ខេត្តបន្ទាយមានជ័យ ៖ សត្វ​ទុង និង​សត្វ​ត្រដក់ សរុប​ចំនួន​៣​ក្បាល ជា​ប្រភេទ​សត្វ​ដែល​កំពុង​រង​ការ​វិនាស ផុត​ពូជ​ដោយ​ក្រុម​ព្រានព្រៃ​លប​លួច​បរបាញ់​ជា​អាហារ ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​អង្គការ​អភិរក្ស​សត្វព្រៃ ដែល​មានឈ្មោះ WCS និង​អង្គការ ACCB នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ យក​កមក​លែង​នៅ ឧទ្យាន​តំបន់ការពារទេសភាព​អាង​ទឹក​ត្រពាំង​ថ្ម ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ម​កណ្តាល ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដើម្បី​ការពារ​អភិរក្ស​ឱ្យ​បាន​គង់វង្ស​។

សត្វ​ទាំង​៣​ក្បាល​នោះ​មាន​សត្វ​ទុង​១​ក្បាល និង​សត្វ​ត្រដក់​តូច​២​ក្បាល​។ លោក យឹ​ម លី ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖ សត្វ​ទាំង​៣​ក្បាល​ខាងលើ​ត្រូវ​បាន​អង្គការ​អភិរក្ស​សត្វព្រៃ​ឈ្មោះ WCS និង​អង្គការ ACCB យក​មក​ពី​ខេត្តសៀមរាប ហើយ​លែង​នៅ​តំបន់​ការពារ​អភិរក្ស​ក្នុង​ឧទ្យាន​តំបន់ការពារទេសភាព​អាង​ទឹក​ត្រពាំង​ថ្ម​។ អង្គការ​ទាំង​២​នេះ កន្លង​មក​ក៏​បាន​យក​សត្វ​ត្រដក់​២​ក្បាល​មក​ប្រលែង​នៅ​ទី​នេះ​ផង​ដែរ ដើម្បី​រក្សា​ការពារ​បញ្ចៀស ពី​ការ​បរបាញ់​ពី​សំណាក់​ព្រានព្រៃ​។

លោក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ​ប្រាប់​ឱ្យ​ដឹង​ទៀត​ថា​៖ ប្រភេទ​សត្វ​ទុង​,​ក្រៀល​,​ក្រសា​,​ត្រដក់ ជា​ពពួកសត្វ​ត្រូវ​បាន​ក្រសួងបរិស្ថាន​ការពារ​អភិរក្ស ដើម្បី​ទុក​សម្រាប់​បម្រើ​លើ​វិស័យ​ទេសចរណ៍​។ ពពួកសត្វ​ទាំងនេះ​ភាគច្រើន​រស់នៅ​ក្នុង​តំបន់​ព្រៃរនាម និង​នៅ​តាម ស្ទឹង បឹង ទន្លេ ហើយ​វា​ស៊ី​ត្រី​ជា​អាហារ​។

ពពួកសត្វ​ទាំងនោះ នៅ​ខេត្តបន្ទាយមានជ័យ មាន​៣​កន្លែង​សម្រាប់​ការពារ​អ​ភ​រិ​ក្ស និង​កន្លង​មក​មន្ត្រី​បរិស្ថាន​ក៏​បាន​សហការ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន បាន​យកចិត្តទុកដាក់​ផ្សព្វផ្សាយ​ទៅ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ចូលរួម​ថែរក្សា​ការពារ និង​អប់រំ​ហាមឃាត់​មិន​ឱ្យ នាំ​គ្នា​បរបាញ់​សត្វ​ទាំងនោះ​ឡើយ​។

ពីព្រោះ​សត្វ​ទាំងនោះ​កំពុង​រង​ការ​វិនាស​ផុត​ពូជ បើសិន​គ្មាន​វិធានការ ការពារ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ​។ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ លោក យឹ​ម លី បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​៖ កិច្ច​ការងារ​ការពារ​អភិរក្ស​ពពួកសត្វ​ស្លាប មាន​សត្វ​ទុង​,​ក្រៀល​,​ក្រសា​,​ត្រដក់​, កាលពី​កន្លង​ទៅ​នេះ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តំបន់ការពារទេសភាព​អាង​ទឹក​ត្រពាំង​ថ្ម​បាន​ចុះ​ល្បាត​ចំណុច​ត្រពាំង​តា​មុ​ក និង​ធ្លាប់​បាន​ជួប​ប្រទះជនខិលខូច​ប្រព្រឹត្ត​បទល្មើស​ដើរ​ឆ្លុះ​សត្វ និង​បាន​ឃាត់ខ្លួន​៦​នាក់​យក​មក​អប់រំ​ធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព​បរបាញ់​សត្វព្រៃ​ក្នុង​តំបន់​អភិរក្ស​នេះ​និង​ដកហូត​កាំភ្លើង​ខ្យល់​៥​ដើម​ផង​ដែរ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]