មុខ​កើត​មុន​មធ្យម​ទេ ងំ​ត្រង់​មុខ​ជាំ​ទៀត ធ្វើ​ឲ្យ​ស្រីៗ​គ្នា​យើង​បាក់​ទាំង​រូប​សម្រស់ បង់​ទាំង​ទំនុក​ចិត្ត។ ហេតុអី​ស្រីៗ​ងាយ​នឹង​មាន​បញ្ហា​ជាំ​មុខ? ការ​ព្យាបាល​ជាំ​មុខ​មាន​ប្រសិទ្ធភាព​កម្រិត​ណា?
នៅ​ក្នុង​បទ​សម្ភាស​ន៍ជាមួយ «Hello គ្រូពេទ្យ» លោក​វេជ្ជបណ្ឌិត ហេង យូសេង ធ្វើការ​នៅ​ផ្នែក​ជំងឺ​ស្បែក នៃ​មន្ទីរពេទ្យ​ព្រះកុសុមៈ ថា ជាំមុខ​ឲ្យ​ដឹង​មូល​ហេតុ​អ្វី​មួយ​ពិត​ប្រាកដ មិន​ទាន់​ដឹង​នោះ​ទេ គ្រាន់​តែ​គេ​ដឹង​ថា​មាន​កត្តា​ជំរុញ​មួយ​ចំនួន​ធ្វើ​ឲ្យ​ស្បែក​មុខ​ប្រែ​ជា​ជាំ ខ្មៅ​ស្រអាប់ ពិសេស​ស្រីៗ​ដែល​ត្រូវ​កម្តៅ​ថ្ងៃ​ញឹក​ញាប់ និង​ស្ត្រី​មាន​ផ្ទៃពោះ។

១- កត្តា​ជម្រុញ​ឲ្យ​មុខ​ជាំ

អ័រម៉ូន៖ អ័រម៉ូន​ភេទ អឺស្ត្រូសែន កើន​ឡើង​ខុស​ប្រក្រតី​អំឡុង​ពេល​ពពោះ ស្រីៗ​ដែល​ប្រើ​ថ្នាំ​ពន្យារ​កំណើត និង​ស្រីៗ​ដែល​មក​រដូវ​មិន​ទៀង សុទ្ធ​តែ​ងាយ​ប្រឈម​នឹង​បញ្ហា​ជាំ​មុខ។
កម្តៅ​ថ្ងៃ ឬ​ភ្លើង៖ ការ​ត្រូវ​កម្តៅ​ថ្ងៃ ឬ​ភ្លើង​ញឹក​ញាប់ ដោយ​មិន​បាន​លាប​ឡេ​ការពារ​កម្តៅ ស្បែក​យើង​ងាយ​នឹង​ខូច ឯ​មុខ​វិញ​ឡើង​ជាំ​ខ្មៅ​ដុំៗ ពិសេស​នៅ​ថ្ពាល់​ផ្នែក​ខាង​លើ​ទាំង​សង​ខាង ដោយសារ​ឥទ្ធិពល​របស់​កាំរស្មី UV ។
ចំពោះ​ការ​ជាំ​មុខ​អំឡុង​ពពោះ​ដោយសារ​អ័រម៉ូន​ប្រែប្រួល លោក​វេជ្ជបណ្ឌិត​ថា ស្រីៗ​មួយ​ចំនួន​ក្រោយ​សម្រាល​កូន​រួច​អាច​បាត់​ជាំ ឯ​មួយ​ចំនួន​ទៀត មិន​បាត់​នោះ​ទេ ទាល់​តែ​ព្យាបាល។

២- វិធី​ព្យាបាល​មុខ​ជាំ

ឯ​វិធី​ព្យាបាល​មុខ​ជាំ​វិញ វេជ្ជបណ្ឌិត​ជំនាញ​ជំងឺ​ស្បែក និង​សម្ផស្ស​រូបនេះ បញ្ជាក់​ថា មាន​ការ​លំបាក​បន្តិច ដោយ​ត្រូវ​ចំណាយ​ពេល​វេលា​យូរ និង​ទាមទារ​ការ​អត់ធ្មត់ ដែល​ករណី​ខ្លះ​ព្យាបាល​ជា​ហើយ ស្នាម​ជាំ​រើ​ឡើង​វិញ​ក៏​មាន។ ក្រោយ​ព្យាបាល​រួច អ្នក​មាន​បញ្ហា​ជាំ​មុខ ត្រូវ​ការ​ថែទាំ​ជា​ពិសេស មិន​ឲ្យ​កម្តៅ​ថ្ងៃ កម្តៅ​ភ្លើង និង​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ជា​ប្រចាំ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]