សៀមរាប៖​​ ស្របតាមបេសកកម្មក្នុងការបង្កើតគុណតម្លៃ និងផ្ដល់ជូនអតិថិជននូវប្រព័ន្ធអេកូហិរញ្ញវត្ថុប្រកបដោយទំនុកចិត្តខ្ពស់ នៅថ្ងៃនេះ ក្រុមហ៊ុនតារាផេ ដែលជាក្រុមហ៊ុនផ្ដល់សេវាកាបូបលុយអេឡិចត្រូនិកចល័ត និងដំណោះស្រាយក្នុងការទូទាត់សាច់ប្រាក់ដ៏ទំនើបបំផុតនៅកម្ពុជា បានចុះហត្ថលេខាលើ «កិច្ចព្រមព្រៀងភាពស្តីពីភាពជាដៃគូជាមួយរដ្ឋាករទឹកស្វយ័តសៀមរាប » ដើម្បីផ្ដល់មធ្យោបាយទូទាត់វិក្កយបត្រទឹកសម័យទំនើប ជូនដល់ប្រជាជនដែលរស់នៅក្នុងខេត្តសៀមរាប។ 

ពិធីចុះកិច្ចព្រមព្រៀងនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារ តារាអង្គរ អូតែល ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឃុត វុត្យារិទ្ធ អគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប និងមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់របស់ធនាគារ កាណាឌីយ៉ា ក.អ, ធនាគារ ប្រៃសណីយ៍កម្ពុជា, ស្ថាប័នមីក្រូហិរញ្ញវត្ថុ ហ្វូណន, ភូមិវប្បធម៍ ខេត្តសៀមរាប និង សមាជិកក្រុមប្រឹក្សាភិបាលនិងគណៈគ្រប់គ្រងនៃក្រុមហ៊ុនកាណាឌីយ៉ា-ហ្វុលលើតុន ម៉ូបែល ម៉ាន់នី ម.ក («តារាផេ») រួមទាំងបណ្ដាអ្នកសារព័ត៌មានផងដែរ។ 

តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូនេះ តារាផេ នឹងផ្តល់ជូនអតិថិជនខេត្តសៀមរាបនូវមធ្យោបាយទូទាត់វិក្កយបត្រទឹកសម័យទំនើប ដែលមានលក្ខណៈរហ័ស ងាយស្រួល និងប្រកបដោយទំនុកចិត្ត។ ទន្ទឹមនឹងនេះ សេវាដ៏ទំនើបមួយនេះ ក៏នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការរំលែកការលំបាក លើកស្ទួយសុខុមាលភាព និងសន្សំសំចៃពេលវេលានិងថវិកាជូនអតិថិជន។ 

តារាផេ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយរដ្ឋាករទឹកស្វយ័តសៀមរាប

ចាប់ពីពេលនេះតទៅ អតិថិជនដែលរស់នៅខេត្តសៀមរាបពុំចាំបាច់ចំណាយពេលវេលានិងថវិកាក្នុងការធ្វើដំណើរ ឬ តម្រង់ជួររង់ចាំបង់វិក្កយបត្រទៀតឡើយ ពោលគឺពួកគាត់អាចធ្វើការទូទាត់វិក្កយបត្របានភ្លាមៗ តាមរយៈកម្មវិធីតារាផេ App នៅលើទូរស័ព្ទដៃ ឬ អាចបង់បាននៅតាមទីតាំងភ្នាក់ងារតារាផេ ណាមួយនៅជិតផ្ទះលោកអ្នកបំផុត។

ដើម្បីអបអរសាទរភាពជាដៃគូនិងដើម្បីពង្រឹងលើកិច្ចសហការគ្នាទៅលើសេវាថ្មីនេះ ក្រុមហ៊ុនតារាផេ នឹងផ្ដល់ជូនកម្មវិធីប្រូម៉ូសិនពិសេស គឺការឥតគិតថ្លៃសេវារយៈពេល ៣ ខែ ចំពោះការបង់វិក្កយបត្រទៅកាន់រដ្ឋាករទឹកខេត្តសៀមរាប។

ចំពោះក្រុមហ៊ុនតារាផេ ភាពច្នៃប្រឌិតនិងនវានុវត្តន៍លើបច្ចេកវិទ្យាសេវាហិរញ្ញវត្ថុបែបឌីជីថល គឺជាយុទ្ធសាស្ដ្រស្នូលក្នុងការអភិវឌ្ឍក្រុមហ៊ុន។ កិច្ចសហការនៅថ្ងៃនេះ សរបញ្ជាក់ឲ្យឃើញពីឆន្ទៈរបស់តារាផេ ក្នុងការរិះរកនិងផ្តល់ជូនបច្ចេកវិទ្យាទំនើបបំផុតជូនដល់ប្រជាជនកម្ពុជា ជាមួយនឹងសេវាហិរញ្ញវត្ថុដ៏សម្បូរបែប ដើម្បីបម្រើដល់តម្រូវការប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ 

