ភ្នំពេញ៖ រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានរឿងដ៏ភ្ញាក់ផ្អើលគួរឲ្យកត់សម្គាល់ នៅលើបណ្តាញសង្គម នៅពេលដែលឪពុកបង្កើតរបស់អតីតបេក្ខភាព The Voice Kid Cambodia រដូវកាលទី១ កុមារី ញិល អែនជិលរិកា ប្រកាសបាត់កូនស្រី និងកូនប្រុសរបស់ខ្លួន ដោយបាននិយាយថាត្រូវបាននារីម្នាក់លួងលោមយកទៅបាត់ ទាំងពីរបងប្អូនតែម្តង។

ហេតុការណ៍នេះដែរ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មិនតិចនាក់នោះទេ នាំគ្នាចែកចាយព័ត៌មាននេះតៗគ្នា ហើយថែមទាំងសម្តែងក្តីបារម្ភអំពីសុវត្តិភាពរបស់ក្មេងទាំងពីរផងដែរ។

ក៏ប៉ុន្តែ ស្រាប់តែយប់ម្សិលមិញនេះ កុមារី ញិល អែនជិលរិកា ដែលត្រូវឪពុកប្រកាសបាត់ខ្លួននោះ បានធ្វើការ Live វីដេអូចេញពីគណនីហ្វេសប៊ុកផ្ទាល់របស់នាង ដោយបាននិយាយទម្លាយការពិត រៀបរាប់អំពីបញ្ហា និងមូលហេតុពីក្រោយការបាត់ខ្លួនរបស់នាង។ ផ្អែកលើវីដេអូរយៈពេលជាង ១៧ នាទីនោះ កុមារី អែនជិលរិកា បាននិយាយបណ្តើរ យំបណ្តើរថា នាងមិនមាននណាម្នាក់លួងលោមបោក ឬក៏ចាប់ខ្លួននោះទេ ហើយមនុស្សស្រីដែលយកនាង និងប្អួនប្រុសមកទឹកដីអាមេរិកនេះ ហើយត្រូវគេចោទថាជាជនឆបោកនោះ គឺជាម្តាយរបស់នាងផ្ទាល់តែម្តង។ ហើយអ្វីដែលសំខាន់នោះ មូលហេតុដែលនាងមកតាមម្តាយ ក៏ព្រោះតែនាងចង់រៀនសូត្របន្ត ឯចំណែកពេលដែលនាងរស់នៅជាមួយឪពុក នាងមិនបានទទួលការរៀបសូត្រអ្វីទាំងអស់ ដោយឪពុកនាង បានប្រាប់ឲ្យនាងមកជួយធ្វើការងាររបស់គាត់ជំនួសវិញ ទាំងដែលពេលនេះនាងទើបតែមានអាយុ ១៤ ប៉ុណ្ណោះ។ ដូច្នេះហើយ ទាំងនេះទើបធ្វើឲ្យ អែនជិលរិកា ដាច់ចិត្តចេញពីឪពុក មកតាមម្តាយ ដោយមិនបានប្រាប់គាត់មួយម៉ាត់ ព្រោះនាងដឹងថា បើនាងប្រាប់នោះ ឪពុកនាងនឹងមិនឲ្យនាងមករស់នៅទឹកដីនេះ នោះឡើយ។

ទាំងនេះគឺជាការរៀបរាប់ទាំងទឹកភ្នែករបស់កុមារីរូបនេះ ហើយទាំងនេះក៏ជាមូលហេតុដែលនាង រត់មកតាមម្តាយផងដែរ។ លើសពីនេះ កុមារី អែនជីលរិកា ថែមទាំងនិយាយថា នាងពិតជាស្រលាញ់ និងនឹកឪពុកនាងខ្លាំង ក៏ប៉ុន្តែនាងត្រូវការសិក្សា និងត្រូវការចំណេះដឹងសម្រាប់ថ្ងៃអនាគត។

ក្រោយពីមានការចេញមុខបកស្រាយរួចមក មកទល់ពេលនេះ គេមិនទាន់ឃើញ ឪពុករបស់កុមារី អែនជិលរិកា ចេញមុខនិយាយអ្វីតបទៅកូនស្រីវិញនោះទេ ព្រោះថា អ្វីដែលលោកប្រកាសនៅលើបណ្តាញសង្គម កាលពីប៉ុន្មានថ្ងៃមុន និងការបកស្រាយរបស់កុមារីរូបនេះ ហាក់ផ្ទុយស្រឡះពីគ្នាខ្លាំងមែនទែន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

ញិល អែនជីរិកា
ញិល អែនជីរិកា និងគ្រួសារ
ញិល អែនជីរិកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]