ចិន៖ ព្រាននារីមុខស្រស់ម្នាក់ បានធ្វើឲ្យនាងក្រមុំជាសង្សារមានការក្តៅក្រហាយចិត្តយ៉ាងខ្លាំង ក្រោយណាត់ពួកនាងផ្តោះផ្តងមេត្រីក្នុងពេលតែមួយ រហូតផ្ទុះជាកំហឹងនាំគ្នាលើកទ័ពមកធាក់ទ្វារបន្ទប់ ចូលវ៉ៃប្រាវផ្អើលសណ្ឋាគារ។

ហេតុការណ៍នេះបានកើតឡើង កាលពីពេលថ្មីៗកន្លងទៅនេះ ស្ថិតនៅឯបន្ទប់សណ្ឋាគារមួយកន្លែង ក្នុងស្រុក Jinzhai ខេត្ត Anhui ប្រទេសចិន។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បុរសជាសង្សារនិងជាព្រាននារីលាក់មុខនេះ ត្រូវបានគេស្គាល់ឈ្មោះថា លោក Jiang ។ ចំណែកឯ មិត្តស្រីរបស់លោកដែលបានលួចលាក់ស្នេហាដល់ទៅ ២នាក់នោះ គឺនាង Chen និងនាង Li (សង្សារក្រោយ)។ បន្ថែមលើនេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ នារីដែលត្រូវជាសង្សារទាំងពីរនាក់នេះ ពួកនាងថែមទាំងជាមិត្តភក្តិជិតស្និទ្ធនឹងគ្នាថែមទៀតផង។

នៅក្នុងថ្ងៃកើតហេតុ លោក Jiang បានណាត់ពួកនាងឲ្យមកបន្ទប់សណ្ឋាគាររបស់លោក។ ប៉ុន្តែអ្វីដែលភ្ញាក់ផ្អើលនោះ ក្រោយការតាមដាន Chen នាងបានដឹងថា សង្សារចិត្តព្រានរបស់នាងរូបនេះ បានលួចមានទំនាក់ទំនងស្នេហាពីក្រោយខ្នងនាង ជាមួយនឹងមិត្តសំណព្វចិត្តនាងឈ្មោះ Li ហើយខណៈដែលការណាត់មួយនេះ លោក Jiang ថែមទាំងណាត់ពួកនាងឲ្យមកក្នុងពេលតែមួយថែមទៀត ដោយក្នុងគោលបំណងធ្វើរឿងដ៏ស្មោកគ្រោក ដើម្បីបំពេញចិត្តរបស់លោក។

ប៉ុន្តែមិនថាយ៉ាងណា នៅទីបំផុត Chen និង Li ពួកនាងក៏បានទៅបន្ទប់សណ្ឋាគារដែលលោក Jiang ស្នាក់នៅនោះតាមការណាត់ និងថែមទាំងបានហៅមិត្តៗនាង ៣នាក់ផ្សេងទៀតទៅជាមួយ ដើម្បីលើកទ័ពទៅសំឡេះប្រុសសម្អុយចិត្តព្រាន លោក Jiang តែម្តង។

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប ពួកនាងទាំង ៥នាក់ បាននាំគ្នាធាក់ទម្លាយទ្វារបន្ទប់របស់លោក Jiang រហូតទាល់តែរបើក និងនាំគ្នាស្ទុះចូលក្នុងបន្ទប់នោះតាមៗគ្នា។ ខណៈដែលលោក Jiang ក៏ត្រូវបានគេដឹងដែរថា បានទូរស័ព្ទហៅប៉ូលិសដើម្បីសុំជំនួយ ជួយធ្វើអន្តរាគមន៍ផងដែរ។

ពួកនាងបាននាំគ្នាជេរ និងព្រួតវាយលោក Jiang អស់រយៈពេលប្រមាណជាង ១០នាទី ដើម្បីជាការផ្តល់មេរៀន រួចក៏បាននាំគ្នាគេចខ្លួនបាត់អស់ មុនពេលដែលមន្រ្តីប៉ូលិសចុះទៅដល់ទីនោះ។

យ៉ាងណាមិញ បើតាមការឲ្យដឹងពីមន្រ្តីប៉ូលិសបាននិយាយថា ដើមហេតុដំបូងលោក Jiang មាន Chen ជាសង្សារនឹងគ្នាយូរមកហើយ។ ប៉ុន្តែទើបតែកាលពីប៉ុន្មានថ្ងៃមុននេះប៉ុណ្ណោះ ដែល Chen និងលោក Jiang បាននាំគ្នាទៅញ៉ាំអាហារខាងក្រៅ ដោយនៅក្នុងនោះក៏មានមិត្តភក្តិជិតស្និទ្ធរបស់នាងម្នាក់ទៀតឈ្មោះ Li បានរួមតុជាមួយ និងបានណែនាំឲ្យស្គាល់គ្នាផងដែរ។

ក្រោយមក លោក Jiang ក៏ស្រាប់តែមានចំណាប់អារម្មណ៍លើ Li ដែលជាមិត្តភក្តិសង្សាររបស់ខ្លួន ព្រោះតែ Li នាងមានសម្រស់ស្រស់ស្អាត រហូតក៏ចាប់ផ្តើមលួចមានទំនាក់ទំនងស្នេហានឹងគ្នាតែម្តង។ នេះក៏ដោយសារតែ ប្រុសចិត្តព្រានញ៉ែស្រីមិនរើសមុខរូបនេះ បានលួចប្រាប់ក្រោយខ្នងពួកនាងទាំងសងខាងថា ខ្លួនគ្រាន់តែជាមិត្តធម្មតានឹងគ្នាតែប៉ុណ្ណោះ ជាមួយនឹង Chen និង Li ។

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ ប៉ូលិសបានបញ្ជាក់ឲ្យដឹងថា នារីទាំង៥នាក់ខាងលើនេះ ក៏នឹងត្រូវតែចេញមុខទទួលរ៉ាប់រង ពោលគឺទូទាត់ថ្លៃសំណងឲ្យខាងសណ្ឋាគារ ចំពោះសកម្មភាពដែលពួកនាងបានបង្កឡើង បណ្តាលឲ្យខូចខាតទ្វារនេះផងដែរ។

ចំណែកឯ ប្រុសព្រាន លោក Jiang ក៏បានធ្វើការសុំអភ័យទោសចំពោះនារីៗទាំង ៥នាក់នោះ ហើយលោកក៏បានសន្យាដែរថា នឹងបញ្ឈប់ការណាត់ជួប ឬមានទំនាក់ទំនងជាមួយនឹងសង្សាររបស់ខ្លួន Chen និង Li ទៀតហើយ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

មន្រ្តីប៉ូលិស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]