ចិន៖ ជាការពិតណាស់ មិនថាតែការចូលបន្ទោបង់ក្នុងបន្ទប់ទឹកសាធារណៈ ឬក៏ការចូលផ្លាស់ប្តូរសម្លៀកបំពាក់នៅតាមបណ្តាហាងលក់សម្លៀកបំពាក់នោះទេ គឺសុទ្ធសឹងតែជារឿងដែលគួរឲ្យប្រុងប្រយ័ត្នខ្ពស់បំផុត ព្រោះតែថាបច្ចុប្បន្ននេះសម្បូរទៅដោយជនខិលខូចមួយចំនួនធំ ដែលតែងតែលួចបង្កប់កូនកាមេរ៉ាតូចៗ មើលសឹងមិនដឹង ដើម្បីលួចថតពីសកម្មភាពរបស់អ្នក។

កូនកាមេរ៉ាដែលត្រូវបានរកឃើញ

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ នារីជនជាតិចិនម្នាក់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបានប្រទះឃើញកូនកាមេរ៉ាបង្កប់ ខណៈដែលនាងចូលផ្លាស់ប្តូរខោអាវដែលនាងចង់ទិញយក (ក្នុងបន្ទប់ផ្លាស់ប្តូរ) នៅហាងលក់សម្លៀកបំពាក់មួយកន្លែង ក្នុងប្រទេសចិន។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៥ មិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ស្ថិតនៅក្នុងហាងលក់សម្លៀកបំពាក់ Uniqlo មួយកន្លែង ក្នុងទីក្រុង Shenzhen ប្រទេសចិន។

ហាងលក់សម្លៀកបំពាក់ Uniqlo

បើយោងតាមប្រភពសារព័ត៌មាន នៅក្នុងថ្ងៃកើតហេតុនោះ នារីរងគ្រោះ ឈ្មោះ Zhong បានទៅមើលទិញសម្លៀកបំពាក់នៅហាងខាងលើនេះ ដោយរើសបានប្រហែលជា ៥ឈុត ហើយបន្ទាប់មកនាងក៏បានយកវាទៅ.លមើល ដើម្បីចង់ដឹងថាសក្តិសមនឹងខ្លួនឬអត់ ក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់។

ក្រោយមក បន្ទាប់ពីនាង.លសម្លៀកបំពាក់ទើបតែបាន ២ឈុតប៉ុណ្ណោះ នាងក៏បានប្រទះភ្នែកឃើញមានរបស់ដែលគួរឲ្យសង្ស័យពណ៌ខ្មៅ ឬដូចជាប៊ូតុងម្យ៉ាង នៅជាប់លើកញ្ចក់ក្នុងបន្ទប់នោះ។

នាងក៏បានយកដៃទៅប៉ះមើល ទើបដឹងថាហាក់រាងក្តៅឧណ្ណៗ និងត្រូវបានគេយកទៅបិទនៅលើជញ្ជាំងនោះដោយប្រើស្ករកៅស៊ូ។ ដោយមិនអស់ចិត្ត នាងក៏បានសម្រេចចិត្តចាប់ទាញវាចេញមក ទើបធ្វើឲ្យនាងភ្ញាក់ផ្អើលតែម្តង ព្រោះរបស់នោះគឺជាកូនកាមេរ៉ាតូចមួយ និងមានមេម៉ូរីកាត ដែលត្រូវបានគេលួចបង្កប់ដាក់នៅក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់នោះ។

ហាងលក់សម្លៀកបំពាក់ Uniqlo

ប្រភពដដែលបន្តថា ភ្លាមៗនោះ Zhong ហាក់មានអារម្មណ៍ថាភ័យខ្លាច និងខឹងញ័រសាច់តែម្តង ហើយនាងក៏បានទៅប្រាប់អ្នកគ្រប់គ្រងហាង ជុំវិញករណីដែលនាងបានជួបប្រទះនេះ។

យ៉ាងណាមិញ អ្នកគ្រប់គ្រង (ប្រុស) នៅហាងលក់សម្លៀកបំពាក់បាននិយាយថា ពួកគេមិនដែលបានជួបប្រទះនូវករណីបែបនេះពីមុនមកឡើយ ចាប់តាំងតែពីពួកគេបានបើកហាងរកស៊ីនេះ អស់រយៈពេលជាង ៤ឆ្នាំមកហើយ។

អ្នកគ្រប់គ្រងរូបនេះបានបន្ថែមទៀតថា ឧបករណ៍នេះ (កាមេរ៉ា) មិនមែនជាកម្មសិទ្ធិរបស់បុគ្គលិក ឬជាចេតនារបស់ហាងធ្វើរឿងដ៏អាក្រក់បែបនេះនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ លោកមានការជឿជាក់ និងសង្ស័យថា នេះអាចជាស្នាដៃរបស់ជនអនាមិករោគចិត្តណាម្នាក់ (អតិថិជន) ដែលបានលួចដាក់វា ដើម្បីថតសកម្មភាពនៅរាល់ពេលភ្ញៀវចូលផ្លាស់សម្លៀកបំពាក់ ទាំងដែលខាងហាងពុំបានដឹងនោះទេ។

ម្យ៉ាងបើតាមការពិនិត្យនៅតាមបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ចំនួន ៩បន្ទប់ផ្សេងទៀត នៅក្នុងហាងនោះ គឺពុំត្រូវបានរកឃើញថា មានការលួចដាក់កូនកាមេរ៉ាបែបនេះឡើយ។

បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់

ថ្លែងនៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងកាសែតក្នុងស្រុក ជុំវិញនឹងករណីនេះ នាង Zhong បាននិយាយថា នាងនៅតែឆ្ងល់និងបារម្ភពីការបែកធ្លាយវីដេអូ ហើយនាងក៏គិតដែរថា តើមានជនរងគ្រោះប៉ុន្មាននាក់ហើយដែលត្រូវបានគេលួចថតបាន មុនពេលដែលឧបករណ៍មួយនេះ ត្រូវបាននាងរកឃើញនោះ។

នាងបន្តថា ហាងលក់សម្លៀកបំពាក់ Uniqlo នៅពុំទាន់ផ្តល់ចម្លើយត្រឹមត្រូវណាមួយឲ្យបានកាន់តែជាក់ច្បាស់ ទាក់ទងនឹងករណីមួយនេះនោះឡើយ។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីខាងលើនេះទៀតសោត ត្រូវបានគេរាយការណ៍ថា បច្ចុប្បន្នគឺស្ថិតនៅក្រោមការស៊ើបអង្កេតបន្ថែម ពីមន្រ្តីប៉ូលិសជំនាញ។

បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់

ដូច្នេះដើម្បីការពារសុវត្ថិភាពខ្លួនឯង រាល់ពេលចូលបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់ ឬទីកន្លែងសាធារណៈណាមួយក្តី គួរណាស់ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ ចៀសវាងជួបរឿងស៊យធំ មានរូបភាពឬវីដេអូបែកធ្លាយនៅលើអ៊ីនធើណែត ដោយសារតែពួករោគចិត្តឆ្លៀតឱកាសទាំងអស់នោះ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់
កូនកាមេរ៉ាដែលត្រូវបានរកឃើញ
កូនកាមេរ៉ាដែលត្រូវបានរកឃើញ
នារីរងគ្រោះ Zhong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]