កូរ៉េខាងត្បូង ៖ ថ្មីៗក្ដៅៗ បន្ទាប់ពីរឿងអាស្រូវគ្រឿងញៀន របស់តារាល្បី ផលិតកម្ម YG ទើបតែផ្ទុះឡើងមិនយូរប៉ុន្មាន ពេលនេះចាប់ផ្ដើមបែកធ្លាយការពិត ចេញមកម្ដងបន្តិចៗហើយ។

យ៉ាងណាមិញ យើងនៅមិនទាន់អាចស្មានដឹងនោះទេ ថាការពិតជាយ៉ាងណានោះ ប៉ុន្តែទៅតាមចម្លើយសារភាព របស់បុគ្គលដែលជាប់ពាក់ព័ន្ធ ពួកគេហាក់ដូចជា ព្យាយាមបង្ហាញថា ខ្លួនគឺពិតជាគ្មានកំហុសឡើយ។

គួរបញ្ជាក់ផងដែរថា តាំងពីថ្ងៃកើតរឿងភ្លាមៗ B.I អតីតប្រធានក្រុមចម្រៀង iKon ដែលជាបុគ្គលត្រូវគេចោទប្រកាន់ ពាក់ព័ន្ធនឹងគ្រឿងញៀន កាលពីឆ្នាំ ២០១៦ លោកបានចេញមុខសារភាពថា លោកពិតជាព្យាយាមស្វែងរកទិញ គ្រឿងញៀនពិតមែន ដោយសារតែកាលនោះ លោកមានបញ្ហាធុញថប់ច្រើន ប៉ុន្តែ B.I បានបញ្ជាក់ថា លោកមិនទាន់បានប្រើប្រាស់វា នៅឡើយទេ។ ដោយសារតែកំហុសមួយគ្រានោះ ធ្វើឲ្យលោកសម្រេចចិត្ត ដើរចេញពីផលិតកម្ម ភ្លាមៗតែម្ដង។

មុននេះបន្តិច សារព័ត៌មានកូរ៉េ ទើបតែបានចុះផ្សាយថា អ្នកដែលបានរាយការ រឿងរ៉ាវដែល B.I ព្យាយាមទិញគ្រឿងញៀន គឺគ្មានអ្នកណាផ្សេង ក្រៅពីស្រីស្អាត Han Seo Hee អតីតអ្នកហ្វឹកហាត់នៅផលិត YG ម្នាក់នេះទេ។ នាងត្រូវបានគេស្គាល់ថា ជាមុខសញ្ញាអ្នកដឹកជញ្ជូនគ្រឿងញៀនដ៏សកម្មម្នាក់ ទៅចែកចាយឲ្យទៅតារាល្បីៗ ហើយក៏ធ្លាប់បានហែកកេរ្តិ៍ តារាប្រុសល្បីៗជាច្រើននាក់រួចមកហើយ។

នៅព្រឹកថ្ងៃទី ១៤ ខែមិថុនា មុននេះបន្តិច នាង Han Seo Hee បានបង្ហោះសារយ៉ាងវែងអន្លាយមួយ ជាការបញ្ជាក់រឿងរ៉ាវលម្អិត ទាក់ទងនឹងបញ្ហានេះ។

ដំបូងនាងបានសរសេរថា ៖ «ពេលនេះ ខ្ញុំនៅក្រៅប្រទេស។ ខ្ញុំសុខសប្បាយទេ។ ខ្ញុំនឹងត្រលប់ទៅកូរ៉េវិញ ២ថ្ងៃទៀត។ កុំបារម្ភអី។ តាមពិតទៅ ខ្ញុំមិនបានដឹងទេថា ឈ្មោះខ្ញុំនឹងត្រូវបញ្ចេញឆាប់ៗបែបនេះ។ ខ្ញុំមិនបដិសេធទេ តែខ្ញុំពិតជាភ្ញាក់ផ្អើល និងភ័យខ្លាចខ្លះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំបានប្តេជ្ញាចិត្តហើយ ថានឹងលាតត្រដាងរឿងនេះ ដូច្នេះហើយកុំបារម្ភអី។ យ៉ាងណាមិញ ខ្ញុំមានរឿងចង់និយាយខ្លះពេលនេះ គឺវាជាការពិត ដែលខ្ញុំតែងតែរស់នៅ បែបសប្បាយៗ ចង់ធ្វើអ្វីក៏ធ្វើ ដូច្នេះសម្ដីរបស់ខ្ញុំអាចនឹងធ្វើឲ្យ មនុស្សមួយចំនួនខកចិត្ត។ ខ្ញុំដឹង ខ្ញុំទទួលស្គាល់ ប៉ុន្តែខ្ញុំនៅតែនិយាយវា។ ខ្ញុំដឹងច្បាស់ថា មនុស្សគ្រប់គ្នាមិនគិតដល់ទេ។ ហើយអ្នកទាំងអស់គ្នា ក៏មិនបានមើលខ្ញុំក្នុងផ្លូវល្អដែរ ប៉ុន្តែខ្ញុំពិតជាមិនបានលក់គ្រឿងញៀននោះទេ ខ្ញុំគ្រាន់តែប្រគល់វាឲ្យទៅអ្នកណាម្នាក់ ដែលបានទិញ នៅក្នុងតម្លៃដើមដែលអ្នកលក់ផ្សេងទៀតបានលក់។ ហើយខ្ញុំបានប្រគល់វា ឲ្យទៅ Kim Hanbin (B.I) ក្នុងតម្លៃដូចគ្នាផងដែរ។

