

អតិថិជនដែលបានការពារដោយ អេ អាយ អេ ខេមបូឌា ចាប់ពីចន្លោះពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ទទួលបានឱកាសឲ្យកូនរបស់គាត់ចូលរួមវគ្គវាយតម្លៃដោយគ្រូបង្វឹក Spurs នៅកីឡដ្ឋាន អេ អាយ អេ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ ២០១៩កន្លងមក។ គោលបំណងនៃការវាយតម្លៃនេះ គឺដើម្បីស្វែងរកកុមារដែលសមត្ថភាពកីឡាបាល់ទាត់ និងវិន័យល្អ។ អេ អាយ អេ ខេមបូឌា ក៏បានរៀបចំវគ្គហ្វឹកហាត់បាល់ទាត់ចំនួន៤ដងមុននេះផងដែរ ដោយឥតគិតថ្លៃសម្រាប់កុមារដែលចូលរួម ដើម្បីជួយពួកគេអភិវឌ្ឍជំនាញ និងបង្កើនឱកាសទទួលបានការជ្រើសរើស។

ក្រុមបាល់ទាត់កុមារ

គ្រូបង្វឹក Spurs លោក Anton Blackwood បានលើកឡើងថា៖

«ខ្ញុំពិតជារីករាយណាស់ ដែលបានឃើញកុមារមានទេពកោសល្យជាច្រើននៅវគ្គវាយតម្លៃនេះ ហើយវាធ្វើឲ្យយើងមានការពិបាកក្នុងការសម្រេចចិត្ត ព្រោះអាហារូបករណ៍នេះមានចំនួនកំណត់។ យ៉ាងណាក៏ដោយ យើងមានទំនុកចិត្តថាយើងពិតជាបានជ្រើសរើសកុមារ ដែលមានសក្តានុពលពិតប្រាកដអាចឲ្យយើងខ្ញុំជួយអភិវឌ្ឍពួកគាត់នៅក្នុងការហ្វឹកហាត់ពេញលេញនៅភូកេតខែក្រោយ»។

ការហ្វឹកហាត់នេះ នឹងធ្វើឡើងដោយគ្រូបង្វឹកសម្រាប់ការអភិវឌ្ឍអន្តរជាតិ Spurs ក្នុងបំណងអភិវឌ្ឍជំនាញបាល់ទាត់ និងសុខភាពរាងកាយរបស់កុមារតាមរយៈការហ្វឹកហាត់ និងការប្រកួត។ បន្ថែមពីនេះអាហារូបករណ៍នេះក៏នឹងមានការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈរួមជាមួយនឹងមេរៀន និងការរៀបចំរបបអាហារូបត្ថម្ភល្អបំផុតសម្រាប់ការលូតលាស់របស់កុមារ។ អេ អាយ អេ ខេមបូឌា នឹងទទួលរ៉ាប់រងលើការចំណាយទាំងស្រុងសម្រាប់កម្មវិធីអាហារូបករណ៍នេះ។

AIA គឺជាដៃគូផ្លូវការរបស់ក្លិប Spurs ដែលជាក្លិបបាល់ទាត់ឈានមុខគេនៅក្នុងក្របខណ្ឌ English Premier League ហើយថ្មីៗនេះបានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់ក្របខណ្ឌ Champions League ផងដែរ។ ក្រោមការចាប់ដៃគូនេះ ក្លិបបាល់ទាត់ Spurs បានដាក់មូលដ្ឋានគ្រូបង្វឹកលំដាប់កំពូលពីរនាក់នៅទ្វីបអាស៊ី ដើម្បីសហការជាមួយ AIA ក្នុងការជួយកុមារា កុមារីទាំងឡាយបណ្តុះក្តីស្រឡាញ់លើវិស័យបាល់ទាត់។ ភាគីទាំងពីរ បានរួមគ្នារៀបចំនូវគំនិតផ្តួចផ្តើមផ្នែកបាល់ទាត់ជាច្រើនដែលបានជួយកុមារ និងប្រជាជនកម្ពុជារាប់ពាន់នាក់ឲ្យទទួលបានសុខភាព និងជីវិតកាន់តែប្រសើរ។

លោកស្រី Pauline Teoh ថ្នាក់គ្រប់គ្រង អេ អាយ អេ ខេមបូឌា មានប្រសាសន៍ថា៖

«យើងមានសេចក្តីរំភើបរីករាយណាស់ ដែលតាមរយៈការចាប់ដៃគូជាមួយនឹងក្រុមកីឡាបាល់ទាត់ឈានមុខគេដូចជាក្លិប Tottenham Hotspur យើងអាចផ្តល់ឲ្យកុមារនៅកម្ពុជានូវឱកាសហ្វឹកហាត់បាល់ទាត់លំដាប់ពិភពលោក។ យើងសង្ឃឹមថាគំនិតផ្តួចផ្តើមនេះនឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអនាគតនៃវិស័យបាល់ទាត់នៅក្នុងប្រទេសកម្ពុជា ស្របពេលនឹងការផ្សព្វផ្សាយសារដ៏សំខាន់របស់យើង ដែលថាការធ្វើលំហាត់ប្រាណ ជាមូលដ្ឋានគ្រឹះនៃការរស់នៅប្រកបដោយសុខភាពល្អ»។
ក្រុមបាល់ទាត់កុមារ

ក្រុមបាល់ទាត់ Tottenham Hotspur ក៏មាន៖
• អ្នកគាំទ្រលើសពី ៤០០ លាននាក់ទូទាំងពិភពលោក ដោយមានមូលដ្ឋានគាំទ្រធំៗនៅទូទាំងចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងទ្វីបអាស៊ី
• ក្លឹបអ្នកគាំទ្រច្រើនជាង ១៩០ នៅទូទាំងពិភពលោក ដែលរួមមានក្លឹបគាំទ្រសកម្ម និងពេញលេញនៅកម្ពុជាផងដែរ
• មជ្ឈមណ្ឌលបណ្តុះបណ្តាលបែបទំនើបទាន់សម័យបំផុត ជាមួយនឹងកីឡដ្ឋានលំដាប់ថ្នាក់ពិភពលោកថ្មីដែលនឹងមានប្រតិបត្តិការក្នុងពេលឆាប់ៗនេះនៅចំកណ្តាលបេះដូងនៃទីក្រុងឡុងដុងខាងជើង
• ការចាប់ដៃគូពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុនលំដាប់ពិភពលោក ដូចជាសម្ព័ន AIA Group Limited (“AIA”) ដែលជាក្រុមហ៊ុនធានារ៉ាប់រងជីវិតឈានមុខគេនៅលើពិភពលោក និងក្រុមហ៊ុន Nike ដែលជាក្រុមហ៊ុនសម្លៀកបំពាក់ និងស្បែកជើងកីឡាឈានមុខគេផងដែរ។

ទំនាក់ទំនងព័ត៌មានបន្ថែម៖ ០១៦/០១៧ ៣៦៩ ១៥៥៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]