ហ្វីលីពីន៖ នេះគឺជារឿងដ៏ក្តុកក្តួលបំផុត ដែលបានកើតឡើងកាលពីពេលថ្មីៗនេះ ទាក់ទិនទៅនឹងឆ្កែមួយក្បាល ដែលមានទឹកចិត្តស្មោះត្រង់ជាមួយនឹងម្ចាស់វា បានសម្ដែងទុក្ខក្រៀមក្រំ មុខស្រងូតស្រងាត់ និងបានទៅរង់ចាំនៅកន្លែងធ្វើការម្ចាស់របស់វារាល់ថ្ងៃ បើទោះបីជាម្ចាស់វាបានស្លាប់បាត់ទៅហើយ ប៉ុន្តែមិនយូរប៉ុន្មានវាក៏ត្រូវបានឡានបុកងាប់ទៀត ធ្វើឱ្យមហាជនស្រក់ទឹកភ្នែកជាខ្លាំង។

យោងតាមប្រភពបានឱ្យដឹងថា ឆ្កែស្មោះត្រង់មួយក្បាលនេះមានឈ្មោះ Buboy បានធ្វើឱ្យអ្នកលេងអ៊ីនធើណេតចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីខែមុននេះ ទាក់ទិនទៅនឹងវីដេអូនៃសកម្មភាព ដែលវារង់ចាំម្ចាស់វានៅក្នុងសាលារៀនរាល់ថ្ងៃ ព្រោះម្ចាស់វាគឺជាគ្រូបង្រៀនម្នាក់ឈ្មោះ Carmelito Marcelo ហើយលោកបានស្លាប់បាត់ទៅកាលពីថ្ងៃទី១៨ ខែឧសភា កន្លងទៅនេះ។

លោកគ្រូ Marcelo និងឆ្កែ Buboy

ប្រភពដដែលបានឱ្យដឹងថា ឆ្កែ Buboy មិនបានឃើញម្ចាស់វាអស់មួយរយៈ ព្រោះតែម្ចាស់វាបានធ្លាក់ខ្លួនឈឺជាទម្ងន់។ ដូច្នេះម្ចាស់វាត្រូវសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យអស់រយៈពេលជាង ២សប្តាហ៍។

គួរឱ្យដឹងផងដែរថា Buboy គឺជាឆ្កែអនាថាដែលលោក Marcelo យកមកចិញ្ចឹមនិងថែរក្សានៅក្នុងសាលារៀនអស់រយៈពេល ៤ឆ្នាំមកហើយ។

ឆ្កែមួយក្បាលនេះពិតជាស្រលាញ់លោកគ្រូ Marcelo ជាខ្លាំង ហើយវាតាមលោកគ្រប់កន្លែងនៅក្នុងបរិវេណសាលា។

យោងតាមសម្តីរបស់ប្អូនស្រីលោកគ្រូ Marcelo បានឱ្យដឹងថា លោកគ្រូ Marcelo ចាត់ទុកឆ្កែ Buboy ប្រៀបដូចជាកូនបង្កើតអីចឹង ព្រោះតែលោកពុំមានគ្រួសារផ្ទាល់ខ្លួននោះទេ។

ឆ្កែ Buboy

យ៉ាងណាមិញ មិនយូរប៉ុន្មានលោកគ្រូ Marcelo ក៏បានស្លាប់បាត់ទៅព្រោះតែមានជំងឺធ្ងន់ធ្ងរពេក។ ហើយបុគ្គលិកនៅក្នុងសាលាក៏បាននាំឆ្កែ Buboy ទៅជួបម្ចាស់វា ហើយវាហាក់បានសម្រក់ទឹកភ្នែក ដែលមើលទៅពិតជាគួរឱ្យក្តុកក្តួលខ្លាំងមែនទែន។

វីដេអូរបស់វាត្រូវបានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក។ មនុស្សម្នាសុទ្ធសឹងតែសម្តែងការអាណិតអាសូរចំពោះលោកគ្រូ Marcelo និងឆ្កែ Buboy។

ជាអកុសល បន្ទាប់ពីម្ចាស់វាស្លាប់មិនទាន់បានប៉ុន្មានផង ឆ្កែ Buboy ក៏ត្រូវបានឡានបុកងាប់បាត់ទៀត ។

ឆ្កែ Buboy
លោកគ្រូ Marcelo និងឆ្កែ Buboy

រឿងមួយនេះបានល្បីកក្រើកពេញប្រទេសហ្វីលីពីន ហើយមនុស្សម្នាសុទ្ធសឹងតែចងចាំរឿងរបស់លោកគ្រូ Marcelo និងឆ្កែ Buboy។

បន្ថែមពីនេះទៀត ក្រុមអ្នកការពារសិទ្ធិសត្វក៏បានសម្តែងការអាណិតអាសូរ និងបានផ្តល់ជាដំបូន្មានដល់មនុស្សទូទៅទាំងអស់ឱ្យចេះស្រលាញ់សត្វ ព្រោះសត្វប្រៀបដូចជាមនុស្សអីចឹង ពួកវាក៏ត្រូវការផ្ទះដ៏មានសុវត្ថិភាព និងភាពកក់ក្តៅនៅក្នុងគ្រួសារផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]