ប្រសិនបើអ្នកហៅខ្ញុំថា ជាអ្នកលក់គ្រឿងញៀន នោះគឺវាមិនត្រឹមត្រូវទេ ព្រោះខ្ញុំមិនបានទទួលផលចំណេញអ្វីឡើយ។ បើសិនជាការស៊ើបអង្កេតនេះ ធ្វើឡើងអំពីការដឹកជញ្ជូន នោះខ្ញុំនឹងចូលខ្លួនទៅឲ្យស៊ើបសួរ ដោយស្មោះត្រង់ ព្រោះខ្ញុំជាអ្នកដឹកជញ្ជូនពិតមែន។ អ្វីដែលខ្ញុំព្រួយបារម្ភបំផុតនោះគឺ តើ Yang Hyun Suk (អ្នកគ្រប់គ្រងផលិតកម្ម YG) ចេញមុខដោះស្រាយរឿងដោយផ្ទាល់ទេ? គេបានគំរាមកំហែងខ្ញុំ ហើយបានរួមដៃជាមួយប៉ូលីសទៀតផង។ ទាំងនេះគឺជាចំណុចគន្លឹះសំខាន់ ខ្ញុំខ្លាចការពួកគេនឹងចង្អុលមកខ្ញុំតែម្នាក់។ នេះជាមូលហេតុដែលខ្ញុំសុំឲ្យ អ្នកទាំងអស់គ្នាមើលមកខ្ញុំ ហើយដកខ្ញុំចេញពីករណីនេះ។

ម៉្យាងវិញទៀត ខ្ញុំមិនដឹងថា តើវាសំខាន់ឬទេ ដែលខ្ញុំនិយាយរឿងនេះ នៅពេលនេះ។ ប៉ុន្តែខ្ញុំចង់ប្រាប់ថា ខ្ញុំបានព្យាយាមបញ្ឈប់ Kim Hanbin (B.I) រហូតដល់ទីបញ្ចប់ ... ថាកុំឲ្យធ្វើវា»។

ទាំងនេះជាអ្វីដែល Han Seo Hee បានសរសេរ មុនពេលដែលនាងមកដល់ប្រទេសកូរ៉េ ដើម្បីស្រាយបំភ្លឺរឿងនេះ ជាមួយប៉ូលីសផ្ទាល់។ ទោះបីមនុស្សជាច្រើន កំពុងតែចាប់អារម្មណ៍រឿងនេះខ្លាំង ប៉ុន្តែអត្រានៃអ្នកជឿសម្ដីនាង និងអ្នកមិនជឿ គឺមានចំនួនស្ទើរតែស្មើគ្នាទៅហើយ។ នេះគឺមកពីនាង ធ្លាប់បានបង្កើតពាក្យចចាមអារ៉ាមច្រើនពេក រហូតមហាជនស្ទើរតែ លែងជឿជាក់លើរូបនាងទៅហើយ៕

ចង់ដឹងថា រឿងរ៉ាវនឹងទៅជាយ៉ាងណា? សូមប្រិយមិត្តចង់ចាំតាមដានបន្តទៅទៀត។

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព​ Han Seo Hee
រូបភាព​ Han Seo Hee
រូបភាព​ ​B.I
រូបភាព​ ​B.I

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]