អ៊ីតាលី៖ យោងតាមសារព័ត៌មានរបស់អ៊ីតាលី PassionInter បានចុះផ្សាយថាកីឡាករ Ivan Perisic អាចនឹងត្រូវចាកចេញពី Inter Milan នៅរដូវក្ដៅនេះ ហើយក្លិបកាំភ្លើងធំ Arsenal អាចជាទីស្នាក់អាស្រ័យថ្មីរបស់គេ បន្ទាប់ពីរូបគេបដិសេធសំណើពីបណ្ដាក្លិបជាច្រើននៅ Chinese Super League។

កីឡាករ Ivan Perisic

កីឡាករវ័យ៣០ឆ្នាំ Perisic បានបង្ហាញទម្រង់លេងយ៉ាងល្អនិងជួយក្រុមជម្រើសជាតិក្រូអាតក្លាយជាជើងឯករងក្នុងព្រឹត្តិការណ៍ World Cup 2018 ក្រោយចាញ់មាន់គកបារាំងក្នុងវគ្គផ្ដាច់ព្រ័ត្រ។ មិនខុសគ្នាពីក្នុងក្រុមជម្រើសជាតិ ជាមួយ Inter Milan វិញគេក៏បង្ហាញទម្រង់លេងល្អដែរ គ្រាន់តែការមកដល់របស់លោក Conte អ្វីៗគ្រប់យ៉ាងអាចនឹងផ្លាស់ប្ដូរ។

កីឡាករ Ivan Perisic

តាមពិតទៅភ្នាក់ងាររបស់កីឡាករ Persic បាននឹងកំពុងនៅទីក្រុង Milan ដើម្បីពិភាក្សាឈានទៅរកការផ្ទេររូបគេ ហើយគេជឿថាការផ្ទេរនេះនឹងអាចកើតមានឡើងក្នុងពេលឆាប់ៗ។ ខ្សែប្រយុទ្ធស្លាបរូបនេះធ្លាប់ត្រូវបានក្លិបបិសាចក្រហម Manchester United មានបំណងក្នងការទិញយកមកកាន់ទឹកដីអង់គ្លេសកាលពីរដូវកាលមុន ប៉ុន្តែមិនបានសម្រេចនោះទេ។ 

កីឡាករ Ivan Perisic

បញ្ជាក់ផងដែរថា Perisic បានមកលេងនៅទឹកដីអ៊ីតាលីក្នុងឆ្នាំ២០១៥ ក្រោយផ្លាស់មកពី Wolfsburg របស់អាល្លឺមង់។ ៤ឆ្នាំជាមួយ Inter Milan ក្នុងនាមជាខ្សែប្រយុទ្ធស្លាបគេអាចរកគ្រាប់បាល់បាន៣៧គ្រាប់ ជាមួយការបង្ហាញខ្លួន១៤១ប្រកួត៕

ប្រភព៖ foxsportasia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]