ខេត្តបាត់ដំបង ៖ នា​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា នៅ​ក្នុងភូមិ​អូរ​ដា ឃុំ​បួរ ស្រុក​ភ្នំព្រឹក អាជ្ញាធរ​មូលដ្ឋាន​និង​អ្នក​ភូមិ រួម​ទាំង​ក្រុម​គ្រួសារ​សាច់ញាតិ​របស់ជនរងគ្រោះ​ដែល​មក​ពី​ទី​ជិត​ឆ្ងាយ​បាន​នាំ​គ្នា​សង់រោង​បុណ្យ ដើម្បី​រង់ចាំ​ទទួល​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ ដែល​បាន​ស្លាប់​​ក្នុង​ព្រឹត្តិការ​ណ៍​បាក់​​អគារកម្ពស់​​៧​ជាន់ នៅឯ​​ខេត្ត​ព្រះ​ស៊ី​ហ​នុ កាលពី​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១៩​។

កំពុង​ស្ថិត​ក្នុង​ទិដ្ឋភាព​ដ៏​សោកសៅ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ​យ៉ាង​មមាញឹក​ផង​នោះ លោក​កើត ចិន្តា មេឃុំ​បួរ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មិថុនា ឱ្យ​ដឹង​ថា ខណៈ​នេះ​អាជ្ញាធរ និង​ប្រជា​ពលរដ្ឋ​ជា​ច្រើន​បាន​នឹង​កំពុង​ចូលរួម​រំលែក​ទុក្ខ​ជាមួយនឹង​ក្រុម​គ្រួសារ​នៃ​សព​ដែល​បាន​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍បាក់​អគារ​នៅ​ខេត្ត​ព្រះ​សី​ហ​នុ​។

លោក​មេឃុំ​បួរ​បាន​ថ្លែង​ថា ជាមួយនឹង​ការ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​នា​ពេល​នេះ អាជ្ញាធរ និង​អ្នក​ភូមិ ក៏​កំពុង​សហការ​គ្នា​ជួយ​រៀបចំ​សង់រោង​បុណ្យ ដើម្បី​រង់ចាំ​ទ​ទួ​ល​សព​ប្ដី​ប្រពន្ធ ដែល​សាច់ញាតិ​កំពុង​ធ្វើ​ដំណើរ​ទៅ​ទ​ទួល​យកស​ពពី​ខេត្ត​ព្រះ​សី​ហ​នុ​ផង​ដែរ​។

លោក​កើត ចិន្តា មេឃុំ​បួរ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធដែល​បាន​ស្លាប់​យ៉ាង​រន្ធត់​នៅ​ក្នុង​ព្រឹត្តិការណ៍​អគារ​បាក់​សង្កត់​នៅ​ឯ​ខេត្ត​ព្រះ​សី​ហ​នុ​នោះ គឺ​ជន​រង​គ្រោះជា​ប្តី​ឈ្មោះ​ទន់ ប្រុស អាយុ​៤០​ឆ្នាំ និង​ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​ហ៊​ង ច​ន្ថា អាយុ​៣៧​ឆ្នាំ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​មានកូន​ប្រុស​ចំនួន​៣​នាក់ ដែល​កូន​ទី​១ អាយុ​១៣​ឆ្នាំ កូន​ទី​២​អាយុ​១១​ឆ្នាំ និង​កូន​ទី​៣ អាយុ​៩​ឆ្នាំ ក្រុមគ្រួសារ​របស់ជនរងគ្រោះ​រស់នៅ​ក្នុងភូមិ​ឃុំ ដែល​កំពុង​រៀបចំ​ធ្វើបុណ្យ​ខាងលើ​។

លោក​មេឃុំបួរ​បាន​បញ្ជាក់​ថា ពេល​នេះ​ក្រុម​គ្រួសារ​ និង​សាច់ញាតិ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ទទួលយក​សព​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​មក​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត ខណៈ​មន្ត្រី​អាជ្ញាធរ និង​អ្នក​ភូមិ រួម​ទាំង​សាច់ញាតិ​ជា​ច្រើន​នាក់​កំពុង​រង់ចាំ​ទទួល​ដោយ​ក្តី​ក្តុកក្តួល​បំផុត​។

បើ​មើល​ទិដ្ឋភាព​នៃ​ទីកន្លែង​ប្រារព្ធ​ពិធី​បុណ្យសព គេ​សង្កេត​ឃើញ​អ្នកចូលរួម​រំលែក​ទុក្ខ​ជាមួយនឹង​ក្រុម​គ្រួសារ​នៃ​សព​បាន​នាំ​គ្នា​រៀបចំ​ដំឡើង​រោង​បុណ្យ រោង​ចុងភៅ និង​ឧ​បករ​ណ៍​បំពង​សំ​ឡេង​យ៉ាង​មមាញឹក​ ខណៈ​លោកតា​អាចារ្យ​ជា​ច្រើន​នាក់ក៏​កំពុង​រៀបចំ​ទីតាំង​សម្រាប់​តម្កល់សព​ប្ដី​ប្រពន្ធ ដែល​អ្នកចូលរួម​រំលែក​ទុក្ខ​ទាំងអស់ ម្នាក់​ៗស្ថិត​​ក្នុង​ទឹកមុខ​ស្រងូត​ស្រ​ង៉ា​ត់ ក្រោម​ដំណក់ទឹកភ្នែក​រលីងរលោង​នៃ​ក្រុម​គ្រួសារ និង​ញាតិ​មិត្ត​ជិត​ឆ្ងាយ​មួយ​ចំនួន​ផង​ដែរ ដែល​មើលទៅ​គួរ​ឲ្យ​ស​ង្វែ​គ ។

សូម​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ខាងលើ​នេះ គឺជា​ពលរដ្ឋ​រស់នៅ​ខេត្តបាត់ដំបង ហើយ​បាន​ចាក​ចេញពី​ស្រុក​កំណើត​ទៅ​ធ្វើ​ជា​កម្មករ​សំណង់ និង​បាន​ស្នាក់​នៅ​ក្នុង​អគារ​កម្ពស់​៧ជាន់​របស់​ក្រុមហ៊ុន​ចិន​ឯ​ខេត្ត​ព្រះ​សីហ​នុ​ដែល​កំពុង​សាងសង់ ហើយ​ក៏​បានរ​លំបាក់​កាលពី​វេលា​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ មិថុនា បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់ និងអ្នក​​រង​របួស​ជា​ច្រើន​នាក់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]