ខេត្តបាត់ដំបង៖ ព្រះសង្ឃមួយអង្គបានរងការចោទប្រកាន់ថា បានធ្វើឲ្យបុរសម្នាក់ស្លាប់ តាមរយ:ការព្យាបាលជំងឺដោយខ្វះការប្រុងប្រយ័ត្ន និងគ្មានជំនាញពិតប្រាកដ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៧ មិថុនា នៅក្នុងវត្តចែងក្ដារ ស្ថិតក្នុងភូមិចែងក្ដារ ឃុំភ្នំសំពៅ ស្រុកបាណន់ ។
របាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះមៀច រ៉ិ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង។ ដោយឡែក ព្រះសង្ឃដែលរងការចោទប្រកាន់នោះព្រះនាម ចាបស្រី សារី អាយុ៣៤ឆ្នាំ គង់នៅវត្តចែងក្ដារ។ សង្ឃអង្គនេះ ត្រូវអ្នកស្រុកល្បីតៗគ្នាថា ចេះវិជ្ជាព្យាបាលជំងឺច្រើនមុខដោយប្រើថ្នាំឫសឈើ ឬប្រើវិធីចាប់សរសៃ។ ហើយជនរងគ្រោះខាងលើ បានមកឱ្យព្រះសង្ឃនាម ចាបស្រី សារី ជួយព្យាបាលដោយសារគាត់ឈឺចង្កេះ ។
បើតាមក្រុមគ្រួសារបាននិយាយថា មុនពេលកើតហេតុប្រហែល៤ថ្ងៃ ជនរងគ្រោះធ្លាប់ទៅឱ្យព្រះសង្ឃ សារី ជួយព្យាបាលឈ្លីសរសៃ ហើយនៅថ្ងៃកើតហេតុ ជនរងគ្រោះឈឺចង្កេះ ហើយគាត់ឲ្យជូនគាត់ទៅវត្តចែងក្ដារ ដើម្បីព្រះសង្ឃនាម ចាបស្រី សារី ជួយព្យាបាលម្ដងទៀត ព្រោះព្រះអង្គល្បីថា ពូកែព្យាបាលជំងឺដោយប្រើថ្នាំឬស្សឈើនិងចាប់សរសៃរ។ ប្រភពដដែលបានបន្តថា ពេលជូនជនរងគ្រោះទៅដល់ព្រះអង្គក៏ឲ្យថ្នាំផឹក និងចាប់សរសៃ លុះបានប៉ុន្មាននាទីក៏សម្រាកដោយសារជនរងគ្រោះ ហាក់បានធូរស្រាលបន្តិច។
ប៉ុន្តែបន្តិចក្រោយមក ស្រាប់តែជនរងគ្រោះឈ្មោះមៀច រ៉ិ ហាក់មានអារម្មណ៍មិនល្អ ហើយពោលថា វិលមុខ ថប់ដង្ហើម ហើយពេលនោះ សង្ឃអង្គនោះ ក៏ជួយរឹតទ្រូងធ្វើចលនា ដោយព្រះអង្គប្រាប់ថា«ជំងឺគាត់ដូចត្រូវអំពើគេ» ។ ពេលនោះ សង្ឃអង្គនោះបានឲ្យជនរងគ្រោះដេក ហើយឲ្យមនុស្ស២ទៅ៣នាក់ ទំនងកូនសិស្សលោកចាប់ដៃ និងខ្លះឡើងជាន់ឈ្លីលើជនរងគ្រោះយ៉ាងចាស់ដៃ។ សាក្សីដែលនៅទីនោះនិយាយថា ពេលនោះគាត់ឮជនរងគ្រោះស្រែកថា«ឈឺណាស់ ថប់ដង្ហើមណាស់ ដាច់ខ្យល់ស្លាប់ឥឡូវហើយ»។ ភ្លាមនោះ អ្នកឡើងជាន់ និងអ្នកចាប់ដៃក៏ឈប់សកម្មភាព លុះប៉ុន្មាននាទីក្រោយ ស្ថានភាពអ្នកជំងឺធ្វើទុក្ខកាន់តែខ្លាំងរហូតដាច់ខ្យល់នៅចំពោះមុខព្រះសង្ឍនាម ចាបស្រី សារី នោះតែម្ដង។
ជុំវិញករណីនេះ លោកឧត្តមសេនីយត្រី ជេត វណ្ណនី ស្នងការរងខេត្តបានថ្លែងថា ពិតជាមានរឿងបែបនេះកើតឡើងមែន នៅក្នុងវត្តចែងក្ដារ។ លោកថា ជនរងគ្រោះបានឲ្យព្រះសង្ឍនាម ចាបស្រី សារី ដែលគង់នៅវត្តចែងក្ដារនេះព្យាបាលជំងឺ តែជនរងគ្រោះស្លាប់យ៉ាងតក់ក្រហល់ ដែលនាំឱ្យក្រុមគ្រួសារផ្ទុះប្រតិកម្មយ៉ាងខ្លាំងចំពោះការស្លាប់នេះ ។ ក្រោយពីមានរឿងនេះ កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងជំនាញបច្ចេកទេស រួមទាំងក្រុមគ្រូពេទ្យផង បានចុះទៅកាន់កន្លែងកើតហេតុដើម្បីពិនិត្យភ្លាមៗដែរ។
ជាមួយនឹងការធ្វើកោសល្យវិច័យនេះ លោកជេត វណ្ណនី បានដកស្រង់ការសន្និដ្ឋានរបស់គ្រូពេទ្យថា ការស្លាប់របស់ជនរងគ្រោះឈ្មោះមៀច រិុ គឺស្លាប់ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល តែយ៉ាងណានេះគ្រាន់តែជាការសន្និដ្ឋានបឋមតែប៉ុណ្ណោះ។ ប៉ុន្តែដោយសារក្រុមគ្រួសារសពពុំអស់ចិត្ត យើងក៏សំរេចចិត្តដឹកសពជនរងគរោះទៅពិនិត្យបន្តនៅមន្ទីរពេទ្យបាត់ដំបង តែរហូតដល់ពេលនេះយើងមិនទាន់ទទូលបានលទ្ធផលនៅឡើយទេ។
ពាក់ព័ន្ធនឹងការស្លាប់ ដែលក្រុមគ្រូសារជនរងគ្រោះសង្ស័យថា មានភាពមិនប្រក្រតីនេះ លោកជេត វណ្ណនី បានបញ្ជាក់ថា នៅក្នុងសំណុំរឿងនេះ ប្រសិនបើក្រុមគ្រួសារជនរងគ្រោះមិនទទូលយកការសន្និដ្ឋានរបស់គ្រូពេទ្យជំនាញទេ យើងមានតែចាត់ឲ្យមន្ត្រីជំនាញចុះទៅសួរនាំព្រះសង្ឍ និងអ្នកដែលពាក់ព័ន្ធក្នុងករណីនេះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីប៉ុណ្ណោះ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]