អង្គការសុខភាពពិភពលោក និងក្រសួង​សុខាភិបាល​បាន​ចេញ​ការ​ណែនាំ​មិន​ឲ្យ​ទារកអាយុ​ក្រោម ៦ ខែ ញ៉ាំ​ទឹក​នោះ​ទេ ឲ្យ​ម៉ឹម​តែទឹកដោះ​ម្តាយ​​មួយ​មុខគត់។ ទោះ​ជា​បែប​នេះ​ក្តី ​គ្នា​​យើង​មួយ​ចំនួន​នៅតែមិន​អស់​ចិត្ត ព្រោះ​ទម្លាប់​ចាស់​បុរាណ តែង​តែ​បន្តក់​ទឹក​ឲ្យ​ទារក​ខ្លះៗ បារម្ភ​ខ្លាច​អូន​តូច​ស្រេក​ទឹក ខះក ជាដើម។

ហេតុអ្វី​មិន​ឲ្យ​ទារក​ទើប​​កើត ដល់អាយុ ៦ខែ ​ញ៉ាំ​ទឹក?

លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ពន្យល់​ថា តាម​ការសិក្សាជ្រាវជ្រាវ ទឹកដោះ​ម្តាយ​មាន​ជាតិ​ទឹក​ដល់​ទៅ ៨០% ឯណោះ ដូច្នេះ​ចំពោះ​ម៉ាក់ៗ​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ មិន​ចាំបាច់​បន្ថែម​ទឹក​ដល់​អាអូន​នោះ​ទេ ចាប់​ពេល​កើតរហូត​ដល់​​អាយុ បាន៦ខែ ឲ្យ​តែ​កូន​ម៉ឹមដោះ​​មួយ​មុខ​ប៉ុណ្ណោះ។ ទោះជាក្នុងលក្ខខណ្ឌ​ណា​ក៏​ដោយ ឬក៏​អាកាសធាតុ​ក្តៅ​ខ្លាំង​ក្តី។

«ទឹកដោះ​ម្តាយ​មាន​ជាតិ​ទឹក​គ្រប់​គ្រាន់ដែល​ទារក​ត្រូវការ អ៊ីចឹង​ម្តាយ​មិន​ចាំបាច់​ផ្តល់​ទឹកបន្ថែម​ឲ្យ​កូន​​ទៀត​ទេ អំឡុង ៦ ខែ​ដំបូង បើ​គិត​ថា​កូន​ស្រេកទឹកអាចឲ្យ​បៅ​ដោះជំនួស​បាន»

លោក​ជំទាវ​វេជ្ជបណ្ឌិត បញ្ជាក់។

ចុះ​បើ​ឲ្យ​ទារកញ៉ាំ​ទឹក​នឹង​មាន​អ្វី​កើត​ឡើង?

ហេតុផល​ងាយយល់បំផុត កាលណា​បន្តក់​ទឹក​មិន​ស្អាត​បន្ថែម​ឲ្យ​ទារក ហាក់បី​ដូចជា​ដាក់​មេរោគ​ទៅ​កូន​អ៊ីចឹង ព្រោះ​ទារក​ទើប​កើត​ប្រៀប​បាន​នឹង​ក្រដាសស​ស្អាត ពេលណា​យើង​ដាក់​ពណ៌​ឲ្យ​អូន​តូច ច្បាស់ជា​មាន​បញ្ហា។ ការឲ្យកូនញ៉ាំទឹកមុនពេលអាយុ៦ខែ អូនតូចប្រឈមនឹងបញ្ហារាករូសជាងគេ ហើយមិនសូវបៅដោះម្តាយធ្វើឲ្យខ្វះ​អាហារូបត្ថម្ភ។

ទឹកដោះម្តាយ​សម្បូរជាតិទឹក និង​សារធាតុ​ចិញ្ចឹមល្អ​ឥត​ខ្ចោះ​សម្រាប់​ទារក ជួយ​ឲ្យអូនតូច​លូតលាស់​បាន​ល្អ បង្កើន​ភាពស៊ាំចៀស​ផុត​ពី​ជំងឺ​ផ្សេងៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]