កំពត់៖ ជនឆបោកតាមប្រព័ន្ធទូរស័ព្ទ ក្រោមរូបភាព ត្រូវរង្វាន់ ឈ្នះឆ្នោត ឬទទួលបានតួនាទី ឋានន្តរស័ក្តិ ព្រមទាំងទូរស័ព្ទទៅរំខានមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាល កម្ពុជាមួយចំនួន នោះ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ (អ.ហ) លើផ្ទៃប្រទេសឃាត់ខ្លួនបញ្ជូនទៅតុលាការ ព្រមទាំងឃុំខ្លួនជា បណ្តោះអាសន្ននៅពន្ធនាគារព្រៃស។

នាយការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ គង់ សត្ថារិន បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ថា បន្ទាប់ពីទទួលបានពាក្យ បណ្តឹងពីប្រជាពលរដ្ឋជាច្រើនករណី ពាក់ព័ន្ធទៅនិងការឆបោក លុយ និងពេលខ្លះទៀតធ្វើការគំរាមតាមទូរស័ព្ទនោះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានចេញបញ្ជាដល់កងកម្លាំងអ.ហ ពាក់ព័ន្ធ ចុះសហការជាមួយកម្លាំង អ.ហ ខេត្តកំពត រហូត ឃាត់ជនកំហូចរូបនេះតែម្តង  កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ នៅផ្សារតានី ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត ។

បើតាមលោកវរសេនីយ៍ទោ គង់ សត្ថារិន ជនសង្ស័យ ដែលជាជនឆបោកតាមប្រព័ន្ធទូរស័ព្ទ និងធ្លាប់បានទូរស័ព្ទ ទៅរំខានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលផងនោះ មានឈ្មោះ នុត ណូ ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរមិនពិត ប្រាកដរស់នៅភូមិតាកុក ឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត។ ជនសង្ស័យរូបនេះ ធ្លាប់បានទូរស័ព្ទគំរាម ក៏ដូចឆ បោកយកលុយពីប្រជាពលរដ្ឋជាង១០ករណី ក្នុងនោះធ្វើបានសម្រេច ៧-៨ករណី។

បន្ទាប់ពីប្រតិបត្តិការស្រាវជ្រាវ និងឃាត់ខ្លួនដោយជោគជ័យ ក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី សៀ សម្បត្តិនាយករងស្នងការទទួលបន្ទុកការិយា ល័យស្រាវជ្រាវបទល្មើស ព្រហ្មទណ្ឌនោះ ជនសង្ស័យ នុត ណូ បានសារភាពនៅចំពោះមុខមន្រ្តី អ.ហ លើផ្ទៃប្រទេសថា ដោយមានគំនិតចង់បានប្រាក់ ដើម្បីយកទៅដើរលេង សប្បាយជាមួយមិត្តភក្តិ រូបគេបានទិញស៊ីមកាតគ្មានអត្តសញ្ញាណយកមកប្រើប្រាស់ងាយស្រួលក្នុងការទូរស័ព្ទ ទៅឆបោកគេ។ នុត ណូ បន្តថា រូបគេតែងចុចរាវលេខទូរស័ព្ទទៅជួបមនុស្ស ប្រុស-ស្រី ហើយធ្វើជាច្រឡំលេខ ហើយសុំរាប់អានគ្នា ដោយនិយាយបញ្ចុះបញ្ចូលលួងលោមឲ្យម្ចាស់ទូរស័ព្ទ ដោយលើកឡើងថា «បើរាប់អានគ្នា ស្មោះ សុំប្រគល់ ឬផ្ទេរប្រាក់ឲ្យខ្លួនតាមសេវាផ្ទេរប្រាក់ និងដកប្រាក់វីង (Wing)។

ជនសង្ស័យរូបនេះ បន្តថា បើម្ចាស់ទូរស័ព្ទណាមិនព្រមវេលុយ តាមគេចង់បានទេនោះ រូបគេនឹងទូរស័ព្ទទៅរំខាន ពី៣០-៤០ដងក្នុងមួយថ្ងៃ ថែមទាំងជេរប្រមាថប្រើពាក្យអសុរោះ ហើយនៅពេលម្ចាស់ទរស័ប្ទប្រតិកម្មនោះ ជន សង្ស័យបានតាំងខ្លួនជាកម្លាំងសមត្ថកិច្ចថែមទៀតផង។

លោកវរសេនីយ៍ទោ គង់ សត្ថារិន ហៅ ប៉េ៣ បានបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យរូបនេះ បានឆបោកសម្រេច ជាច្រើនលើកមកហើយ ដោយប្រើស៊ីមទូរស័ព្ទដែលទិញដោយមិនបានប្រើអត្តសញ្ញាណប័ណ្ណ។ លោក គង់ សត្ថា រិន ក៏បានសំណូមពរដល់អ្នកចែកចាយស៊ីមរបស់ក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ នៅពេលអតិថិជនទិញស៊ីម ត្រូវ មានអត្តសញ្ញាណប័ណ្ណ ឬសៀវវភៅគ្រួសារ ដើម្បីបញ្ជាក់អត្តសញ្ញាណ។

លោកក៏បានសំណូមពរដល់ប្រជាពល រដ្ឋ  និងមន្រ្តីរាជការទាំងអស់  កុំឲ្យចាញ់បោកគេនៅពេលមានជនអនាមិក ទូរស័ព្ទចូលហើយ ប្រើពាក្យឆបោកថា ត្រូវរង្វាន់ឆ្នោត ជាម៉ូតូ រថយន្ត ប្រាក់ ឬក៏បានតួនាទី បុណ្យសក្តិ មេដាយ តែជាថ្នូដោយឲ្យបងប្អូនកោសកាត ឬវេលុយឲ្យតាមវីងនោះ មិនត្រូវជឿ ឬចាញ់បោកឲ្យសោះ ព្រោះទាំងអស់នេះ សុទ្ធតែជាល្បិចបោកប្រាស់សម័យទំនើបរបស់ជនខិលខូច។

លោកវរសេនីយ៍ទោ គង់ សត្ថារិន បានបន្តថា ក្រោយឃាត់ខ្លួនជនកំហូចរូបនេះ  ត្រូវបានកសាងសំណុំរឿងទៅ បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ ព្រៃសកាល ពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៣៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]