រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តលើករណីចោរលួចរថយន្តហាយឡិនឌ័រមួយគ្រឿង ដោយទាំង​ក្មេង​ស្រី២នាក់ក្នុងរថយន្ត បើតាម​ការ​សាកសួរលើ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំម្នាក់​ ដែលស្ថិតក្នុងហេតុការណ៍នេះ​ផ្ទាល់​​បានអោយ​ដឹងដែរ​​ថា មុនកើតហេតុ​ នាងឃើញ​​មនុស្ស​ប្រុស​២​នាក់​​ជិះ​ម៉ូតូ​គ្រឿង​មក​ជិត​រថយន្ត​ ហើយ​បុរស​ម្នា​ក់​ក៏​ចុះ​ពីលើ​ម៉ូតូដើរមក​បើកទ្វារ​រថយន្តបើក​ចេញ​តែ​ម្តង។

នាងបន្តថា នៅ​ពេល​បើក​ចេញ​មក គឺ​ឃើញ​មាន​មនុស្ស​ប្រុស​​៤​នាក់​បាន​​បង្វែងដាន ដើម្បី​​បើករថយន្តគេច​ចុះ​គេច​ឡើង ទែ​រហូត​ដល់​ចំណុច​នេះ (ផ្លូវ២៧១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ) ទើបទុក​​រថយន្ត​ចោល​ ហើយ​រត់គេច​ខ្លួន​​បាត់ស្រមោល​អស់។

គួររំលឹកដែរថា ​ករណីចោរលួចរថយន្តហាយឡិនឌ័រ ដោយទាំងក្មេង២នាក់ គឺ​បាន​ផ្អើលអស់កម្លាំង​សមត្ថ កិច្ច កម្លាំង​កងរាជអាវុធហត្ថទាំង​១៤​ខណ្ឌ ដោយ​សហការ​ជួយ​បោះដៃ​គ្នាតាម​វិទ្យុទាក់ទង ប្រកាស​រក​ភិន​ភាគ​រថយន្តដែលចោរកំពុងបើកគេចនោះ ។ ​

ដោយ​មានកិច្ច​សហការគ្នា​ល្អនោះ មិន​បាន​២០​នាទីផង​ សមត្ថ កិច្ច​ទាំង​១៤​ខណ្ឌបាន​ប្រទះ​ឃើញភិន​ភាគ​​រថ​យន្តកំពុងបើក​​លើ​​ផ្លូវ​២៧១ ឡើង​ទៅ​ច្រមុះជ្រូក​ក្បាលថ្នល់​ ដោយបាន​ដេញ​តាម​មក​ដល់​ជិតដល់​​ច្រមុះ ជ្រូក​ក្បាលថ្នល់(ផ្លូវ​២៧១) ក្នុងសង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមាន ជ័យ ជនសង្ស័យ​បាន​ឈប់​រថយន្ត​ទុក​ចោល ហើយ​រត់គេច​ខ្លួន​បាត់​ស្រមោលតែម្តង ដោយបន្សល់​ទុក​ក្មេង​ស្រី​ទាំង​២​នាក់​​នៅ​ក្នុង​រថយន្ត ដោយ​មិន​មាន​រង​គ្រោះ​អ្វី​នោះ​ទេ ​។ ​

​សមត្ថកិច្ច​ខណ្ឌចំការមន បាន​បើករថ យន្ត​ព្រមទាំង​ក្មេង​ស្រី​ទាំង​២​នាក់ ​ហៅ​ឪពុក​ម្តាយ​យក​ទៅ​ធ្វើការ​សាកសួរ និង​ដាក់​ពាក្យបណ្តឹង​នៅអធិការ ដ្ឋាន​ខណ្ឌចំការមន ដើម្បី​កំណត់​មុខ សញ្ញា​ថា ​ជា​ករណី​អ្វីឱ្យ​ពិតប្រាកដ ។

​ប្រភពបន្តថា បុរស​​ជាម្ចាស់​រថយន្តខាងលើ គឺ​ជា​មន្ត្រី​ក្រសួងផែនការម្នាក់ ដោយមុនពេលកើតហេតុ បាន​​បើករថយន្ត​ហា​យឡែនឌ័រនេះ ដឹក​កូនស្រី​តូច​ពីរ​នាក់ ​ទៅ​ទទួល​ប្រពន្ធ​នៅ​កន្លែង​លក់​បុកល្ហុង​ ។ ដោយ​ទុក​រថយន្ត​បញ្ឆេះ​ចោល​ ដើម្បីឱ្យ​កូនស្រី​២​នាក់​ដេក​នៅ​ក្នុង​រថយន្ត ​ហើយក៏ទៅ​និយាយ​លេង​ជាមួយ​អ្នក​ស្គាល់ គ្នា​និង​រៀបចំ​​អីវ៉ាន់​​ប្រពន្ធ​លក់ ។ ដោយ​ភ្លេចខ្លួន​ប្រមាណ​២០​នាទី ស្រាប់តែ​រក​មើល​រថយន្ត​អត់​ឃើញ​ភ័យ​ស្លន់ស្លោ​ប្តឹង​សមត្ថកិច្ច​ផ្អើល​ទូទាំង​ភ្នំពេញ​ទាំង​យប់​ ​។ ​

ហេតុការណ៍កើត​ឡើង​ កាលពី​វេលា​ម៉ោង​៨​ និង​១៣​នាទី​យប់​ថ្ងៃ​ទី១៤ មិថុនា ​នៅ​កន្លែង​លក់​បុកល្ហុង មួយ​កន្លែង​ស្ថិត​នៅ​ចំនុច​ផ្លូវ​១៤៣ កែង​និង​ផ្លូវ​២៧៨ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ដោយឃាត់​រថយន្ត​បាន​បាន​មក​វិញ​ នៅ​ចំណុច​ផ្លូវ​២៧១ ជិត​ច្រមុះជ្រូក​ក្បាលថ្នល់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះជា​ឪពុក​​ឈ្មោះ ណុំ ពិសី អាយុ​៣៨​ឆ្នាំ មុខរបរ​មន្ត្រី​ក្រសួងផែនការ ស្នាក់​នៅផ្ទះ​លេខ​១១០ បុរី​ពិភព​ថ្មី​២ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ ចំណែក​​ប្រពន្ធ​​ឈ្មោះ ពៅ បុ​ផ្ផា​ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជាអ្នក​លក់ដូរបុកល្ហុង ។ ចំណែកកូនស្រី​ដែល​ជាប់​នៅ​ក្នុងរថយន្តពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2S- 4126​ មានឈ្មោះមែន ដា ​អាយុ​២​ខែ និង​ម្នាក់​ទៀត​​ឈ្មោះ​ជេ ស៊ី​កា អាយុ​១១​ឆ្នាំ ។

នៅព្រឹកថ្ងៃទី​១៥ មិថុនា កម្លាំងកំពុងធ្វើការស៊ើបអង្កេតបន្ត ដើម្បី​ស្វែងរក​ជនសង្ស័យទាំងនោះ ។ 

ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]