ជារៀងរាល់ខែឆ្នាំ នៅក្នុងប្រទេសយើង តែងតែមានការដាក់លក់របស់ផ្លែឈើជាច្រើន ដែលវាមានទៅតាមរដូវកាល ដែលពេលខ្លះផ្លែឈើទាំងនោះ សុទ្ធតែមានតម្លៃថ្លៃៗជាងធម្មតាគួរឲ្យកត់សម្គាល់។

ដែលនៅក្នុងនោះ ក៏មានការដាក់លក់នៅតាមដងផ្លូវជាច្រើន ក៏ដូចជាមានការលក់តាមផ្សារ និងតាមហាងមួយចំនួន ដែលទទួលបានការលក់ដាច់យ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ដោយមិនត្រឹមតែនៅក្នុងហាង ឬក៏ការលក់តាមដងផ្លូវធម្មតាៗនោះទេ។

ជាពិសេសនោះ គឺគេសង្កេតឃើញថា ផ្លែឈើតាមរដូវកាលជាច្រើនដែលបានដាក់លក់តម្រៀបគ្នាជាច្រើន តាមដងផ្លូវនោះគឺ ភាគច្រើនគឺនៅមានម្តុំវិមានឯករាជ្យផ្ទាល់តែម្តង ដែលក្នុងនោះមានការលក់របស់ញុំាគ្រឿងម្ជូរជាច្រើនមុន តែអ្វីដែលសំខាន់រាល់ពេលដែលរដូវនៃផ្លែឈើ នីមួយៗបានមកដល់ ក៏ស្រាប់តែមានការលក់តាមដងផ្លូវនេះតែម្តង។ 

ផ្លែព្រីង

ជាក់ស្តែង នៅក្នុងពេលនេះដែរ ខ្មែរឡូត ក៏បាននាំទៅសាកសួរជាមួយនឹងអ្នកលក់នៅ ម្តុំវិមានឯករាជ្យ ដែលតែងតែដាក់លក់របស់ជាច្រើនតាមរដូវកាល ដែលនៅក្នុងនោះមានមនុស្សជាច្រើន បានធ្វើការលក់ដូចៗគ្នាទៅតាមដងផ្លូវ យ៉ាងមើលទៅគួរឲ្យចាប់អារម្មណ៍តែម្តង។ ដោយមួយរយៈពេលនេះដែលឃើញថាមាន ការដាក់លក់ផ្លែព្រីងតាមផ្លូវជាច្រើន ព្រោះជារដូវកាលនៃផ្លែរបស់មួយនេះ ចំណែកឯការលក់នោះក៏មើលទៅប្លែកជាងធម្មតាដែរ។

លោក គឹម ហេង ដែលជាអ្នកលក់ជាប្រចាំនៅតាមដងផ្លូវនេះ បានធ្វើការរៀបរាប់ពីរឿងមួយចំនួន ទាក់ទងទៅនឹងការលក់ និងផ្លែឈើមួយចំនួនដែលបានដាក់លក់នៅតាមរដូវកាល ហើយការលក់នោះមានការខុសប្លែកពីការលក់ ធម្មតាឬក៏យ៉ាងណា។ អាជីវកររូបនេះក៏បានធ្វើការរៀបរាប់យ៉ាងដូច្នោះថា៖ ចាប់ពីខែ៤មក លោកបានយកផ្លែឈើជាច្រើនមកលក់ ដូចជាផ្លែគុយ និងព្រីងជាដើម ដែលផ្លែឈើនីមួយៗសុទ្ធតែត្រូវទៅទិញពីផ្សារ រីឯផ្លែឈើខ្លះក៏ត្រូវទិញមកពីចម្ការផ្ទាល់មកដាក់លក់។ 

លោក គឹម ហេង ដែលជាអ្នកលក់ជាប្រចាំនៅតាមដងផ្លូវ
លោក គឹម ហេង ដែលជាអ្នកលក់ជាប្រចាំនៅតាមដងផ្លូវ

ចំណែកឯការលក់វិញ ក៏មើលទៅខុសប្លែកពីការលក់តាមធម្មតា (មិនមែនតាមរដូវកាល) ព្រោះភាគច្រើនតម្លៃរបស់វាក៏កើនឡើងទៅតាមហ្នឹង។ មិនត្រឹមតែប៉ុណ្ណោះទោះបីជាផ្លែឈើទាំងនោះ មានតម្លៃខុសពីធម្មតា។

តាមរយៈសម្តីអ្នកលក់លោក គឹមហេង បានរៀបរាប់យ៉ាងដូច្នោះថា៖ បើសិនជាមានផ្លែឈើតាមរដូវកាល ដូចជាព្រីង គឺមានអ្នកមកទិញច្រើនដោយសារតែនៅម្តុំនោះមានការលក់បែបនេះ ជាច្រើនឆ្នាំមកហើយ ដូច្នោះធ្វើឲ្យបណ្តាអ្នកដែលជិះដើរលេងនៅទីនោះ ក៏ស្គាល់ និងចាប់អារម្មណ៍ចង់ទិញផងដែរ។ 

