ចិន៖ ស្រ្តីជនជាតិចិនម្នាក់ ហាក់មានការងឿងឆ្ងល់យ៉ាងខ្លាំង ក្រោយតែងមានអាការឈឺចុកចាប់ក្នុងពោះទាំងមិនដឹងមូលហេតុ រហូតនៅទីបំផុតក៏បានសម្រេចចិត្តទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យមើល លទ្ធផលស្រាប់តែភ្ញាក់ផ្អើល ក្រោយរកឃើញថាមានពពួកមេរោគប៉ារ៉ាស៊ីត (ព្រូន) សំងំខ្លួនរស់នៅក្នុងពោះវៀន។

ព្រូនត្រូវបានយកចេញពីក្នុងពោះវៀន

បើយោងតាមប្រភពសារព័ត៌មាន ស្រ្តីរងគ្រោះខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Yang មានអាយុ ៤១ឆ្នាំ។ ស្រ្តីរងគ្រោះរូបនេះ បានអះអាងថា ខ្លួនមានអាការឈឺចុកចាប់ក្នុងពោះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ខណៈដែលរូបគាត់ក៏ធ្លាប់បានទៅពិនិត្យនៅមន្ទីរពេទ្យអស់ជាច្រើនកន្លែងដូចគ្នា ប៉ុន្តែជាលទ្ធផលការធ្វើរោគវិនិច្ឆ័យ គឺដូចជាមិនត្រឹមត្រូវទាល់តែសោះ។ ពោលគឺ បានត្រឹមយកថ្នាំមកលេបៗតែប៉ុណ្ណោះ។

យ៉ាងណាមិញ ដោយសារតែ មួយរយៈពេលចុងក្រោយនេះ អាការជំងឺអ្នកស្រី Yang ហាក់កាន់តែធ្ងន់ធ្ងរ និងមិនអាចទ្រាំទ្របាននោះ ទីបំផុតអ្នកស្រីក៏បានជម្នះទៅមន្ទីរពេទ្យផ្សេងទៀតដើម្បីសុំជំនួយ។

រូបថតដោយ Endoscopy

ជាក់ស្តែង កាលពីដើមខែនេះ អ្នកស្រី Yang បានទៅពិនិត្យនៅមន្ទីរពេទ្យ Second People's Hospital of Haining ក្នុងខេត្ត Zhejiang ។ វេជ្ជបណ្ឌិតម្នាក់ឈ្មោះ Li Juan នៅមន្ទីរពេទ្យខាងលើ ក៏បានធ្វើការលើកទឹកចិត្តគាត់ ដោយប្រើប្រាស់នូវឧបករណ៍ពេទ្យ Endoscopy ដើម្បីធ្វើការថតឆ្លុះផ្នែកខាងក្នុងខ្លួន។

វេជ្ជបណ្ឌិតរូបនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយធ្វើការពិនិត្យនិងរកឃើញថា មានពពួកមេរោគប៉ារ៉ាស៊ីត ឬសត្វព្រូន ដែលសំងំខ្លួនរស់នៅក្នុងពោះវៀនរបស់អ្នកស្រី Yang ។ ក្រោយមក ដោយមិនបង្អង់យូរ វេជ្ជបណ្ឌិតខាងលើ ក៏បានប្រើប្រាស់ឧបករណ៍ពេទ្យសម្រាប់កៀបចាប់ (ឬដង្កៀប) ដែលត្រូវបានដាក់បញ្ចូលទៅជាមួយនឹង Endoscopy នោះ ដើម្បីធ្វើការទាញចាប់ព្រូននោះចេញមកក្រៅ យ៉ាងប្រុងប្រយ័ត្ន ដោយទទួលបានជោគជ័យផងដែរ។

ក្រោយប្រតិបត្តិការជួយសង្គ្រោះត្រូវបានបញ្ចប់ អ្នកស្រី Yang ក៏បានឲ្យដឹងផងដែរថា តាំងពីក្មេងមកអ្នកស្រីហូបតែទឹកឆៅតែប៉ុណ្ណោះ។ ហើយនេះអាចជាមូលហេតុដ៏ធំមួយ ដែលធ្វើឲ្យអ្នកស្រីឆ្លងមេរោគពពួកប៉ារ៉ាស៊ីតចូលក្នុងខ្លួនបែបនេះ។

រូបថតដោយ Endoscopy

គួរឲ្យដឹងថា ព្រូនមួយក្បាលដែលត្រូវបានយកចេញពីក្នុងពោះវៀន របស់ស្រ្តីរងគ្រោះជាអ្នកជំងឺរូបនេះ ត្រូវបានគេដឹងថា មានប្រវែងប្រមាណ១ហ្វីត ឬ ៣០សង់ទីម៉ែត្រ។

***ដូច្នេះដើម្បីការពារសុវត្ថិភាព ក៏ដូចជាសុខភាពខ្លួនឯង ចៀសឆ្ងាយពីជំងឺផ្សេងៗនោះ គួរគប្បីមានការទទួលទានអាហារ និងការហូបទឹកឲ្យបានស្អាតត្រឹមត្រូវ ចម្អិនឲ្យឆ្អិនៗដើម្បីសម្លាប់មេរោគ កុំឲ្យដូចករណីស្រ្តីរងគ្រោះខាងលើនេះ៕

ទស្សនារូបភាពខាងក្រោម៖   

ព្រូនត្រូវបានយកចេញពីក្នុងពោះវៀន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]