​ស្រប​ពេល​ដែល​ក្រសួង​សុខាភិបាល​បាន​ប្រកាស​អាសន្ន​កាល​ពី​ដើម​ឆ្នាំ​ថា ជំងឺ​គ្រុន​ឈាម​អាច​ផ្ទុះ​នៅ​ដើម​ឆ្នាំ ២០១៩ ថ្មីៗ​នេះ​មាន​ក្មេង​ស្រី​ម្នាក់​នៅ​ខេត្ត​រតន​គីរី​បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុនឈាម។

ភ្នាក់ងារ​ចម្លង​ជំងឺ​គ្រុនឈាម​គឺ​មូសខ្លា​ញី ដើម្បី​ចូល​រួម​ទប់ស្កាត់​ការ​កើត​ជំងឺ​គ្រុន​ឈាម​លើ​មនុស្ស​គ្រប់​វ័យ ពិសេស​កូន​ក្មេង ម៉ាក់ប៉ា​ត្រូវ​ដឹង​ពី​រោគ​សញ្ញា និង​វិធី​បង្ការ​ជំងឺ​នេះ។ រោគ​សញ្ញា​សំខាន់១ ដែល​យើង​ចាំបាច់​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នោះ គឺ​កូន​ក្តៅ​ខ្លួន​លើស​ពី​២ថ្ងៃ ហើយ​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​នៅ​តែ​មិន​បាត់ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ ហើយ​ធ្វើ​តេស្ត​ឈាម​ដើម្បី​រក​ជំងឺ​គ្រុនឈាម ។

នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ លោក​វេជ្ជបណ្ឌិត ញឹប អង្គារបុស្ស ពន្យល់​ថា ការ​ធ្វើ​​រោគ​​វិនិច្ឆ័យ​បាន​​លឿន និង​​ការ​ព្យាបាល​​ត្រឹម​​ត្រូវ ត្រឹម​​តែ​​រយៈពេល ៧-៨ ថ្ងៃ ក្មេង​​ដែល​​កើត​​ជំងឺ​គ្រុនឈាម សឹង​​តែ ១០០ នាក់​​ ជា​ទាំង ១០០ នាក់ ឯ​​អត្រា​​ស្លាប់​​មិន​​ដល់ ១ នាក់​​ផង។ ចំណែក​​ឯ​​មូលហេតុ​ដែល​ក្មេង​កើត​ជំងឺ​គ្រុនឈាម​ឈាន​ទៅ​គ្រោះថ្នាក់​ដល់​ជីវិត​នោះ បណ្តាល​មក​ពី​ការ​បញ្ជូន​កូន​មក​ពេទ្យ​យឺត​យ៉ាវ ឬ​ព្យាបាល​មិន​ត្រឹម​ត្រូវ​តាម​ក្បូន​ពេទ្យ និង​ប្រើ​ថ្នាំ​ផ្សំ​ផ្តេសផ្តាស។

១- រោគសញ្ញាជំងឺគ្រុនឈាម
– ក្តៅខ្លួនពី ៣៩-៤០ អង្សារសេ
– មុខក្រហម
– ឈឺក្បាល ឈឺប្រឡង់ភ្នែកចាក់ទៅក្រោយ
– ចង់ក្អួត ឬក្អួត
– ឈឺពោះ
– ឈឺសាច់ដុំ និងសន្លាក់ដៃជើង
– មានស្នាមអុចៗក្រហមលើស្បែក
– ហូរឈាមតាមអញ្ចាញធ្មេញជាដើម។

២- វិធីបង្ការជំងឺគ្រុនឈាម
– បំបាត់​ជម្រក​មូសខ្លា នៅ​តាម​សំបក​កង់ឡាន-ម៉ូតូ និង​កំប៉ុងចាស់ៗ
– កម្ចាត់​ដង្កូវ​ទឹក​នៅ​ក្នុង​ពាង អាង ថូផ្កា ថ្លុក ឬ​វត្ថុ​ដក់​ទឹក​ផ្សេង​ទៀត
– គ្រប​ពាង ឬ​អាង​ទឹក​ឲ្យ​ជិត
– ដាក់​ថ្នាំ​អាបែត​សម្លាប់​ដង្កូវទឹក ឬ​ចិញ្ចឹម​កូន​ត្រី ៧ ពណ៌
– គ្រប់​គ្រង កប់ ឬ​កម្ទេច វត្ថុ​ដែល​អាច​ដក់​ទឹក បង្កើត​ជា​ជម្រក​មូស​ខ្លា
– គេង​ក្នុង​មុង
– ពាក់ខោ​អាវ​ជិតៗ មាន​ពណ៌​ចាំងៗ
– លាប​ក្រែម ឬ​បាញ់​ស្ព្រៃយ៍​ការពារ​មូសខាំ​ពេល​ចេញ​ទៅ​កន្លែ​ងងងឹត។

ករណី​គ្រុន​ឈាម​នៅ​ទូទាំង​ប្រទេស​ក្នុង​ដើម​ឆ្នាំ ២០១៩ នេះ មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ ២០១៨ កន្លង​ទៅ​បើ​ប្រៀបធៀប​នឹង​ពេល​វេលា​ដូច​គ្នា។ ការ​កើន​នៃ​ជំងឺ​គ្រុនឈាម​​នេះ លោក​នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បញ្ជាក់​ថា ដោយសារ​តែ​ឆ្នាំ២០១៩ នេះ​ជា​ខួប​របស់​ជំងឺគ្រុន​ឈាម ដែល​តែង​តែ​ផ្ទុះ​នៅ​រៀងរាល់ ៣ ឬ ៥ ឆ្នាំ​ម្តង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]