(សៀមរាប)៖ ការគោរពបូជាចំពោះបដិមា «ព្រះវិស្ណុ» នៅប្រាសាទអង្គរវត្ត ឬហៅតាមអ្នកស្រុកថា «តារាជ» របស់ប្រជាពលរដ្ឋអ្នកគោរពបូជា ដូចជាការស្រោចទឹកលើព្រះបាទបដិមាតារាជ ការអុចធូបបង្កជាផ្សែងច្រើន ការបំពាក់ស្បង់ចីពរត្រួតជាន់គ្នានាំ​ឱ្យធ្ងន់ខ្លាំងពេក បាននិងកំពុងឈានទៅរកការបង្កហានិភ័យពីមួយថ្ងៃទៅមួយថ្ងៃ ចំពោះបដិមាព្រះអាទិទេពអង្គនេះ។

តាមការសំណូមពររបស់អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានសំណូមពរដល់អ្នកមកគោរពបូជា សូមកុំស្រោចទឹកលើព្រះបាទរបស់បដិមាតារាជ ដែលបណ្តាលឱ្យទឹកហូរជ្រាបចូលតាមស្នាមប្រេះចូលទៅដល់បាយអរ នាំឱ្យសាច់ថ្មឆាប់សឹករិចរិល និងពុកផុយ។ រីឯផ្សែងធូបច្រើនក៏ធ្វើឱ្យម្រ័ក្សណ៍ និងទឹកមាសលើបដិមាប្រែទៅជាពណ៌ខ្មៅស្រអាប់ នឹងបាត់បង់សោភ័ណភាព។

អ្នកជំនាញក៏បានលើកឡើងពីបញ្ហាផ្សេងទៀតដែរថា ការបំពាក់ស្បង់ចីពរច្រើនជាន់លើព្រះហស្ថ និងអង្សារបស់បដិមាតារាជ (ស្មា) ក៏នាំឱ្យរបេះជាតិម្រ័ក្សណ៍លើដងខ្លួនបដិមាផងដែរ ព្រោះម្រ័ក្សណ៍ខ្លះដែលទើបលាបជំនាន់ក្រោយ មិនមានគុណភាពល្អដូចម្រ័ក្សណ៍ដើមនោះឡើយ ដែលងាយនឹងធ្វើឱ្យខូចខាត៕

* ប្រវត្តិនៃការជួសជុលបដិមាតារាជ៖

«តារាជ» ជាចម្លាក់តំណាងព្រះវិស្ណុ (ព្រះនរាយណ៍ ឬព្រះភគវន្ត ឬព្រះអនន្ដៈ ឬព្រះហរិ) នៃព្រហ្មញ្ញសាសនា ដែលមានព្រះហស្ថ៨ រចនាប័ទ្មបាយ័ន កម្ពស់ជិត៤ម៉ែត្រ ឆ្លាក់ពីថ្មមួយដុំ តម្កល់ទុកនៅច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត។ ភាពល្បីល្បាញនៃឫទ្ធានុភាពដ៏អស្ចារ្យនៃអាទិទេពនេះ ត្រូវបានព្រះមហាក្សត្រខ្មែរ និងប្រជាជនខ្មែរតាំងពីបុរាណរហូតដល់បច្ចុប្បន្នគោរពបូជា មានជំនឿជាក់មុតមាំនឹងភាពស័ក្តិសិទ្ធិរបស់ព្រះអង្គ ហើយចាត់ទុកជាស្តេចទេពដ៏ខ្ពង់ខ្ពស់បំផុត ដែលថែរក្សាប្រាសាទអង្គរវត្តរហូតដល់សព្វថ្ងៃ។

បើទោះបីជាមានអាយុរាប់រយឆ្នាំ ឆ្លងកាត់ច្រើនសម័យកាលនៃប្រទេសជាតិ ក៏បដិមាតារាជនៅតែបង្ហាញរាងមាំទាំ និងពេញដោយតេជបារមី។ ទេពអង្គនេះក៏ធ្លាប់បានទទួលការជួសជុលជាច្រើនដងពីអ្នកជំនាញជាតិ-អន្តរជាតិ ដែលរងគ្រោះដោយកត្តាធម្មជាតិនៃអាយុកាលរបស់ខ្លួន សង្គ្រាមស៊ីវិល និងការយាយីពីពួកឈ្មួញទុច្ចរិតប៉ងកាត់ព្រះកេសយកទៅលក់ទៀតផង។

