សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ចាស់​ៗ​ហាម​មិន​ឲ្យ​គេង​ស្ពឹក ដើរ​លឿន ឬ​ធ្វើ​អ្វី​យឺតយ៉ាវ​ឡើយ ដោយ​ពួកគាត់​មាន​ជំនឿ​ថា សកម្មភាព​បែប​នេះ​នាំ​ឲ្យ​ពិបាក​ក្នុង​ការ​សម្រាល​កូន ឬ​ឈឺពោះ​ក្នុង​រយៈ​ពេល​យូរ។ តែ​សម្រាប់​ក្រុម​គ្រូពេទ្យ​វិញ បាន​បដិសេធ​ការ​លើក​ឡើង​បែប​នោះ។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ទោះ​ជា​អ្នក​ម៉ាក់ៗ​ធ្វើ​ការ​រហ័សរហួន​យ៉ាង​ណា​ក៏​ដោយ បើ​កាយសម្បទា​គាត់​មិន​សមស្រប​ គឺ​ពិបាក​ហើយ៖

«ជា​ទូទៅ​មិន​អ៊ីចឹង​ទេ មក​ពី​កាយ​សម្បទា​គាត់​ទៅវិញ​ទើប​បណ្ដាល​ឲ្យ​បែប​នោះ។ ស្ត្រី​ខ្លះ​គាត់​កម្ពស់​ទាប ត្រគាក​តូច ទោះជា​គាត់​ធ្វើការ​រហ័ស​ម៉េច​ក៏​ដោយ ​បើ​ត្រគាក​តូច កូន​ធំ សុក​ពាំង​មាត់​ស្បូន គឺ​ទៅ​មិន​រួច​ទេ»។

ទោះ​ជា​មិន​យល់​ស្រប​ជាមួយ​ការ​លើក​ឡើង​បែប​នេះ តែ​លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា គំនិត​បង្កប់​ក្នុង​ការ​អប់រំ​ស្ត្រី​ពពោះ​ឲ្យ​ធ្វើ​ការ​រហ័សរហួន ប្រៀប​ដូច​ជា​ការ​ហាត់​ប្រាណ​ដែរ វា​ល្អ​សម្រាប់​សុខភាព ហើយ​មិន​ធ្វើ​ឲ្យ​ម៉ាក់​ទម្រន់​ខ្លួន ព្រោះ​អ្នក​ខ្លះ​អាង​ថា​ខ្លួន​មាន​កូន ខ្ជិល​អត់​ព្រម​ធ្វើ​អ្វី​សោះ សាច់​ដុំ​មិន​ដំណើរ​ការ ស្ពឹក ហើយ​វា​ពិបាក​ក្នុង​ការ​សម្រាល​មែន។ ការ​ធ្វើ​ចលនា​ឲ្យ​លឿន​ៗ​ជួយ​ឲ្យ​សាច់​ដុំ​មាន​ដំណើរ​ការ​រស់​រវើក ដែល​ល្អ​ក្នុង​ពេល​ប្រឹង​សម្រាល។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]