រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់បានសម្ដែងការកើតទុក្ខមិនសុខចិត្តយ៉ាងខ្លាំងចំពោះសាលក្រមតុលាការ ដែលបានសម្រេចបែងចែកកេរមរតកខុសទៅនឹងអ្វីដែលជាបណ្ដាំចុងក្រោយរបស់ប្ដីគាត់ មុនពេលស្លាប់ ។
គាត់បានចោទប្រកាន់ថា តុលាការធ្វើអ្វីៗទៅតាមខ្សែញាក់របស់កូនប្រពន្ធមុន ដែលធ្វើឲ្យគាត់ទទួលរងនូវភាពអយុត្តិធម៌ ។ មិនតែប៉ុណ្ណោះ កូនៗទាំងនោះ ហ៊ានបណ្តេញគាត់ចេញពីផ្ទះថែមទៀត ដោយឲ្យគាត់យកត្រឹមរថយន្ត១គ្រឿងប៉ុណ្ណោះ ប៉ុន្តែគាត់មិនព្រមចុះចេញជាដាច់ខាត ។
ផ្ទះដែលកំពុងកើតរឿងក្ដីក្ដាំគ្នានេះ មានអាសយដ្ឋានលេខ១៧៣ ដែលស្ត្រីជាម្ដាយចុងរស់នៅ ព្រមទាំងផ្ទះជួលកម្ពស់៣ជាន់មួយកន្លែងទៀត ស្ថិតនៅតាមផ្លូវលំ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចចម្រុះ១ក្រុម ដឹកនាំដោយមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានចុះអនុវត្តសាលក្រមលេខ១០៨ «ភ»ដ.រ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ ចេញដោយលោក សំ ប៊ុនពៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចបែងចែកទាំងផ្ទះនិងផ្ទះជួលជា៣ចំណែក ។
ការសម្រេចនេះ ធ្វើឲ្យកូនប្រពន្ធមុនទាំង២នាក់ មានសិទ្ធិទៅរស់នៅជាមួយស្ត្រីជាម្ដាយចុងថែមទៀតផង ទើបធ្វើឲ្យស្ត្រីរូបនេះមិនសុខចិត្ត និងចេញមុខតវ៉ាយ៉ាងខ្លាំង ។ស្ត្រីជាម្តាយចុងដែលមិនសុខចិត្តចំពោះសាល ក្រមតុលាការនេះឈ្មោះ យ៉ែម សុីវន អាយុ៣៥ឆ្នាំ រស់នៅផ្ទះដែលកំពុងកើតមានទំនាស់ខាងលើ ។ចំណែកកូនប្រពន្ធមុន និងជាគូទំនាស់ជាមួយគាត់រឿងដណ្ដើមកេរមរតកនេះ ម្នាក់ឈ្មោះ ហុីង សុភាវី ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅផ្ទះលេខ១៩ ផ្លូវលេខ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមាន ជ័យ និងម្នាក់ទៀតឈ្មោះ ហុីង សូលីដា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅអគារខុនដូលេខ១០០២ បុរីសែនសុខ ផ្លូវឧញ៉ាម៉ុង ឫទ្ធី ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ទាក់ទងទៅនឹងរឿងរ៉ាវខាងលើនេះ ត្រូវបានស្ត្រីឈ្មោះ យែ៉ម សុីវន និយាយថា គាត់បានរៀបការជាមួយបុរសចំណាស់ម្នាក់ពោះម៉ាយកូន២ ឈ្មោះ ហុីង ច័ន្ទតារា នៅអំឡុងឆ្នាំ២០០៦ ហើយក្រោយពេលរៀបការរួចចាប់ដៃគ្នាជាប្តីប្រពន្ធ គាត់និងប្ដីបានសាងសង់ផ្ទះធំទ្រនំខ្ពស់ មានទាំងផ្ទះជួលទៀតផង ។ ប៉ុន្តែជាអកុសលបានតែ២ឆ្នាំប៉ុណ្ណោះ គឺនៅអំឡុងខែឧសភា ឆ្នាំ២០១៨ ប្ដីក៏មានជំងឺស្លាប់ទៅ ។
ប៉ុន្តែនៅមុនពេលលាចាកលោករយៈពេលកន្លះខែ ប្ដីបានហៅ រូបគាត់និងកូនស្រីប្តីគាត់ជាមួយប្រពន្ធមុន២នាក់ ព្រមទាំងកូនប្រសាផង ទៅនិយាយផ្ដែផ្ដាំនិងបែងចែកកេរមរតកដែលគាត់មាន ។ ក្នុងនោះប្ដីបានប្រគល់ផ្ទះថ្ម១ខ្នងដែលរស់នៅរាល់ថ្ងៃឲ្យមកគាត់រស់នៅដាច់មុខម្នាក់ឯង ចំណែកផ្ទះជួលមួយកន្លែងទៀតកម្ពស់៣ជាន់មានជាច្រើនបន្ទប់ត្រូវបានបែងចែកជា៣ចំណែកគឺ ១ចំណែកឲ្យមកគាត់ជាប្រពន្ធ និង២ចំណែកទៀតប្រគល់ទៅឲ្យកូនស្រីប្រពន្ធមុនទាំងនាក់ ។
