កម្សាន្ត៖ ប្រិយមិត្ត ដែលចាប់អារម្មណ៍ទេថា តារាម៉ូដែលភាគច្រើន នៅពេលឡើងបង្ហាញម៉ូត លើឆាកម្តងៗ តែងតែមុខមាំៗ និងមិនដែលញញឹមសូម្បីបន្តិច បើទោះបីជា មនុស្សជាច្រើន កំពុងតែសម្លឹងមកមើលពួកគេក៏ដោយ។

តើនេះជាច្បាប់នៅក្នុងការបង្ហាញម៉ូត ឬក៏ដើមកំណើតរបស់ តារាម៉ូដែលបែបនេះ?

ដូច្នេះថ្ងៃនេះ កុំឲ្យឆ្ងល់តទៅមុខទៀត មកតាមដានហេតុផល ថាតើហេតុអ្វី តារាម៉ូដែល មិនដែលញញឹម?

១) គេតែងមានទ្រឹស្តីថា«បង្ហាញខោអាវ មិនមែនបង្ហាញសម្រស់»

ការបង្ហាញម៉ូត គឺផ្តោតសំខាន់ លើសម្លៀកបំពាក់ច្រើនជាង ដែលអ្នកច្នៃម៉ូត យកឈុតដែលពួកគេ ខំសម្រិតសម្រាំង ឲ្យស្លៀក។ ដូច្នេះហើយ អ្នកដឹកនាំកម្មវិធី តែងតែឲ្យ តារាបង្ហាញម៉ូត ដាក់អារម្មណ៍ ទៅតាមសម្លៀកបំពាក់របស់ពួកគេ ខ្លាំងជាងអ្វីទាំងអស់ ដើម្បីឲ្យ ទស្សនិកជន សម្លឹងមកសម្លៀកបំពាក់ពួកគេ មិនមែនសម្លឹងមើលមុខពួកគេនោះទេ។ ដូច្នេះហើយ ទើបតារាបង្ហាញម៉ូតភាគច្រើន អ្នកដឹកនាំកម្មវិធី មិនដែលខ្វល់ខ្វាយ មុខមាត់ ថាស្អាតនោះទេ សំខាន់តារាម្នាក់នោះ មានសមត្ថភាព និងចេះបង្ហាញម៉ូត ឲ្យទស្សនិកជន ចាប់អារម្មណ៍តែប៉ុណ្ណោះ។ 

រូបតំណាង

២) បើហ៊ានសើច អាចធ្វើឲ្យគ្រប់យ៉ាង ដូចជារឿងកំប្លែង និងអស់សំណើច

ជារឿងមួយ ដែលមនុស្សភាគច្រើន មិនដែលដឹងនោះទេ ថាគ្រាន់តែតារាបង្ហាញម៉ូត សើចតែបន្តិច នឹងធ្វើឲ្យគ្រប់យ៉ាង ក្លាយជារឿងអស់សំណើចទៅវិញ។ ក្នុងនោះដែរ ទើបតារាបង្ហាញម៉ូតត ព្យាយាមធ្វើយ៉ាងណា ក្លាយជាមនុស្សមុខមាំ មិនញញឹម រាល់ពេលនៅលើឆាកជានិច្ច ហើយយូរៗទៅ ពួកគេ នឹងទម្លាប់ ហើយបើសិន ពួកគេ សើចចៃដន្យ វាបែរជាគ្រប់គ្នា គិតថា ជារឿងចម្លែកទៅវិញ។ 

រូបតំណាង

៣) ធ្វើបែបនេះ មានទំនុកចិត្តខ្ពស់

ជាការពិត តារាបង្ហាញម៉ូត តែងតែប្រមូលផ្តុំអារម្មណ៍ រាល់ពេលដើរលើឆាក ដូច្នេះហើយ ពួកគេ មិនត្រូវសើចទេ ព្រោះវាអាចបែកអារម្មណ៍បាន។ ជាពិសេស ការធ្វើបែបនេះ ធ្វើឲ្យពួកគេ មានទំនុកចិត្តខ្ពស់ លើការបង្ហាញម៉ូតខ្លាំង ហើយនឹងធ្វើឲ្យ មនុស្សគ្រប់គ្នាមើលមកពួកគេ ជាមនុស្សមានតម្លៃ និងមានឥទ្ធិពលម្នាក់ យ៉ាងដូច្នោះដែរ។

មិនតែប៉ុណ្ណោះ គេក៏ចាត់ទុកថា ការបង្ហាញទឹកមុខបែបនេះ វាពិតជាមានស្តង់ដា និងមានអំណាចខ្លាំងណាស់ នៅពេលដើរម៉ូត៕

រូបតំណាង
រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]