ខេត្តព្រៃវែង ៖ កាលពីវេលាម៉ោង៣និង៤០នាទីរសៀលថ្ងៃទី១៣ មិថុនា សមត្ថកិច្ចបានចាប់ឃាត់ខ្លួនយុវជនម្នាក់នាំយកមកកាន់បញ្ជាការដ្ឋានខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដោយជាប់ចោទពីបទសេពសន្ថវៈ និងចាប់ពង្រត់អនីតិជនមិនទាន់គ្រប់អាយុ។
លោកឧត្តមសេនីយត្រី ឈួន គឹមសាន្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានអោយដឹងថា ការចាប់ឃាត់ខ្លួនយុវជនម្នាក់ខាងលើនេះធ្វើឡើង គឺបន្ទាប់ពីមានពាក្យបណ្តឹងរបស់ឈ្មោះ នីម ពុទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ ដែលត្រូវជាឪពុករបស់ក្មេងស្រីរងគ្រោះ ដែលបានប្តឹងចោទប្រកាន់ទៅលើជនសង្ស័យឈ្មោះ ណាង ឆៃដែន ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញថាបានលួងលោមក្មេងស្រីអាយុ១៣ឆ្នាំម្នាក់យកទៅរួមភេទ ហើយបន្តនាំយកមកលាក់ទុកនៅស្រុកកំណើតរបស់ខ្លួន ស្ថិតនៅភូមិសំឡាញ់ ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង។
លោកមេបញ្ជាការបានបន្តថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ឪពុកក្មេងស្រីរងគ្រោះកាលពីថ្ងៃទី១១មិថុនា រួចមក លោកបានបញ្ជាអោយកងកំលាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ការចាប់ឃាត់ខ្លួនយុវជនជាប់ចោទបាន ក្នុងពេលដែលជនសង្ស័យកំពុងនៅជាមួយក្មេងស្រីរងគ្រោះនៅនឹងផ្ទះរបស់ជនសង្ស័យ ស្ថិតក្នុងភូមិសំឡាញ់ ឃុំរការ ស្រុកពារាំង កាលពីវេលាម៉ោង៣និង៤០នាទី ថ្ងៃទី១៣ មិថុនា ២០១៩។
ក្រោយពីត្រូវបានឃាត់ខ្លួន យុវជនជាប់ចោទបានឆ្លើយសារភាពថា ខ្លួនពិតជាបាននាំក្មេងស្រីរងគ្រោះទៅរួមភេទបានសម្រេចចំនួន២ដងប្រាកដមែនកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បន្ទាប់មកក៏បាននាំក្មេងស្រីរងគ្រោះយកមកទុកនៅផ្ទះរបស់ខ្លួនឯស្រុកកំណើត ស្ថិតក្នុងភូមិសំឡាញ់ ឃុំរកា និងរស់នៅជាមួយគ្នារហូតដល់ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន យុវជនជាប់ចោទត្រូវបានឃាត់ខ្លួននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៤ មិថុនា ចំណែកក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារនាំយកទៅកាន់លំនៅដ្ឋានវិញហើយកាលពីថ្ងៃទី១៣ មិថុនា នោះ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]