តៃវ៉ាន់៖ អីចឹងបានថា ផ្លូវដើម្បីស្វែងរកមិត្តស្រី ឬមិត្តប្រុស វាមិនស្រួលដូចជាអ្នកគិតនោះទេ ពោលគឺត្រូវជួបនូវឧបសគ្គច្រើន។ ជាក់ស្តែងដូចជាបុរសម្នាក់ រស់នៅលើកោះតៃវ៉ាន់បានលួចស្រលាញ់បុគ្គលិកលក់កាហ្វេម្នាក់ដែលធ្វើការនៅក្នុងហាង 7-Eleven នៅជិតផ្ទះរបស់គាត់ ប៉ុន្តែគាត់មិនចេះពីរបៀបចែចូវនាងនោះទេ។

យោងតាមប្រភពបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានបុរសម្នាក់មានចែករំលែករឿងរ៉ាវជីវិតរបស់លោកនៅលើបណ្តាញសង្គមតៃវ៉ាន់ដោយរៀបរាប់ថា កាលពីជាងពីរឆ្នាំមុន លោកបានឃើញបុគ្គលិកស្រីលក់កាហ្វេដ៏ស្រស់ស្អាតម្នាក់ ហើយលោកឃើញភ្លាមក៏ស្រលាញ់ភ្លែតយកតែម្តង។

ប៉ុន្តែគាត់មិនចេះចែចូវនាងនោះទេ ដូច្នេះគាត់ក៏បែកគំនិតថានឹងទៅទិញកាហ្វេនាងរាល់ថ្ងៃ។ ដើម្បីធ្វើឱ្យនាងចាប់អារម្មណ៍និងចងចាំគាត់នោះ គាត់ក៏បានកម្ម៉ុងកាហ្វេដ៏ពិសេសមួយ ពោលគឺគាត់បានឱ្យនាងដាក់ស្ករចំនួន ៥ស្លាបព្រាចូលក្នុងកាហ្វេ។

រូបតំណាង

ភ្លាមៗនោះ ស្រីម្នាក់នោះក៏បានឆ្លើយតបថា៖

«តើវាមិនផ្អែមពេកទេ?»

គាត់ក៏តបវិញថា៖

«វាមិនផ្អែមដូចជាអូននោះទេ។»

ពេលនោះបុគ្គលិកស្រីលក់កាហ្វេនេះក៏ញញឹម ហើយក៏ដាក់ស្ករចូលកាហ្វេឱ្យគាត់តាមហ្នឹងទៅ។

ចាប់តាំងពីពេលនោះមក បុរសសំបូរស្នេហ៍ម្នាក់នេះ បានទិញកាហ្វេដាក់ស្ករចំនួន ៥ស្លាបព្រារាល់ថ្ងៃ។

រូបតំណាង

មានអ្នកប្រើប្រាស់អ៊ីនធើណេតជាច្រើន គិតថានឹងមានរឿងផ្អែមល្ហែមនៅចុងក្រោយហើយ ប៉ុន្តែពួកគេស្រាប់តែភ្ញាក់ផ្អើលនូវឃ្លាចុងក្រោយរបស់បុរសម្នាក់នេះទៅវិញ ពោលគឺគាត់បានសរសេរឃ្លាចុងក្រោយថា៖

«២ឆ្នាំក្រោយមក ខ្ញុំក៏កើតជំងឺទឹកនោមផ្អែម។»

វាពិតជាធ្វើឱ្យអ្នកលេងអ៊ីនធើណេតជាច្រើនមានការភ្ញាក់ផ្អើលពិតមែន។ យ៉ាងណាមិញ មានអ្នកខ្លះក៏សង្ស័យថាតើវាគឺជារឿងពិតមែនឬក៏យ៉ាងណា។ មិនថាវាគឺជារឿងពិត ឬក៏យ៉ាងណានោះទេ សុខភាពគឺជារឿងដ៏សំខាន់បំផុត។ កុំដើម្បីតែស្នេហា ភ្លេចគិតដល់សុខភាពរបស់ខ្លួននោះ។ ចំណែកចុងក្រោយថាតើបុរសម្នាក់នេះបានស្រលាញ់គ្នាជាមួយនឹងបុគ្គលិកស្រីលក់កាហ្វេនោះឬក៏យ៉ាងណា យើងពុំទាន់ដឹងច្បាស់ប្រាកដនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]