ជាក់ស្តែង នាពេលបច្ចុប្បន្ន អតិថិជន អាចទូទាត់បង់ប្រាក់ភ្លាមៗ នៅតាមបណ្តាផ្សារទំនើប ហាងកាហ្វេ ហាងលក់ទំនិញ និងហាងដៃគូរបស់តារាផេ ច្រើនជាង ២៨០០ កន្លែងទូទាំងប្រទេស ដោយពុំចាំបាច់មានសាច់ប្រាក់ជាប់ខ្លួនឡើយ។ 

វាពិតជាមានភាពងាយស្រួលជាងមុន អតិថិជនទាំងអស់គ្រាន់តែស្កេន QR Code គឺអាចទូទាត់បង់ប្រាក់បានភ្លាមៗ ដោយពុំចាំបាច់បំពេញព័ត៌មានផ្សេងៗដូចជា លេខវិក្កយបត្រ ឬក៏ចំនួនទឹកប្រាក់ដែលត្រូវបង់នោះឡើយ។ ក្រៅពីនេះ តារាផេ ក៏ផ្តល់ជូនផងដែរនូវសេវាហិរញ្ញវត្ថុដទៃទៀតជាច្រើន ដោយផ្តល់ជូនជម្រើសដល់អតិថិជនក្នុងការទូទាត់បង់ប្រាក់ដោយខ្លួនឯង តាមរយៈកម្មវិធី តារាផេ App ឬ ធ្វើការទូទាត់តាមរយៈភ្នាក់ងារតារាផេ ទូទាំងប្រទេស។ 

គិតត្រឹមថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៩ នេះ តារាផេមានភ្នាក់ងារច្រើនជាង ៣៦០០ កន្លែង ទូទាំង ២៥ ខេត្ត-ក្រុង រង់ចាំបម្រើសេវាជូនអតិថិជនដូចជា សេការផ្ទេរប្រាក់(វេរលុយ) ការដក/ដាក់ប្រាក់ ការទូទាត់វិក្កយបត្រ ការបញ្ចូលលុយទូរស័ព្ទ ការទូទាត់ប្រាក់តាមប្រព័ន្ធអ៊ិនធឺណិត ការបង់ប្រាក់ឥណទាន សេវាកម្មបើកប្រាក់ខែ និងកាបូបលុយអេឡិចត្រូនិក។ 

លោក ភុក រដ្ឋា នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនតារាផេ បានមានប្រសាសន៍ថា៖ 

«ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ឈានមុខគេក្នុងប្រទេស ក្រុមហ៊ុនតារាផេ បានបន្ដភាពច្នៃប្រឌិតរបស់ខ្លួន និងបន្តអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនជារៀងរាល់ថ្ងៃ។ ថ្ងៃនេះ យើងបានសហការជាមួយរដ្ឋាករទឹកស្វយ័តសៀមរាប ដើម្បីផ្ដល់នូវដំណោះស្រាយទូទាត់វិក្កយបត្រដោយប្រើបច្ចេកវិទ្យាឌីជីថល ជូនដល់អតិថិជន ដូច្នេះហើយ ពួកគាត់អាចចំណេញពេលវេលានិងថវិកា ក្នុងការធ្វើដំណើរទៅបង់ប្រាក់ទូទាត់ថ្លៃសេវាទឹកស្អាតទៅកាន់រដ្ឋាករទឹកស្វយ័តសៀមរាប។ នាពេលអនាគត ក្រុមហ៊ុនតារាផេ នឹងបន្ដពង្រីកវិសាលភាពនៃសេវាទូទាត់វិក្កយបត្រទឹកបែបឌីជីថលនេះទៅកាន់បណ្តាខេត្ត-ក្រុងនានាទូទាំងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ យើងក៏កំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការបង្កើតផលិតផលហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត ដើម្បីបម្រើសេវាដល់អតិថិជនឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន។»
តារាផេ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយរដ្ឋាករទឹកស្វយ័តសៀមរាប

ថ្លែងនៅក្នុងឱកាសនេះផងដែរ ឯកឧត្តម ឃុត វុត្យារិទ្ធ បានមានប្រសាសន៍ថា៖ 

«សេវាបង់វិក្កយបត្រទឹកលក្ខណៈឌីជីថលរបស់ តារាផេ ពិតជាផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនខេត្តសៀមរាបដូចជា ការសន្សំសំចៃពេលវេលានិងថវិកា បង្កភាពងាយស្រួលនិងសុវត្ថិភាព មិនតែប៉ុណ្ណោះ សេវាមួយនេះក៏រួមចំណែកយ៉ាងសំខាន់ផងដែរក្នុងការបង្កើនប្រសិទ្ធភាពនៃការប្រមូលថ្លៃសេវាទឹកស្អាតសម្រាប់រដ្ឋាករទឹកស្វយ័តសៀមរាប។ យើងរីករាយណាស់ដែលបានចាប់ដៃគូជាមួយក្រុមហ៊ុនតារាផេ ដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា តាមរយៈកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យសេវាសាធារណៈសម្រាប់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតមានតម្លៃសមរម្យ និងកាន់តែខិតទៅជិតប្រជាពលរដ្ឋគ្រប់រូបក្នុងប្រទេសកម្ពុជា។»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]