ចិន៖ យ៉ាងហោចណាស់រថយន្តចំនួន ២គ្រឿង ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចូលក្នុងទឹកទន្លេ ក្រោយកើតមានហេតុការណ៍បាក់ស្ពានមួយកន្លែង កាលពីវេលារំលងអធ្រាត្រ (ម៉ោង២និង១២នាទីយប់) ឈានចូលថ្ងៃសុក្រ ទី១៤ មិថុនា នេះ ស្ថិតក្នុងទីក្រុង Heyuan ភាគខាងត្បូង ខេត្ត Guangdong ប្រទេសចិន។

បាក់ស្ពានឆ្លងកាត់ទន្លេនៅចិន

ជាក់ស្ដែង បើយោងតាមសេចក្តីរាយការណ៍ក្នុងស្រុកនាព្រឹកមិញនេះ ក៏បានឲ្យដឹងផងដែរថា ឧបទ្ទវហេតុដ៏ព្រឺព្រួចមួយនេះ ពិតជាបានលេបត្របាក់រថយន្តអស់ចំនួន ២គ្រឿង ធ្លាក់ចូលទៅក្នុងទន្លេ ខណៈមានតែមនុស្សតែម្នាក់ប៉ុណ្ណោះ ដែលត្រូវបានគេជួយសង្គ្រោះ ស្របពេលដែលជនរងគ្រោះផ្សេងទៀត ពុំទាន់មានការស្រាយបញ្ជាក់ពីការបាត់ខ្លួន និងរកឃើញនៅឡើយនោះទេ។

បាក់ស្ពានឆ្លងកាត់ទន្លេនៅចិន

មកទល់ពេលនេះ ជុំវិញនឹងករណីនេះ អាជ្ញាធរមានសមត្ថកិច្ចក៏កំពុងតែបើកប្រតិបត្តិការយ៉ាងក្តៅគគុក ដើម្បីស្វែងរកមនុស្សដែលបានបាត់ខ្លួនផងដែរ។ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ជុំវិញនឹងមូលហេតុនៃការបាក់រលំស្ពាននេះ ស្របពេលដែលមន្រ្តីជំនាញក៏កំពុងតែបន្តធ្វើការស៊ើបអង្កេត។

គួរឲ្យដឹងផងដែរថា បើយោងតាមនាយកដ្ឋានផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា Heyuan គឺជាទីក្រុងមួយ ដែលស្ថិតនៅក្នុងចំណោមតំបន់ងាយរងគ្រោះ ដោយទឹកជំនន់យ៉ាងធ្ងន់ធ្ងរជាងគេបង្អស់ ក្នុងខេត្ត Guangdong នេះ។

ព្រោះជាក់ស្ដែង កំឡុងព្យុះភ្លៀងខ្លាំងជាងមួយសប្តាហ៍មកនេះ តំបន់ក្នុងទីក្រុង Heyuan គឺបានរងផលប៉ះពាល់ និងជន់លិចជាដំណំ ដែលបង្កជាបញ្ហាលំបាកដល់ប្រជាពលរដ្ឋប្រមាណជា ២៨០,០០០នាក់ ហើយសូម្បីតែផ្ទះសំបែងប្រមាណជាង ៤,០០០ខ្នង ក៏ត្រូវបានដួលរលំផងដែរ៕

បាក់ស្ពានឆ្លងកាត់ទន្លេនៅចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]