(ភ្នំពេញ)៖ បន្ទាប់ពីខិតខំធ្វើការរកប្រាក់ព្យាបាលជំងឺម្តាយ អស់រយៈពេលជាច្រើនខែឆ្នាំមក លោក អ៊ុន សុធា នៅតែមិនអាចសម្រេចបំណងឲ្យម្តាយជាសះស្បើយត្រឡប់មកវិញបាន ដោយម្តាយរបស់លោកបានទទួល មរណភាព កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។ ទោះយ៉ាងណាក្តី តារាប្រុសរូបនេះ ត្រូវបានគេដឹងថា មានការប្រឹងប្រែងអស់ពីលទ្ធភាពហើយ ដើម្បីព្យាបាលម្តាយជាទីស្រឡាញ់។ ទន្ទឹមគ្នានេះ អ្វីដែលមហាជន ចាប់អារម្មណ៍ចំពោះរូបលោក គឺចាប់តាំងពីម្តាយឈឺ រហូតដល់មរណភាព លោក អ៊ុន សុធា ត្រូវបានគេមើល ឃើញថា មិនមានការទទូចសុំជំនួយពីសប្បុរសជន ដូចតារាមួយចំនួននោះទេ ពោលកន្លងទៅលោកគ្រាន់តែ ធ្លាប់ប្រកាសថា សុំឲ្យផលិតកម្មមួយចំនួន ដែលចំពាក់លុយថ្លៃថតឱ្យរួសរាន់គិតគូរព្រោះត្រូវការយកមក ប្រើប្រាស់ ខណៈកំពុងមានម្តាយឈឺក្នុងបន្ទុកតែប៉ុណ្ណោះ។

ជាក់ស្តែង ក្រោយពីម្តាយទទួលមរណភាព លោក អ៊ុន សុធា ដែលកំពុងកាន់ទុក្ខនោះ បានបង្ហាញនូវអារម្មណ៍ ស្តាយស្រណោះម្តាយជាទីស្រឡាញ់យ៉ាងខ្លាំង ព្រោះពេលនេះមិនទាន់កាត់ចិត្តបាននៅឡើយ ទោះបីជាកន្លង ទៅដឹងថា ជំងឺម្តាយមិនអាចធូរស្បើយ និងព្យាយាមកាត់ចិត្តបណ្តើរៗក៏ដោយ។ ក្នុងបណ្តាញសង្គមហ្វេសប៊ុក របស់លោក អ៊ុន សុធា បានសរសេរថា «ពេលនេះម្តាយខ្ញុំ គាត់បានផុតទុក្ខហើយ សូមឲ្យម៉ែទៅកាន់ឋានដែល សុខ និងកើតជាតិណាៗ សូមកុំឲ្យម៉ែមានជំងឺកាចសាហាវមកបៀតបៀនដូចជាតិនេះទៀត ហើយសូមម៉ែឲ្យពរ ជ័យដល់បងប្អូនកូនចៅទាំងអស់ ទទួលបានសេចក្តីសុខសេចក្តីចំរើន ឈ្នះអស់មាទាំងឡាយ។ បើមានជាតិ ក្រោយពិត សូមម៉ែមកកើតជាកូនរបស់ខ្ញុំម្តង កូននឹងមើលថែតបស្នងសងគុណម៉ែវិញ។ ម៉ែគឺនៅតែឋិតក្នុង បេះដូងកូនជានិច្ច គ្មានថ្ងៃបំភ្លេចម៉ែបាន ស្រលាញ់ ម៉ែណាស់។ ជាចុងក្រោយ សូមអរគុណ ដល់អ្នកទាំង អស់គ្នាដែលបានចូលរួមរំលែកទុក្ខក្នុងការបាត់បង់ម្តាយខ្ញុំ។ សូមជូនពរអ្នកទាំងអស់គ្នា ទទួលបាននូវពុទ្ធពរ ទាំង៤ប្រការ កុំបីឃ្លានឃ្លៀតឡើយ»។

យ៉ាងណាមិញ ងាកមកមតិរបស់មហាជន ជាពិសេសអ្នកគាំទ្ររបស់លោក អ៊ុន សុធា ឯណោះវិញ ក៏បានសរសើរលោកមិនដាច់ពីមាត់ ដោយនិយាយតៗគ្នាថា ជាតារាប្រុសមួយរូប ដែលតារាដទៃគួរយកគំរូតាម ព្រោះតាំងពីម្ដាយគាត់ឈឺរហូតដល់ទទួលមរណភាព លោកមិនដែលលើកដៃសុំជំនួយពីនរណាឡើយ ខុសពីតារាដ៏ទៃឲ្យតែមានទុក្ខស្រែកសុំជំនួយ ប្រើយុទ្ធសាស្ត្រត្អូញត្អែរ ស្ទើរក្លាយជាអាជីវកម្មទៅហើយនោះ។ ដោយឡែកសម្រាប់តារាប្រុស អ៊ុន សុធា បែរជាប្រកាន់ជំហរថា មានតែខិតខំរកប្រាក់ និងប្រាក់ដែលបានមកពី ការសន្សំកន្លងមក ទៅព្យាបាលម្តាយឲ្យអស់ពីលទ្ធភាពដោយខ្លួនឯងប៉ុណ្ណោះ។ ការលើកឡើងនេះត្រូវបាន មហាជនថា ជាប្រការមួយគួរយកគំរូបាន ព្រោះលោក អ៊ុន សុធា មានគំនិត ចេះទុកដាក់សន្សំលុយពេលរកបាន ខុសពីតារាមួយចំនួនពេលរកលុយបាន ចាយវាយហឺហារ តែពេលមានទុក្ខបែរជារកជំនួយទៅវិញ។

គួរជម្រាបថា ម្តាយរបស់លោក អ៊ុន សុធា បានទទួលមរណភាពដោយសារជំងឺទឹកនោមផ្អែម លើសឈាម បេះដូង និងជំងឺមហារីក ក្រោយលោកខឹតខំព្យាបាលអស់ពីលទ្ធភាព ម្តាយរបស់លោក បានចែកឋាននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។ មហាជនបាននាំគ្នាចូលរួមរំលែកទុក្ខលោកគ្រប់គ្នា និងបួងសួងឲ្យម្តាយរបស់លោក ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

អ៊ុន សុធា
អ៊ុន សុធា និងម្តាយ កាលនៅរស់
ពិធីបុណ្យសព ម្តាយលោក
ពិធីបុណ្យសព ម្តាយលោក

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ុន សុធា