រាជធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​បាន​បន្ត​ទៀតថា ​​រយៈពេល​ជា​ច្រើន​ម៉ោង​មកហើយ អណ្តាត​ភ្លើង​​​មិន​ព្រម​ថមថយ​ បាន​ឆេះ​រាល​ដាល​ដល់​​លំនៅ​ឋាន​១​ខ្នង និង​ផ្ទះ​ជួល​២​បន្ទប់​ថែម​ទៀត គិតនៅ ត្រឹម​​​ម៉ោង​​ជិត​៣​រសៀល​ថ្ងៃ​ទី​២២ មិថុនា នេះ បន្ទាប់​ពី​ត្របាក់​នៅ​​ឃ្លាំង​ស្តុក​ហ្គា​សហើយរាល​ដល់​ភូមិ​គ្រឹះ​ដ៏ធំ​ស្កឹ​ម​ស្គៃ​របស់​ម្ចាស់​​នោះ ស្ថិត​នៅ​ចំណុច​ឃ្លាំង​លេខ​១២ ផ្លូវ​បេតុង ក្រុម​៤ ក្នុងភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌប្ញ​ស្សី។ 

សេចក្តីរាយការណ៍បន្តថា តែ​ទោះបីជា​យ៉ាងណា ហេតុការណ៍រន្ធត់នេះ មិនបណ្តាល​​ឱ្យមាន​​មនុស្ស​រង​គ្រោះ​ថ្នាក​​់នោះទេ ​។ គួរបញ្ជាក់​ដែរថា ហេតុការណ៍​នេះ​ បង្ក​​ឱ្យ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក​ម្ល៉េះ ។ ​ហើយ​ភ្លាម​ៗ រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​គ្រឿង​​ទៅ​អន្តរាគមន៍បាញ់​ពន្លត់ ។​

ទាក់ទិន​ការ​កើត​មាន​អគ្គី​ភ័យ ត្រូវ​បាន​សមត្ថកិច្ច​អោយ​ដឹង​ថា បណ្តាល​មក​ពី​ជាង​ផ្សា​​​ដែក​មកធ្វើ​​ធ្នើរ​ដាក់​ហ្គា​ស​ក្នុង​បរិវេណ​ឃ្លាំង ជា​ហេតុ​បណ្តាល​អោយ​កម្ទេច​ភ្លើង​​ខ្ទាតធ្លាក់​ទៅ​ប៉ះ​នឹង​កំប៉ុង​ហ្គា​ស​តូច​ៗក៏​ផ្ទុះ​ឆេះ​តែ​ម្តង​ ។ ឃ្លាំង​ដែល​ត្រូវ​ភ្លើងឆាបឆេះ​នោះ​មាន​ទំហំ​ប្រមាណ​២០​ម៉ែត្រ​គុណ​៤០​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ សេង ហួត ភេទ​ប្រុស​អាយុ ៤២​ឆ្នាំ ជា​នគរបាល​នៅ​ក្រសួងមហាផ្ទៃ។

​តាម​ព័ត៌មាន​​ថា ​កំប៉ុង​ហ្គា​ស​តូច និង​ធំមានរាប់​ម៉ឺន​កំប៉ុង​និង​ធុងឯនោះ​ បាន​ផ្ទុះ​ឆេះ​ផ្សែងហុយ​ទ្រលោម​ទៅ​លើ​អាកាស​ផ្អើល​មួយ​ចំហៀង​រាជធានី​ភ្នំពេញ​ ។ ដោយសារ​អំណាច​​​ហ្គា​សនិងភ្លើង ​បាន​ឆេះ​រាលដាល​យ៉ាង​រហ័ស ​និង​ឆេះ​ដល់​ភូមិគ្រឹះ​មួយ​ខ្នង កំពស់​៣​ជាន់​របស់​ថៅ​ហ្គា​ស​យ៉ាង​សន្ធោសន្ធៅ រង​ការ​ខូចខាត​ស្ទើរតែ​ទាំងស្រុង ព្រមទាំង​ឆេះ​រាលដាល​ទៅផ្ទះ​អ្នក​ជិតខាង​មួយ​ខ្នង និង​បន្ទប់​ជួល​ចំនួន​២​បន្ទប់​ទៀត។

តាម​នគរបាល​បានដឹងដែរ​ថា នៅ​ពេល​កើត​មាន​អគ្គិភ័យ រថយន្ត​ពន្លត់​មាន​​៣៣​គ្រឿង​របស់​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ ​ព្រមទាំង​អង្គភាព​ផ្សេង​ៗ​បាន​ទៅ​អន្តរាគមន៍​បាញ់​អស់​៦១​រថយន្ត គិតអស់រយៈ​ពេល​ប្រមាណ​ជាង​៣​ម៉ោង ភ្លើង​ក៏​បាន​រលត់​ជា​ស្ថាពរ​​៕ 

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]