ធ្លាប់តែដឹងថា ញ៉ាំ​បន្លែ​ និង​ផ្លែ​ឈើ​ស្រស់​ៗថ្មី​ៗ នឹង​ផ្តល់​​​វីតាមីន សារធាតុ​ចិញ្ចឹម​ល្អ​ៗដល់​រាង​កាយ​ ប៉ុន្តែ​​ពេល​នេះ ​​ស្រាប់​តែអ្នក​ជំនាញ​អះ​អាង​ថា ការ​ញ៉ាំ​បន្លែផ្លែ​ឈើ​ក្លាសេទុក ល្អ​ជាង​បន្លែផ្លែឈើ​ស្រស់​ទៅ​វិញ។ រឿង​នេះ​ជាការ​ពិតអត់? ​​​

តាម​​ការ​បញ្ជាក់​ពី​លោក Mario G. Ferruzzi សាស្រ្តាចារ្យ​មក​​ពី​សាកលវិទ្យាល័យ​រដ្ឋ North Carolina សហរដ្ឋ​អាមេរិក ថា បន្លែ​​ស្រស់​ភាគ​ច្រើន​នឹង​ត្រូវ​បាត់​បង់​សារធាតុ​ចិញ្ចឹម​ បើ​ធៀប​នឹង​បន្លែ​ដែល​បាន​ក្លា​សេ​ទុក។

លោក​បញ្ជាក់​ថា បន្លែ​ស្រស់​​នឹង​ត្រូវ​រង​ឥទ្ធិពល​ដោយ​​​ប្រតិកម្ម​ជា​មួយ​ខ្យល់​ (​អុកស៊ី​ហ្សែន) ​​ច្រើន ជា​ហេតុ​នាំ​ឲ្យ​សារធាតុ​ចិញ្ចឹម​​​ថយ​ចុះ​។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ជា​ធម្មតា បន្លែ​ផ្លែ​ឈើ​​យក​ទៅ​ដាក់​ក្លាសេ​លក់ គេ​ច្រើន​រើស​យក​​បន្លែផ្លែ​ឈើ​ល្អៗ បូក​ផ្សំ​នឹង​ការ​រក្សា​ទុក​ដោយ​ក្លាសេ​ក្នុង​ទូ​ទឹកក​ សារធាតុ​ចិញ្ចឹម និង​រ៉ែ​ខនិជនៅ​ជាប់​​បន្លែ​ទាំង​នោះ ​ច្រើន​មិន​បាត់​បង់ បើ​ប្រៀប​នឹង​បន្លែ ​ដឹក​យក​ទៅ​លក់​ស្រស់​ៗ ត្រូវ​​រង​កម្តៅ និង​ខ្យល់​រយៈ​ពេល​យូរ នាំ​ឲ្យ​សារធាតុ​ចិញ្ចឹម​​ត្រូវ​បាត់​បង់​តាម​​នោះ​ផង​ដែរ​។

អ្នក​វិទ្យាសាស្រ្ត​បាន​សម្គាល់ឃើញ​ទៀត​​ថា បន្លែ​ស្រស់​ដាក់​ក្លាសេ​ភ្លាម​ៗ ហើយ​ប្រៀប​នឹង​បន្លែ​ស្រស់​មិន​បាន​ក្លាសេ​ យក​ទៅ​ចម្អិន​ដូច​គ្នា ឃើញ​ថា បាត់​បង់​ជាតិ​​​វីតាមីន C ប្រមាណ​ ៥០% ស្មើ​​គ្នា តែ​បន្លែ​​បាន​ក្លាសេនៅ​សល់​សារធាតុ​ចិញ្ចឹម​ច្រើន​ជាង​។

ដោយ​ឡែក លោក​ស្រី​វេជ្ជបណ្ឌិត Mary Ann Lila ប្រធាន​ផ្នែក​រុក្ខវិទ្យានៃវិទ្យាស្ថានសុខភាពមនុស្ស​របស់​សាកលវិទ្យាល័យរដ្ឋ North Carolina ក៏​បាន​លើក​ឡើង​ស្រប​​ទៅ​នឹងលោក​វេជ្ជបណ្ឌិត​ខាង​លើ ដោយ​អះអាង​ ការ​ដាក់​ក្លាសេ​ ពិត​ជា​ជួយ​រក្សា​សមាសធាតុចិញ្ចឹម​បាន​ល្អ ដល់​បន្លែ​ផ្លែ​ឈើ ជាង​ផ្លែ​ឈើ និង​បន្លែ​ដាក់​លក់​ស្រស់​ៗ។

តែ​យ៉ាង​ណា​មិញ អ្នក​ជំនាញ​ទាំង​នោះបញ្ជាក់​ច្បាស់​ថា សារធាតុ​ចិញ្ចឹម​ទាំង​អស់​ក្នុង​បន្លែផ្លែ​ឈើ មាន​កាល​កំណត់ ពោល​​អាច​រក្សា​ត្រឹម​តែ ​១​ ថ្ងៃ ហើយ​យក​ទៅ​ចម្អិន ឬ​បរិភោគ ពិត​ជា​មាន​ប្រយោជន៍​ច្រើន។ ផ្ទុយ​ទៅ​វិញ បើ​​ក្លាសេលើស​ ១​ ថ្ងៃ​ រហូត​ដល់​ ៥-៦ ​ថ្ងៃ ​ឬ​មួយ​សប្តាហ៍ គុណ​ប្រយោជន៍​នឹង​ធ្លាក់​ចុះ​​។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ ​​

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]