ម្យ៉ាងវិញទៀតសម្រាប់តម្លៃវិញ លោកក៏បានបន្ថែមថា ផ្លែឈើទាំងនោះយកមកទៅតាមតម្លៃ ហើយគាត់ក៏លក់ទៅតាមនោះដែល ដោយផ្លែគុយ ដើមដៃ(ពេលចូលដល់រដូវផ្លែដំបូង) មានតម្លៃថ្លៃ តែបើពេលណាដែល គុយ មានច្រើននោះវាក៏មានតម្លៃធូរថ្លៃជាងមុនផងដែរ។ 

ព្រីងដែលលោកបានលក់ ក្នុងខែនេះ
ផ្លែបំពេញរាជ
ផ្លែព្រីង
ផ្លែគុយ

ក៏ប៉ុន្តែបើសិនជាផ្លែព្រីងវិញ សម្រាប់តម្លៃវាគឺទៀង មិនឡើងមិនចុះ ក៏ប៉ុន្តែមានតម្លៃថ្លៃ និងថោកទៅតាមទំហំ បើតូចជាតម្លៃ៤០០០ ទៅ៥០០០រៀលក្នុងមួយកំប៉ុង តែបើព្រីងធំៗវិញតម្លៃ៦០០០ពាន់រៀល ដល់១ម៉ឺនរៀល ដែលយកមកពីបណ្តាខេត្តជាច្រើនដូចជាបាត់ដំបង ពោធិ៍សាត់ និងខេត្តកំពត។

បើងាកទៅនិយាយពីការលំបាក នៃការលក់តាមផ្លូវរបស់លោកវិញ គាត់ក៏បានធ្វើការរៀបរាប់ប្រាប់មកកាន់ ខែ្មរឡូត យ៉ាងដូច្នោះថា៖ ការលក់នៅតាមផ្លូវបែបនេះមានផលលំបាកត្រង់ថា មានអាកាសធាតុក្តៅ និងពិបាកលក់ព្រោះនៅតាមដងផ្លូវ។ ម្យ៉ាងវិញទៀតនៅតាមផ្លូវនេះ គឺពោរពេញដោយមនុស្សជាច្រើនមកលក់ ដូច្នោះមិនសូវជាមានភាគរយដាច់ខ្លាំងនោះទេ បើគេឃើញគេ និងឈប់ទិញនៅកន្លែងនោះមិនខាន។

ចំពោះ ការលក់បែបនេះ ហាក់ដូចជាសំណាង បើពេលណាហេងលក់បានច្រើន បើពេលណាមិនសូវហេង ក៏លក់មិនបានលុយមួយរៀលតែម្តង អាចនិយាយបានថា សឹងដាច់បាយក៏ថាបាន។ ជាពិសេស ក៏អាចនិយាយបានថា បើទោះបីជា ប្រទះឃើញការចូលចិត្ត និងនាំគ្នាស៊ែរប្រភេទផ្លែឈើកម្រទាំងនេះ តាមហ្វេសប៊ុកច្រើនសន្ធឹកសន្ធាប់ក៏ដោយ តែការគាំទ្រ និងមានភ្ញៀវទិញ នៅមានកម្រិត តែប៉ុណ្ណោះ តែដូចលោកពូ ដែលខ្មែរឡូត បានសម្ភាសន៍ យ៉ាងដូច្នោះដែរ មិនប្រាកដលក់ដាច់សម្បើមនោះទេ។ ហើយវាគួបផ្សំ ផ្លែឈើទាំងអស់នោះ មានតម្លៃរាងថ្លៃផង ធ្វើឲ្យការលក់របស់គាត់ មានភាពពិបាក ជាងផ្លែឈើ ដែលមានគ្រប់រដូវ។​ ដូច្នេះវាមិនមែនជារឿងងាយស្រួល ពេលលក់ផ្លែឈើកម្រ បើប្រៀបធៀប ផ្លែឈើ មានរាល់ថ្ងៃ ព្រោះអត្រាលក់ខុសគ្នា ហើយក៏មិនសូវចំណេញប៉ុន្មានទៀតផង។

ប៉ុន្តែយ៉ាងណាមិញ បើសិនជាប្រិយមិត្ត ចង់ទិញផ្លែឈើដែលតាមរដូវកាល ដែលល្អមានតម្លៃសមរម្យទូទៅ អាចរកទិញបាននៅតាមផ្លូវម្តុំវិមានឯករាជ្យ ក្បែររង្វង់មូល​ សម្តេចសង្ឃជួនណាត គឺមានច្រើន គួរឲ្យទាក់ទាញមិនបានទៅតាមផ្សារនោះទេ៕

សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជ្រាបច្បាស់៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]