មាន​មូល​ហេតុ​ជា​ច្រើន​ជម្រុញ​ឲ្យ​យើង​កើត​ជំងឺ​មហារីក​ក្រពះ ក្នុងនោះ​ចំណី​អាហារ​ដើរ​តួនាទី​ឈាន​មុខ​គេ។ លោក​វេជជ្ជ​បណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាមនៃ​មន្ទីរពេទ្យ​កាល់ម៉ែត អះ​អាង​ថា ការ​សិក្សា​វិទ្យាសាស្ត្រ​រក​ឃើញ​ថា​មាន​សាច់​ដែល​ខ្លោចៗ​ខ្លះដូច​ជា​ ត្រីងៀត ត្រីឆ្អើរ ជាដើម​នោះ មាន​ផ្ទុកសារធាតុ​គីមី​ម្យ៉ាង ឈ្មោះនីត្រូហ្សាមីន ញ៉ាំ​ទៅ​អាច​កើត​ជំងឺ​មហារីក​ក្រពះ។

«ត្រីងៀតយក​​ត្រី​​ប្រឡាក់​​អំបិលហាល​​ថ្ងៃ រួច​​យក​​ទៅ​ដុត​​ទៅ​អាំង ហើយ​បាន​​យក​មក​ញ៉ាំប្រជាជន​​កម្ពុជា​​យើង​​ចូលចិត្ត​​ញ៉ាំ​​ណាស់ ប៉ុន្តែ​​យើង​​អត់​​ដឹង​​ថា អាហ្នឹង​​មាន​​អី​​ទេ អ្នក​​វិទ្យាសាស្រ្ត​​រក​​ឃើញ​​ថា នៅ​ក្នុង​​សាច់​​ត្រីងៀត និង​​ត្រី​ឆ្អើរ មាន​​សារធាតុ​​ម្យ៉ាង​​ឈ្មោះ នីត្រូហ្សាមីន ដែល​​ជាតិ​​នីត្រូហ្សាមីន កាល​ណា​​យើង​​ញ៉ាំ​ចូល​​ក្នុង​​ក្រពះ​​យើង ធ្វើ​​ឲ្យ​​យើង​​កើត​ជំងឺ​​មហារីក​​ក្រពះ»។

ទោះ​យ៉ាង​ណា​លោក​វេជ្ជបណ្ឌិត​ថា មិនមែន​អ្នក​ពិសារ​ត្រីងៀត​ទាំង​អស់​សុទ្ធ​តែ​ឲ្យ​កើត​ជំងឺ​មហារីក​ក្រពះ​នោះ​ទេ ប៉ុន្តែ​គេ​ថាសារធាតុ​នីត្រូហ្សាមីន​នៅ​ក្នុង​ត្រីងៀត ត្រី​ឆ្អើរ អាច​ជួយ​ជម្រុញ​ឲ្យ​ក្រពះ​យើង​កើត​ជំងឺ​មហារីក។

បន្ថែម​ពី​លើ​អំណះ​អំណាង​ខាងលើ ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាម នៃ​មន្ទីរពេទ្យ​កាល់ម៉ែតថា ឧទាហរណ៍​ជា​ភស្តុតាង​វិទ្យាសាស្រ្ត​ច្បាស់លាស់​នោះ ជន​ជាតិ​ដែល​ចូលចិត្ត​ញ៉ាំ​ត្រី​ប្រឡាក់​ច្រើន​ជាង​គេ គឺ​ជនជន​ជាតិ​ជប៉ុន ដែល​ករណី​នេះ​ហើយ​ទើប​ជន​ជាតិ​ជប៉ុន​មាន​អត្រា​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើនជាង​គេនៅ​លើ​ពិភពលោក។ លោក​វេជ្ជបណ្ឌិត​ថា នោះ​គឺ​ជា​ភស្តុតា​ងវិទ្យាសាស្ត្រ​ពិត​ប្រាកដ។

ថ្វី​បើ​បែប​នេះ​ក្តីលោក​វេជ្ជបណ្ឌិត​ថា នៅ​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​អត្រា​កើត​ជំងឺ​មហារីក​ក្រពះ​ក៏​មាន​ចំនួន​ច្រើន​ដែរ ហើយ​បើ​តាម​តួលេខ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង១​ឆ្នាំ​មាន​អ្នក​កើត​ជំងឺ​មហារីក​ថ្មី​គ្រប់​ប្រភេទ​ប្រហែល ១ម៉ឺន៥ពាន់ករណី ដែល​ជំងឺ​មហារីក​មាត់ស្បូន​ឈរ​នៅ​លំដាប់ទី១ ទី២ មហារីក​សុដន់ ទី៣ មហារីក​សួត ទី៤ មហារីក​ក្រពះ និងទី៥ មហារីក​ថ្លើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]