ប្រុសៗ មិនមែនចង់ការក៏ការនោះទេ ជីវិត និងអនាគតកូនស្រីគេ កុំចេះតែយកមកលេងសើច ឬនាំឱ្យមកលំបាកវេទនា គ្រាំគ្រាជាមួយអ្នក។ មិនមែនព្រោះតែការសប្បាយមួយពេល មិនមែនព្រោះតែស្រឡាញ់គេ ចង់បានគេតែម្យ៉ាង ក៏សម្រេចចិត្តរៀបការ ទាំងខ្លួនគ្មានអ្វីនោះឡើយ។ អ្នកជាអនាគតស្វាមី ជាឪពុក ជាមេគ្រួសារ ដាច់ខាតត្រូវច្បាស់លាស់ថា អ្នកមានចំណុចល្អគ្រប់គ្រាន់ នឹងសាងគ្រួសារបាន ចាំសម្រេចចិត្តរៀបការមិនទាន់ហួសពេលឡើយ។

ខាងក្រោមនេះ សមល្មមនឹងគ្រប់គ្រាន់សម្រាប់អ្នក អាចរៀបការសាងគ្រួសារបាន បើអ្នកមានទាំង៥ចំណុចនេះ ៖

១. រឹងប៉ឹងទាំងចិត្ត និងកាយ
រឹងមាំ មានសុខភាពល្អ ទាំងកាយ និងចិត្ត អាចនិយាយបានថា ជាមនុស្សមាំមួន អាចមើលថែខ្លួនឯង និងដៃគូបាន ដោយមិនធ្វើជាបន្ទុកដល់ដៃគូ។

២. ស្មោះត្រង់នឹងដៃគូ មិនដែលប្រួលប្រែ
មានចិត្តស្មោះស្ម័គ្រ ស្រឡាញ់មួយដឹងមួយ មិនដែលមានចិត្តវៀចវេរប្រួលប្រែ នោះបញ្ជាក់ថា អ្នកពិតជាច្បាស់លាស់នឹងដៃគូរបស់អ្នក ប្រាកដណស់ អាចសាងអនាគតជាមួយគ្នាបាន។

៣. ចាស់ចិត្តចាស់គំនិតក្នុងរឿងស្នេហា
ចាស់ចិត្ត ចាស់គំនិត ចេះគិត ចិត្តធ្ងន់ មានអធ្យាស្រ័យល្អ ចេះយោគយល់ និងមានហេតុផល មិនឆេវឆាវឆាប់ខឹងដូចក្មេង នោះជីវិតគូរបស់អ្នកនឹងល្អប្រសើរ ត្រជាក់ត្រជុំ មិនងាយនឹងប្រេះឆា។

៤. ចេះចង់មានចង់បាន
បើអ្នកចេះធ្វើការ រកស៊ី ចេះទុកដាក់ ចិត្តចេះចង់មានបាននឹងគេ នោះអ្នកអាចមានលទ្ធភាព សាងគ្រួសារបានហើយ ព្រោះអ្នកអាចរ៉ាប់រង នូវបន្ទុកផ្នែកការចាយវាយសម្រាប់គ្រួសារបាន។

៥. ចេះប្រឈមមុខដោះស្រាយបញ្ហាដោយខ្លួនឯង
ជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវ ចេះចងក៏ចេះស្រាយ ចេះប្រឈមមុខនឹងរឿងគ្រប់យ៉ាង អាចដោះស្រាយបញ្ហាបាន ដោយមិនទន់ជ្រាយ មិនគេចវេស ឬបោះបង់ ទុកឱ្យដៃគូប្រឈមមុខនឹងទុក្ខលំបាកតែម្នាក់ឯង៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]