បរទេស៖ ក្លិប Real Madrid ហាក់កំពុងឡើងកម្តៅខ្លាំង ក្នុងរឿងរ៉ាវនាំយក Neymar Jr មកកាន់ទឹកដីអេស្ប៉ាញ បន្ទាប់ពីត្រៀមយកខ្សែប្រយុទ្ធម្នាក់ និងថែមលុយ ១៣០លានអឺរ៉ូបន្ថែមទៀត ដើម្បីនាំយកកីឡាកររបស់ Paris Saint-Germain មកចូលរួម។ គួរបញ្ជាក់ឱ្យដឹងដែរថា មួយរយៈចុងក្រោយនេះ Neymar ហាក់បង្ហាញចេតនាចំៗតែម្តងក្នុងការស្នើក្លិប PSG ចាកចេញ ខណៈលោក Khelaifi ជាម្ចាស់ក្លិបឯណោះវិញ ក៏បានបង្ហើរពាក្យសម្តីថា ទ្វារចំហរជានិច្ចសម្រាប់កីឡាករទាំងឡាយណាដែលគ្មានទំនួលខុសត្រូវ និងមានចរិតតួឯកក្នុងក្រុម។

កីឡាករ Neymar Jr
ការចុះផ្សាយរបស់ Mundo Deportivo

អនាគតរបស់ Neymar ទំនងជានឹងអាចបញ្ចប់ពីលីគកំពូលបារាំង ស្របពេលដែលលេចឮនូវពាក្យចចាមអារ៉ាមជាច្រើនអំពីការវិលមក Barcelona វិញ ព្រមទាំងការព្យាយាមឆ្មក់ពីសំណាក់ក្លិប Real Madrid។ ដោយឡែក បើយោងតាមប្រភពពី Mundo Deportivo បានឱ្យដឹងថា ក្លិប Real Madrid គ្រោងនឹងចំណាយ ១៣០លានដុល្លារសម្រាប់កីឡាករប្រេស៊ីលរូបនេះ ដោយបន្ថែមខ្សែប្រយុទ្ធ Gareth Bale ឬ James Rodriguez ម្នាក់ទៀតឱ្យទៅ PSG ផងដែរ។

គួរឱ្យដឹងថា គិតមកទល់ពេលនេះ Real Madrid បានចំណាយលុយជាង ៣៤០លានអឺរ៉ូទៅហើយ ក្នុងការនាំចូលកីឡាករជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ។ ប៉ុន្តែបែបណាក្តី បើតាមប្រភពនានាបានឱ្យដឹងថា Real នឹងនៅតែបន្តនាំចូលកីឡាករបន្ថែមទៀត ខណៈដែលព័ត៌មាននៃការផ្ទេរចូលខ្សែបម្រើម្នាក់ក្នុងចំណោម Pogba និង Eriksen ក៏កំពុងតែមានភាពមមាញឹកដូចគ្នា៕ 

កីឡាករ Neymar Jr
កីឡាករ Gareth Bale
កីឡាករ James Rodriguez

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]