កូរ៉េខាងត្បូង ៖ កាលពីថ្ងៃទី ១៣ ខែមិថុនា កន្លងទៅថ្មីៗនេះ ខណៈពេលដែលបង្ហាញខ្លួន នៅក្នុងកម្មវិធី Happy Together4 របស់ប៉ុស្តិ៍ទូរទស្សន៍ KBS តារាចម្រៀងស្រី SeungHee សមាជិកក្រុម OH MY GIRL បានលើកយករឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ កាលពីអតីតកាលរបស់នាង ជាមួយនឹងសមាជិកក្រុម BTS ពីរនាក់ យកមកចែករំលែក ធ្វើឲ្យហ្វេនៗរបស់ BTS ចាប់អារម្មណ៍យ៉ាងខ្លាំង។

SeungHee បាននិយាយថា នាងធ្លាប់ទៅសាលារៀនជាមួយ V និង Jimin កាលពីពួកគេនៅរៀនវិទ្យាល័យ ហើយបានក្លាយជាមិត្តល្អនឹងគ្នា តាំងពីពេលនោះមក។ ដំបូងឡើយ នាងជាមិត្តជាមួយនឹង V ប៉ុន្តែនាងនិង V រៀនថ្នាក់ផ្សេងគ្នា។ SeungHee បានបន្តថា V ជាអ្នកណែនាំឲ្យនាងស្គាល់ Jimin ហើយ V បានសុំឲ្យនាង ជួយមើលថែ Jimin ផង ព្រោះតែនាង និង Jimin រៀនថ្នាក់ជាមួយគ្នា។ កាលនោះ Jimin ជាសិស្សដែលទើបតែផ្លាស់មកថ្មីៗ។

ភ្លាមៗនោះ ពិធីករក្នុងកម្មវិធី បានសួរនាងថា តើ V និង Jimin មានអត្តចរិតបែបណា ពេលនៅរៀន?

SeungHee ឆ្លើយតបខ្លីៗថា Jimin មើលទៅដូចជាខ្មោចឆៅយ៉ាងដូច្នេះ។ នាងបន្តថា កាលនោះ Jimin យកចិត្តទុកដាក់បំផុត ទៅលើការរាំ ហើយពេលខ្លះ លោកស្នាក់នៅស្ទូឌីយោរាំតែម្ដង ដើម្បីក្រោកពីព្រឹកហាត់រាំបន្ត។ Jimin មើលទៅដូចជាខ្មោចឆៅ ដោយសារបែបនេះ ព្រោះលោកអស់កម្លាំង មិនសូវជាបានសម្រាក ដូចគេឯងនោះទេ។

SeungHee បានបន្តទៀតថា V ធ្លាប់ប្រើប្រាស់ ទ្វាររថភ្លើងក្រោមដីជាកញ្ចក់ ហើយលោកក៏បញ្ចេញក្បាច់រាំ ពេលមើលទៅទ្វារកញ្ចក់នោះ ធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែល V អាចអនុវត្តន៍ក្បាច់រាំ សូម្បីតែពេលជិះរថភ្លើងក្រោមដី។

ចំពោះសំណួរមួយ ដែលសួរថា តើនាង និងសមាជិកក្រុម BTS ទាំងពីរ នៅតែរាប់អានគ្នាទៀតឬអត់? SeungHee បានឆ្លើយថា នាងនិងពួកគេទាំងពីរ នៅតែរក្សាទំនាក់ទំនង ជាមិត្តល្អនឹងគ្នា ដល់បច្ចុប្បន្ន។ ពួកគេរវល់ណាស់ ជាមួយការធ្វើតន្រ្តីទេសចរណ៍ ជុំវិញពិភពលោក ប៉ុន្តែពួកគេបានប្រាប់នាងថា ឲ្យទៅរកពួកគេភ្លាម បើសិនជាមានរឿងអ្វី ដែលរំខានដល់ចិត្តនាង។

SeungHee បានបន្ថែមថា កាលពីពេលដែលនាង ឡើងសម្តែងក្នុងកម្មវិធី MAMA ជាលើកដំបូង នាងបានប្រាប់ពួកគេថា នាងមានអារម្មណ៍ភ័យខ្លាច។ ពេលនោះ មិត្តល្អទាំងពីរ បាននិយាយលើកទឹកចិត្តនាងថា នាងពិតជាសម្ដែងបានអស្ចារ្យខ្លាំងណាស់ ធ្វើឲ្យតារាស្រីរូបនេះ កក់ក្ដៅចិត្តយ៉ាងខ្លាំង។

មិត្តភាពរបស់ពួកគេ ធ្វើឲ្យក្រុមអ្នកគាំទ្រកាន់តែរំជួលចិត្តបំផុត ជាពិសេសគឺ នៅពេលដែល V និង Jimin ផ្ដល់កម្លាំងចិត្ត និងភាពកក់ក្ដៅដល់នាង ក្នុងនាមមិត្តដែលបានបង្ហាញខ្លួនជាតារាមុន៕

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព V និង Jimin
រូបភាព V និង Jimin
រូបភាព V និង Jimin
រូបភាព V និង Jimin
រូបភាព SeungHee
រូបភាព SeungHee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]