ចិន៖ សិស្ស ៦នាក់រស់នៅក្នុងខេត្តសានដុងបាននិយាយថា អនាគតរបស់ពួកគេត្រូវរលាយអស់ បន្ទាប់ពីខកខានការប្រលងថ្នាក់ជាតិ ព្រោះតែជាប់នៅក្នុងជណ្តើរយន្តសណ្ឋាគារអស់ ៤០នាទី។

យោងតាមប្រភពបានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ពួកគេបានជាប់នៅក្នុងជណ្តើរយន្តសណ្ឋាគារមួយកន្លែងនៅក្នុងទីក្រុង Jining អស់រយៈពេល ៤០នាទី ពោលគឺចាប់តាំងពីម៉ោង ២:១៥នាទីថ្ងៃត្រង់ ដល់ម៉ោង ២:៥៥នាទីថ្ងៃត្រង់។

បន្ថែមពីនេះទៀត សិស្សម្នាក់នៅក្នុងចំណោមពួកគេនោះបាននិយាយថា ពួកគេបានសុំអង្វរបុគ្គលិកសណ្ឋាគារឱ្យប្តឹងប៉ូលិសដើម្បីសុំជំនួយផងដែរ ប៉ុន្តែត្រូវបានខាងបុគ្គលិកសណ្ឋាគារនោះធ្វើការបដិសេធ ដោយនិយាយថាស្ថានភាពនឹងត្រូវបានដោះស្រាយនៅក្នុងពេល ៥នាទីទៀត។

៥នាទីហើយ៥នាទីទៀត រហូតដល់ពួកគេត្រូវជាប់នៅទីនោះអស់រយៈពេលយ៉ាងយូរទើប ចុងក្រោយបុគ្គលិកសណ្ឋាគារនោះព្រមប្តឹងប៉ូលិសដើម្បីសុំជំនួយ។ មិនយូរប៉ុន្មានប៉ូលិសក៏បានមកដល់សណ្ឋាគារនេះដើម្បីជួយសង្រ្គោះពួកគេចេញពីជណ្តើរយន្តជាប់គាំងនេះ។

ប៉ុន្តែជាអកុសលវាហួសពេលបាត់ទៅហើយ ព្រោះពួកគេត្រូវទៅដល់បន្ទប់ប្រលងយ៉ាងណោចណាស់ក៏នៅក្នុងម៉ោង ២:៤៥នាទីថ្ងៃត្រង់ដែរ។ (នៅក្នុងប្រទេសចិន វិន័យគឺតឹងរឹងបំផុត បើសិស្សទៅប្រលងយឺតនោះ នឹងមិនអនុញ្ញាតឱ្យចូលបន្ទប់ប្រលងជាដាច់ខាត។)

យ៉ាងណាមិញ សិស្សម្នាក់បាននិយាយទាំងទឹកមុខក្រៀមក្រំថា អនាគតរបស់ពួកគេត្រូវរលាយទាំងស្រុង ព្រោះតែជួបរឿងចង្រៃបែបនេះ។

គួរឱ្យដឹងផងដែរថា នៅក្នុងប្រទេសចិន ការប្រលងថ្នាក់ជាតិគឺជារឿងដ៏សំខាន់បំផុតសម្រាប់ពួកគេ ព្រោះវាគឺជាផ្នែកដ៏សំខាន់ក្នុងការកំណត់អនាគត ជោគវាសនាតើថាគេអាចមានលទ្ធភាពរៀងនៅសាកលវិទ្យាល័យឬក៏អត់។

យ៉ាងណាមិញ ខាងសណ្ឋាគារក៏បានព្រមសងប្រាក់ជាការប៉ះប៉ូវចំពោះរឿងមួយនេះ ទៅដល់ឪពុកម្តាយរបស់ពួកគេចំនួន ៥,០០០យ័ន(៧២២ដុល្លារ)ផងដែរ។ ប៉ុន្តែត្រូវបានពួកគាត់ពុំពេញចិត្តចំពោះសំណងបែបនេះទេ ដោយអះអាងថាអនាគតរបស់កូនគាត់ត្រូវបំផ្លាញទាំងស្រុង។

បន្ថែមពីនេះទៀត អាណាព្យាបាលសិស្សម្នាក់បានប្រាប់អ្នកសារព័ត៌មានថា៖

«ពួកយើងទាមទារឱ្យមានការពន្យល់ច្បាស់លាស់ពីខាងសណ្ឋាគារ ប៉ុន្តែអ្នកតំណាងរបស់ពួកគេមិនបានបង្ហាញខ្លួននោះទេ។»

ដោយឡែក ខាងសមត្ថកិច្ចបាននិយាយថា ពួកគេនឹងធ្វើការស៊ើបអង្កេតចំពោះឧប្បត្តិហេតុនេះបន្ថែម ហើយនឹងជួយសិស្សទាំងនេះឱ្យប្រលងឡើងវិញ៕

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]