រាជធានីភ្នំពេញ ៖ យុវជនជាកម្មករសំណង់ពីរនាក់បងប្អូនបានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលពួកគេជិះម៉ូតូម៉ាក SUZUKI Nex មួយគ្រឿងឌុបគ្នា ហើយត្រូវរថយន្តស៊េរីទំនើបម៉ាក ALPHARD មួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងក្នុងបំណងចូលទៅកោះពេជ្រ។ ដោយខ្វះការប្រុងប្រយ័ត្នក៏បានទៅបុកពេញមួយទំហឹងអូសជាង១០ម៉ែត្រ ធ្វើអោយពួកគេប៉ើងដូចស្លឹកកណ្តប់ ដែលករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ថ្ងៃទី១៧ ខែមិថុនានេះនៅចំណុចផ្លូវសប៊ិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់អោយដឹងថា យុវជនរងគ្រោះទាំង២នាក់មានទី១-ឈ្មោះ លន់ សួន អាយុ២២ឆ្នាំ និងទី២- ឈ្មោះ ឆាល សុភ័ណ្ឌ អាយុ១៨ឆ្នាំ (ជាបងប្អូនបង្កើត និងគ្នា) ពួកគេមានមុខរបរជាកម្មករសំណង់ និងមានទីលំនៅឯខេត្តកំពង់ឆ្នាំងជាមួយគ្នា ។ ចំណែកឯបុរសជាអ្នកបើកបររថយន្តបង្កមានឈ្មោះ យឹម សេដ្ឋា អាយុ៣៩ឆ្នាំ មានទីលំនៅផ្ទះ លេខ១៥ ផ្លូវលេខ ២៤BT ភូមិសន្សំកុសល២ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
មុនពេលកើតហេតុយុវជនជាជនរងគ្រោះទាំង២នាក់បងប្អូនបានជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI nex ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ឆ្នាំង ១H-០៩៦១ ជិះឌុបគ្នាតាមបណ្តោយផ្លូវសប៊ិតក្នុងទិសដៅពីត្បូងទៅជើង ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា លុះមកដល់ចំណុចខាងលើក៏ស្រាប់តែបុរសជាអ្នកបើកបររថយន្តស៊េរីទំនើបម៉ាក ALPHARD ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ២AQ-០៣៣៣ មួយគ្រឿង បានបើកបោះពួយក្នុងល្បឿនយ៉ាងលឿនតាមបណ្តោយផ្លូវសួនច្បារសម្តេចហ៊ុន សែន ក្នុងទិសដៅពីលិចទៅកើតក្នុងបំណងចូលទៅកោះពេជ្រនោះ ។ ក៏បានទៅបុកពេញនឹងម៉ូតូរបស់យុវជនរងគ្រោះទាំងពីរនាក់ពេញទំហឹងអូសជាង១០ម៉ែត្រ ប៉ើងយុវជនម្នាក់ទៅធ្លាក់លើខឿនចិញ្ចើមផ្លូវ និងយុវជនម្នាក់ទៀតខ្ទាតទៅធ្លាក់លើស្មៅក្នុងសួនច្បារម្ខាងនៅក្បែរនោះធ្វើអោយពួកគេរងរបួសធ្ងន់តែម្តង។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់កន្លែងកើតហេតុ និងហៅរថយន្តសាមុយមកដឹកយកយុវជនរងគ្រោះជាកម្មករសំណង់ទាំង២នាក់បងប្អូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងធ្វើការវាស់វែង និងធ្វើការដោះស្រាយគ្នាដោយភាគីខាងរថយន្តស៊េរីទំនើបម៉ាក ALPHARD បង្កយល់ព្រមចេញសំណងថ្លៃព្យាបាលរបួសពួកគេចំនួន៥០០ដុល្លារ និងយកម៉ូតូម៉ាក SUZUKI nex របស់ជនរងគ្រោះទៅធ្វើការជួសជុលអោយវិញ និងបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុភ្លាមៗផងដែរ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]