អាមេរិក៖ ពេទ្យសត្វម្នាក់ មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីលោករកឃើញក្បាលដោះជ័ររបស់កូនង៉ែតចំនួន ១៩ដុំនៅក្នុងពោះឆ្កែ ក្រោយពីវាឈប់ស៊ីអាហារ។

យោងតាមប្រភពបានឱ្យដឹងថា មានក្រុមគ្រួសារមួយបានយកឆ្កែប្រភេទ Bulldog មួយក្បាល អាយុ ៣ឆ្នាំ មកកាន់មន្ទីរពេទ្យសត្វ Angell ក្នុងទីក្រុងបូស្តុនកាលពីពេលថ្មីៗនេះ ដើម្បីពិនិត្យមើល ក្រោយពីវា ឈប់ស៊ីអាហារ។

គួរឱ្យដឹងផងដែរថា រឿងនេះបានចាប់ផ្តើមតាំងពីខែមេសាមកម្ល៉េះ បន្ទាប់ពីក្រុមគ្រួសារ Wellesley បានសម្គាល់ឃើញឆ្កែរបស់គេឈ្មោះ Mortimer ចាប់ផ្តើមក្អួតចង្អោរ មុនពេលស៊ីអាហារ។

ដូច្នេះ ពួកគេក៏បាននាំ Mortimer ទៅពេទ្យសត្វមួយកន្លែងដើម្បីពិនិត្យព្យាបាល ប៉ុន្តែវាគ្មានប្រសិទ្ធភាពអ្វីទាល់តែសោះ។ ចុងក្រោយ Mortimer ក៏ឈប់ស៊ីចំណីយកតែម្តង។

ដូច្នេះ ពួកគេក៏បាននាំ Mortimer មកកាន់មន្ទីរពេទ្យសត្វ Angell ដើម្បីពិនិត្យមើលម្តង។ ឆ្លងកាត់ការឆ្លុះកាំរស្មីអ៊ិច គ្រូពេទ្យរកឃើញថា នៅក្នុងពោះរបស់ Mortimer រកឃើញក្បាលដោះជ័ររបស់កូនង៉ែតជាច្រើន។

ដូច្នេះ គ្រូពេទ្យនៅទីនោះក៏បានវះកាត់ជួយយកចេញក្បាលដោះជ័រទាំងនោះ ហើយបានរកឃើញថាវាមានចំនួនដល់ទៅ ១៩ដុំឯណោះ។ ពេលនេះឆ្កែ Mortimer កំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពទ្យជាបណ្តោះអាសន្នសិន។

យ៉ាងណាមិញ លោកគ្រូពេទ្យបាននិយាយថា Mortimer អាចនឹងលេបក្បាលដោះជ័រទាំងអស់នេះអស់រយៈពេលជាង ៧ខែមកហើយ៕

Mortimer កំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]