ទាក់ទងនឹងការអភិរក្សឡើងវិញ លោក ឡុង ណារី អ្នកជំនាញអភិរក្សថ្ម នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ និងជាអ្នកធ្លាប់រួមចំណែកជួសជុលតារាជកន្លងមកនោះ បានឱ្យដឹងថា មកដល់ពេលនេះ លោកតារាជបានឆ្លងកាត់ប្រវត្តិជួសជុលច្រើនជំនាន់មកហើយ យោងទៅលើភស្តុងតាងបច្ចេកទេសអភិរក្ស និងសម្ភារៈនៅក្នុងរាងកាយដែលធ្លាប់ជួសជុលពីសម័យមុនៗ។

លោក ណារី បានបញ្ជាក់ថា ការជួសជុលតារាជ គឺមានតាំងពីចុងសតវត្សរ៍ទី១៦ នៅលើជើងសងខាងដែលបាក់ជាពីរកំណាត់ ព្រោះតាមការពិសោធរបស់អ្នកជំនាញឃើញថា សាច់ថ្មនៅជើង និងដងខ្លួនមានគុណភាពផ្សេងគ្នា។ បញ្ហាបែកបាក់នេះកើតឡើងប្រហែលដោយសារអន្តរកាលផ្លាស់ប្តូរសាសនាពីព្រហ្មញ្ញមកព្រះពុទ្ធ។

បន្តមកទៀត នៅសម័យបារាំង ដោយមើលឃើញហានិភ័យនៃបដិមាទ្រេតផ្ងារទៅក្រោយរកដួលរលំ អ្នកជំនាញសាលាបារាំងចុងបូព៌ាក៏បានជួសជុលឡើងវិញ ដោយការជីកបង្ហាប់ដីពង្រឹងគ្រឹះ ដើម្បីតម្កល់ព្រះវិស្ណុ ឬតារាជឱ្យមានលំនឹងកាន់តែរឹងមាំឡើងវិញ នាឆ្នាំ១៩៤៦។

ក្រោយមក នៅឆ្នាំ១៩៨៧-១៩៩៣ ដោយមានកិច្ចសហប្រតិបត្តិការរវាងអភិរក្សដ្ឋានអង្គរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយប្រទេសឥណ្ឌា ក៏បានធ្វើការជួសជុលផ្នែកខ្លះនៃព្រះហស្ថទាំងសងខាងដែលបែកបាក់បាត់បង់ ដោយប្រើស៊ីម៉ង់ជំនួស។

បើរំឭកកាលពីឆ្នាំ១៩៨៥ ព្រះកេសរបស់លោកតារាជ ត្រូវបានជនទុច្ចរិតមួយក្រុមប៉ុនប៉ងអារផ្តាច់ក្នុងបំណងជួញដូរ តែមិនបានសម្រេច ទើបសមត្ថកិច្ចយកព្រះកេសទៅរក្សាទុកនៅអភិរក្សអង្គរ មុននឹងបញ្ជូនទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីរក្សាសុវត្ថិភាព។ ក្នុងភាពវឹកវរ ប្រទេសជាតិមិនទាន់មានសន្តិសុខពេញលេញ ក្រុមអភិរក្សអង្គរបានចម្លងព្រះកេសថ្មីពីស៊ីម៉ង់ជំនួសព្រះកេសដើមវិញ ដើម្បីបំពេញលក្ខណៈរាងកាយនៃបដិមា និងជំនឿរបស់ប្រជាជនខ្មែរ។

លុះមកដល់ឆ្នាំ២០០២-២០០៣ ក្រោមកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរាជាមួយស្ថាប័នអាល្លឺម៉ង់ (GACP) ក៏បានជួសជុលលើព្រះហស្ថឆ្វេងពីរ ស្តាំមួយ និងស្មាស្តាំដែលប្រេះបម្រុងធ្លាក់ អាចបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់រូបចម្លាក់ផ្ទាល់ និងទេសចរដែលឆ្លងកាត់ទីនេះផង ទើបក្រុមការងារក៏បានប្តូរព្រះហស្ថទាំងបី និងស្មាដែលធ្វើពីស៊ីម៉ង់ជំនួសដោយថ្មភក់វិញ។

បន្ថែមពីនោះ ដោយមើលឃើញថា លោកតារាជ ជាទេពស័ក្តិសិទ្ធិក្នុងជំនឿខ្មែរ ហើយប្រទេសជាតិក៏មានសុខសន្តិភាពហើយ ក្រុមការងារអាជ្ញាធរជាតិអប្សរា និងអាល្លឺម៉ង់ ក៏បានស្នើទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសារមន្ទីរជាតិភ្នំពេញ ដើម្បីសុំព្រះកេសដើម ដើម្បីមកតភ្ជាប់នឹងព្រះកាយវិញ ទើបសមនឹងតម្លៃនៃការគោរពជំនឿដ៏មុតមាំ និងសមត្ថភាពនៃក្រុមការងាររបស់អ្នកជំនាញអាជ្ញាធរជាតិអប្សរា ក្នុងកិច្ចការអភិរក្សផង៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]