ការបែងចែកនេះក៏ព្រោះតែប្តីគាត់មានបំណងមិនឲ្យរូបគាត់ និងកូនទាំង២នាក់ឈ្លោះទាស់គ្នា ប៉ុន្តែធ្វើឡើងតែមាត់ទទេប៉ុណ្ណោះ មិនមានក្រដាសស្នាមនិងការដឹងឮពីអាជ្ញាធរឡើយ។ ក្នុងខណៈនោះដែរ កូនស្រីទាំង២នាក់បានយល់ព្រមនិងនិយាយថា«ធ្វើម៉េចធ្វើទៅ ឲ្យតែប៉ាបានសប្បាយចិត្ត» ។
លុះពេលប្តីគាត់ស្លាប់់ទៅ រឿងទំនាស់ដណ្ដើមកេរមរតកក៏បានផ្ទុះឡើង ដោយកូនស្រីទាំង២នាក់បំភ្លេចបណ្ដាំឪពុកអស់ ហើយបានបណ្ដេញរូបគាត់ឲ្យចាកចេញពីផ្ទះ ដោយឲ្យត្រឹមតែរថយន្តម៉ាកសុីណា១គ្រឿងប៉ុណ្ណោះ ។ ពេលនោះកូនស្រីទាំង២នាក់និយាយមកកាន់គាត់ថា «ពួកខ្ញុំមិនអាចអនុវត្តតាមបណ្ដាំលោក ឪពុកបានទេ ពួកខ្ញុំសុំកាន់កាប់ផ្ទះនិងផ្ទះជួលទាំងនេះហើយ ចំណែកបងឯងអត់មានចំណែកទេ សូមបងចុះចេញពីផ្ទះនេះ ហើយយករថយន្តម៉ាកសុីណា១គ្រឿងបានហើយ»។
ប៉ុន្តែខណៈនោះ រូបគាត់មិនបានយល់ព្រមចេញឡើយព្រោះផ្ទះនោះគឺជាផ្ទះរបស់គាត់ដែលបានមកពីការរកសុីជាមួយប្ដី គ្មានចំណែកកូនៗទាំងនេះឡើយ ។ ប្រភពដដែលបន្តថា ក្រោយមកទើបកូនស្រីទាំង២នាក់រួមដៃគ្នាជាមួយកូនប្រសា ដាក់ពាក្យប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីកម្ចាត់រូបគាត់ចេញពីផ្ទះនោះឲ្យបាន ។ ចំណែកតុលាការវិញ បានចេញសាលក្រមសម្រេចបែងចែកខុសនឹងបណ្ដាំប្ដីរបស់គាត់ដែរ ហើយក៏ជាការសម្រេចដ៏លម្អៀងមួយ ដោយតុលាការមិនបានសិក្សាឬក៏យល់ថា រូបគាត់គឺជាម្ចាស់ផ្ទះនោះទេ ។
តុលាការបែរជាសម្រេចបែងចែកទាំងបំពានដោយយកផ្ទះរបស់គាត់ទៅបែងចែកជា៣ចំណែកទៅវិញ ហើយការពិតកូន២នាក់នោះគ្មានសិទ្ធិទទួលបានចំណែកផ្ទះនេះទេ ព្រោះវាជាញើសឈាមរបស់គាត់និងប្ដីសុទ្ធសាធ ។ ចំណែកផ្ទះជួលបែងចែកជា៣ចំណែកនោះរូបគាត់ក៏មិនថាអីដែរ ព្រោះវាជាបណ្ដាំរបស់ប្ដីដែលបានបែងចែកស្រាប់ហើយ ។ ហេតុនេះហើយទើបគាត់កើតទុក្ខមិនសុខចិត្តនៅពេលតុលាការចេញសាលក្រមលម្អៀងនិងអយុត្តិធម៌បែបនេះ។
រីឯកូនប្រពន្ធមុនទាំង២នាក់ ក៏រឹតតែបំពានរូបរូបគាត់ និងប្រព្រឹត្តផ្ទុយពីសាលក្រមថែមទៀតព្រោះបានបណ្ដេញគាត់ចេញពីផ្ទះទ ាំងដឹងថានៅក្នុងសាលក្រមក៏មានចំណែកគាត់ដែរនោះ ។ក្រោយពេលម្ដាយចុងចេញមុខជំទាស់មិនទទួលស្គាល់សាលាក្រម ដែលសម្រេចដោយសាលាដំបូងរាជធានីភ្នំពេញថា ជារឿងអយុត្តិធម៌បែបនេះ ខាងកូនប្រពន្ធមុនទាំង២នាក់មិនបានធ្វើការបំភ្លឺបែបណានោះឡើយ និងបានគេចចេញពីក្រុមអ្នកកាសែតបាត់អស់ ។
តាមរឿងរ៉ាវដណ្ដើមកេរមរតនេះ ជាមេរៀនមួយសម្រាប់អ្នកមានទ្រព្យ សម្បត្តិច្រើន ដែលគួរតែលលកធ្វើបណ្ដាំមរតកដោយមានការដឹងឮពីមេធាវី ។ បណ្ដាំមរតក ច្រើនតែគេអនុវត្តក្រោយពេលដែលអ្នកបែងចែកមរតកស្លាប់ទៅ។ ការធ្វើបែបនេះ ទើបមិនមានរឿងរ៉ាវទៅថ្ងៃក្រោយ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]